អ្នក​វិភាគ និង មន្ត្រី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លើក​កម្ពស់​ប្រជាធិបតេយ្យ

ដោយ ទីន ហ្សាការីយ៉ា
2024.09.16
RFA

អ្នក​វិភាគ និង មន្ត្រី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លើក​កម្ពស់​ប្រជាធិបតេយ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបកណ្ដល​អាវដៃខ្លី) ចូលរួមកម្មវិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៦ កញ្ញា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


អ្នក​វិភាគ និង​មន្ត្រី​សិទ្ធិ​មនុស្ស​​ទាមទារ​ឱ្យ​​រដ្ឋាភិបាល​លើក​កម្ពស់​ប្រជាធិបតេយ្យ​​​​តាម​រយៈ​​​ការ​បើក​ឱ្យ​គណបក្ស​ប្រឆាំង​​​​ចូលរួម​ធ្វើ​នយោបាយ​ដោយ​គ្មាន​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​​បើក​លំហ​​សេរីភាព​ជា​មូលដ្ឋាន​រួម​ទាំង​សេរីភាព​ភាព​បញ្ចេញ​មតិ ដែល​អាច​ឱ្យ​ពលរដ្ឋ​គ្រប់​​រូប​ហ៊ាន​រិះគន់​ពី​ភាព​​អសកម្ម​របស់​រដ្ឋាភិបាល​​ជាដើម។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ។

អ្នក​វិភាគ និង​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ក្នុង​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​ ​នៅ​ថ្ងៃទី១៥ ខែ​កញ្ញា​ ថា​​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​គឺ​មាន​​សារសំខាន់​​​​​​ដើម្បី​ធានា​​ឱ្យ​មាន​ការ​រស់​នៅ​​​ប្រកប​ដោយ​​សុខ​​សន្តិភាព​ ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​​នីតិរដ្ឋ​ពិត​ប្រាកដ។

នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា​​​​​​​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​​​ឡើង​ចុះ​ និង​មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ​​​​​ ជាក់​ស្ដែង​​​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​មាន​ភាព​ប្រសើរ​គឺ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​​​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ឬ​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​​​ប្រកួត​ប្រជែង​​​យក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​។ លោក​ថា​​​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​មាន​ភាព​ទន់​ខ្សោយ​ខ្លាំង​គឺ​ដោយ​សារ​តែ​​​​​គណបក្ស​ប្រឆាំង​​​មិន​​​ទទួល​បាន​​លទ្ធភាព​ប្រកួត​ប្រជែង​​​​ស្មើគ្នា​ ​​​ស្ថាប័ន​ព័ត៌មាន​​​​ឯក​រាជ្យ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ និង​សិទ្ធិ​ពលរដ្ឋ​រង​ការ​រឹតត្បិត។

លោក ហេង គឹមហុង ស្នើ​ឱ្យ​រដ្ឋាភិបាល​​​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​វិញ​ គឺ​ដោយ​សារ​​​រដ្ឋាភិបាល​គឺ​ជា​តួ​អង្គ​ចម្បង​​ក្នុង​ការ​គោរព​ ​ការពារ​​ និង​លើក​កម្ពស់​ប្រជាធិបតេយ្យ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក ហេង គឹមហុង៖ «រដ្ឋាភិបាល​គឺ​ជា​អង្គ​មួយ​​ដែល​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​​ ជា​អ្នក​​ធានា​ក្នុង​របប​នយោបាយ​ ការ​ពារ​របប​នយោបាយ​ និង​រដ្ឋធម្មនុញ្ញ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ដូច្នេះ​អ្វី​ដែល​កម្ពុជា​គួរ​តែ​គិត​គូរ​ហ្នឹង​គឺ​ជំរុញ​ឱ្យ​​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ឡើង​វិញ​​ ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​​មួយ​ដោយ​សេរី និង​យុត្តិធម៌​ ធានា​ឱ្យ​មាន​សំឡេង​ភាគតិច​ ឬ​ក៏​មាន​ឱកាស​បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន​ ដើម្បី​បង្កើត​នូវ​ឱកាស​​បង្កើត​គោល​នយោបាយ​ប្រកប​ដោយ​បរិយាប័ន្ន»

