វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់

កម្ពុជា
កម្ពុជា-អន្តោប្រវេសន៍
24/09/2024 – 13:09
ដោយ៖ អោ ស្រីពេជ្រ
RFI

កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប់កុមារវៀតណាមនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣ កញ្ញា និងថា តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកសម្រាប់កុមារវៀតណាមក្នុងខេត្តពោធិ៍សាត់នឹងត្រូវជួសជុល កែលម្អឡើងវិញ។

វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់


យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣កញ្ញា តំណាងកុងស៊ុលវៀតណាមលោក ង្វៀន ថាញ់វ៉ាន់ និងលោកឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា(VCBA) បានចុះទៅសិក្សាពីលទ្ធភាពបង្កើតកម្មវិធីគាំទ្រវិស័យអប់រំដល់កុមារវៀតណាម នៅស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កញ្ញា។ តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកនៅលើទន្លេសាបក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់នឹងត្រូវជួសជុល និងកែលម្អឱ្យកាន់តែល្អប្រសើរឡើង។ នេះបើតាម Vietnam News

លោក ង្វៀន ថាញ់វ៉ាន់ តំណាងកុងស៊ុលវៀតណាមប្រចាំកម្ពុជាចាត់ទុកការគាំទ្រវិស័យអប់រំដល់កុមារវៀតណាមរស់នៅកម្ពុជាជាការងារអាទិភាពមួយ ដើម្បីជួយឱ្យវៀតណាមអាចទទួលបានជីវិតកាន់តែប្រសើរឡើងនាពេលអនាគត។ ក្នុងន័យនេះ លោក ង្វៀន ថាញ់វ៉ាន់ បានស្នើឱ្យពលរដ្ឋវៀតណាមបញ្ជូនកូនៗទៅរៀននៅសាលារដ្ឋរបស់ខ្មែរដើម្បីឱ្យកុមារវៀតណាមអាចបញ្ចប់កម្មវិធីអប់រំទូទៅរបស់កម្ពុជា មានការទទួលស្គាល់ និងអាចបម្រើការងារដែលខ្លួនពេញចិត្ត។

កាសែត Vietnam News បានឱ្យ​ដឹងទៀតថា វៀតណាមនៅខេត្តពោធិ៍សាត់មានជីវភាពលំបាកដោយសារតែពួកគេភាគច្រើនពឹងផ្អែកតែលើការនេសាទសម្រាប់ចិញ្ចឹមជីវិត។ ចំណែកតំណាងកុងស៊ុលវៀតណាមបានប្រាប់ជនជាតិវៀតណាមដែលរស់នៅបឹងទន្លេសាបឱ្យគោរពច្បាប់មូលដ្ឋាន និងកុំបំពានច្បាប់កម្ពុជាឱ្យសោះ។ ក្រៅពីនេះ និងបើតាមលោក ង្វៀន ថាញ់វ៉ាន់ ពលរដ្ឋវៀតណាមត្រូវប្រឹងប្រែងសម្របខ្លួនចូលទៅក្នុងសង្គមខ្មែរ តាមរយៈការលើកកម្ពស់គុណភាពជីវិតរបស់ខ្លួន និងត្រូវចូលរួមចំណែកពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែប្រសើរ។

វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់
វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់ © មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់

គួរឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបង្ហាញថា នៅកម្ពុជាមានជនបរទេសជាង១១ម៉ឺននាក់ ដោយក្នុងនោះមានជិត៧ម៉ឺននាក់ជាជនជាតិវៀតណាម៕

What Next?

Recent Articles