កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
16/09/2024 – 13:30
ដោយ៖ សឹម ចាន់សំណាង
RFI
អង្គការសម័្ពន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សហៅកាត់ លីកាដូបានបញ្ជាក់ថា មានមនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួន និងជាង៦០ នាក់ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំខ្លួនពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គម និងមានគម្រោងជួបជុំគ្នាដើម្បីជជែករឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមហៅកាត់ CLV-DTA។
តាមលីកាដូ មនុស្សជាង ៦០នាក់ត្រូវបានចោទប្រកាន់ និងកំពុងឃុំខ្លួនពាក់ព័ន្ធគម្រោង CLV
នៅលើគេហទំព័ររបស់ខ្លួនចេញផ្សាយថ្ងៃទី១៦ កញ្ញានេះ អង្គការលីកាដូលើកឡើងពីអ្នកដែលបានរងការចោទប្រកាន់ និងត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងគម្រោង CLV-DTA។ តាមលីកាដូ អ្នកត្រូវបានឃុំខ្លួន និងរងបទចោទប្រកាន់មានអាយុចន្លោះពី ១៦ឆ្នាំទៅ ៧០ឆ្នាំ ក្នុងនោះមាន អនីតិជនដែលមានអាយុក្រោម ១៨ឆ្នាំ ចំនួន ៤ នាក់។ អ្នកជាប់ឃុំភាគច្រើនរងបទចោទពីបទរួមគំនិតក្បត់ថាបានបង្កើតគម្រោងឡើងដើម្បីប្រព្រឹត្តអំពើឧបឃាតដែលអាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី ៥ ទៅ ១០ ឆ្នាំ។ ចំណែកអ្នកខ្លះប្រឈមនឹងបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ហើយអ្នកខ្លះទៀតប្រឈមនឹងបទចោទប្រកាន់ផ្សេងៗ។
ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នោះត្រូវបានអង្គការលីកាដូកត់សម្គាល់ឃើញថា យ៉ាងហោចណាស់មាន ៦នាក់ជាសមាជិកអង្គការ និងសមាគម មាន ៤នាក់ជាសកម្មជន និងមាន ១២នាក់ជាសកម្មជនគណបក្សប្រឆាំង។ រីឯអ្នកផ្សេងទៀតជាពលរដ្ឋដែលគ្រាន់តែបានបង្ហោះសារលើបណ្តាញសង្គម ឬក៏ជាការចង់ជួបជុំរបស់ពួកគេដើម្បីជជែកជុំវិញកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ តាមអង្គការលីកាដូដដែល ពួកគេកំពុងស្ថិតនៅក្នុងពន្ធនាគារនៅទូទាំងប្រទេសដែលក្នុងនោះ មានពន្ធនាគារភាគច្រើនកំពុងតែចង្អៀតណែនខ្លាំង និងលំបាកក្នុងការផ្តល់សេវាកម្មជាមូលដ្ឋានដល់អ្នកជាប់ឃុំច្រើនលើសលប់។
គួររម្លឹកថា ពាក់ព័ន្ធនឹងរឿងរ៉ាវជុំវិញគម្រោង CLV នេះត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបញ្ជាក់នាកន្លងទៅថ្មីៗនេះថា អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ១៨៨នាក់ដែលមានគម្រោងចង់ធ្វើបាតុកម្មផ្តួររំលំរដ្ឋាភិបាលស្របច្បាប់។ បន្ទាប់មក មានមនុស្សចំនួន ៥៧នាក់ក្នុងចំណោម ១៨៨នាក់ត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាពវិញក្រោយពីបានធ្វើការអប់រំណែនាំ។ ដោយឡែកនាពេលថ្មីៗកន្លងទៅ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងថ្នាក់តំបន់ រួមមាន Amnesty International និង Human Rights Watch រួមទាំងសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR បានចេញសេចក្តីថ្លែងការណ៍រិះគន់ និងថ្កោលទោសរដ្ឋាភិបាលកម្ពុជាពីបទបង្ក្រាបសំឡេងរិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាមហៅកាត់ CLV។

តែសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងថ្នាក់តំបន់កាលណោះត្រូវបានរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សច្រានចោល និងចាត់ទុកមានលក្ខណៈនយោបាយ បំភ្លើសការពិត និងដើរតួនាទីជាចៅក្រមជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