ចំណែក​​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើក​ឡើង​ថា ថ្ងៃ​​​ទិវា​ប្រជាធិបតេយ្យ​​អន្តរជាតិ​​​គួរ​ជា​ថ្ងៃ​ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​​ គណបក្ស​ប្រឆាំង​ និង​រដ្ឋាភិបាល​​គួរ​ប្រារព្ធ​​​​​​​​​អបអរ​​ ប៉ុន្តែ​លោក​ថា​បច្ចុប្បន្ន​​​​ប្រធាន​បទ​​ទាក់ទង​នឹង​នយោបាយ​ សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ហាក់​លែង​​​មាន​ការ​ជជែក​ផុលផុស​ដូច​កាល​ពី​មុន​។ លោក​ថា​​​ភាព​ស្ងប់ស្ងាត់​នេះ​​គឺ​ដោយ​សារ​តែ​​រដ្ឋាភិបាល​បន្ត​​ចាប់​ខ្លួន​ទៅ​លើ​ពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ​ គឺ​​​បង្ហាញ​ឱ្យ​ឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​​កាន់​តែ​ធ្លាក់​ចុះ​​ជា​បន្ត​បន្ទាប់​​គឺ​ចាប់​តាំង​ពី​​​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​មក​។

លោក សេង វ៉ាន់លី ថា ដើម្បី​​ឱ្យ​​ប្រជាធិបតេយ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​​​ និង​ពង្រឹង​ឯកភាព​ជាតិ​នោះ​​ ដូច្នេះ​​ភាគី​ខាង​រដ្ឋាភិបាល​​គួរ​តែ​​​បើក​​​ឱ្យ​មាន​ការ​ជជែក​​ជា​មួយ​គណបក្ស​ប្រឆាំង​ដើម្បី​រក​ប្រយោជន៍​ជាតិ។ លោក​ថា ប្រទេស​កម្ពុជា​​ត្រូវ​តែ​​​លើក​កម្ពស់​ប្រជាធិបតេយ្យ​ដើម្បី​អ្នក​ដឹកនាំ​​​គោរព​តាម​សំឡេង​ពលរដ្ឋ​ និង​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​បាន។

លោក សេង វ៉ាន់លី៖ «ដោយ​សារ​តែ​យើង​ដឹង​ហើយ​ថា​លទ្ធិប្រជាធិបតេយ្យ​គឺ​ជា​គោលការណ៍​គ្រឹះ​ នៃ​ស្ថិរភាព​នយោបាយ​​ ឬ​​ដូចជា​មូលដ្ឋាន​គ្រឹះ​​នៃ​វិបុល​ភាព​​សេដ្ឋកិច្ច​ បើ​គ្មាន​ប្រជាធិបតេយ្យ​ទេ​ កម្ពុជា​នឹង​លង់​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ ឬ​ក៏​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​ ដូច្នេះ​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​ជាតិ​​ ជា​ពិសេស​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ការ​ជួប​ជុំ​ជជែក​ដេញដោល​ រក​វិធី​ណា​ធ្វើ​ម៉េច​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​​ អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី​ លោក មាស សោភ័ណ្ឌ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ កញ្ញា។

អង្គភាព​ស៊ើប​អង្កេត​សេដ្ឋកិច្ច​ ហៅ​កាត់​ថា អ៊ី.អាយ.យូ (Economist Intelligence Unit) បន្ត​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ជាប់​លេខ​១២១ ឬ​ជា​ប្រទេស​មាន​របប​ដឹក​នាំ​តាម​បែប​ផ្ដាច់ការ​សម្រាប់​ឆ្នាំ២០២៣ អាក្រក់​ជាង​ឆ្នាំមុនៗ ទៀត។

កន្លង​មក​ អ្នកជំនាញ​សិទ្ធិមនុស្ស និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​តែងតែ​ជំរុញ​ដល់​រដ្ឋាភិបាល​​របស់​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ជាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្ដារ​​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ដោះស្រាយ​បញ្ហា​សំខាន់ៗ ដូចជា វិបត្តិ​នយោបាយ បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles