ដោយ ទីន ហ្សាការីយ៉ា
2024.09.24
RFA

(រូបឯកសារ) លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេលបើកការដ្ឋានសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកការពារសិទ្ធិមនុស្សនិយាយថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនសមជាដឹកនាំស្ថាប័នបង្កើតច្បាប់ទេ ព្រោះថា លោកជាមេដឹកនាំរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស។
អ្នកការពារសិទ្ធិមនុស្សលើកបែបនេះ ក្រោយពីករណីថ្មីមួយទៀត គឺលោក ហ៊ុន សែន បានបញ្ជាឱ្យក្រុមការងារពិសេសរបស់ខ្លួន តាមចាប់សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ដែលកំពុងភៀសខ្លួននៅប្រទេសថៃយកមកកម្ពុជាវិញ ឱ្យខាងតែបាន ទោះជាក្នុងតម្លៃណាក៏ដោយ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាក់បទបញ្ជា ឱ្យតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងមួយរួប នៅប្រទេសថៃឱ្យបាន ទោះជាយកមកទាំងរស់ឬស្លាប់ក៏ដោយ។
សារបែកធ្លាយរបស់លោក ហ៊ុន សែន ជិត ២នាទី ដែលវិទ្យុអាស៊ីសេរីទទួលបាន លោក ហ៊ុន សែន ដែលកាន់អំណាចជិត ៤០ឆ្នាំ បានបញ្ជាក្រុមការងាររបស់លោក ឱ្យតាមចាប់ខ្លួនលោក ផន ផាន់ណា សកម្មជនគណបក្សប្រឆាំង យកមកកម្ពុជាវិញឱ្យបាន ទោះជាតម្លៃណាក៏ដោយ។
លោក ហ៊ុន សែន៖ «ផ្ញើជូនក្រុមការងារទាំងអស់ ដែលទាក់ទងធ្វើការនៅក្នុងប្រទេសថៃ ជាពិសេស កម្លាំងដែលធ្វើការទាក់ទងជាមួយកម្លាំងនគរបាលថៃ ត្រូវទៅតាមបំបាត់ចោលអាក្រុមរស់នៅប្រទេសថៃ និងធ្វើសកម្មភាព ក្នុងហ្នឹង មានអាមួយឈ្មោះ ផន ផាន់ណា។ អានេះមិនត្រូវឱ្យរួចទៅណាទេ។ កន្លងទៅ វារត់លាក់ខ្លួន ឥឡូវ នគរបាលបានស៊ើបដឹងនៅកន្លែងមួយហើយ។ ដាច់ខាត ត្រូវយកអាមួយនេះមកស្រុកខ្មែរឱ្យបាន។ មិនត្រូវឱ្យវារួចខ្លួនទេ! បើតាមដឹង វាកំពុងរៀបចំស្អីៗ ផ្សេងទៀត ដើម្បីបំផុសជាចលនាផ្សេងទៀត ហើយយើង ក៏មិនត្រូវឱ្យមួយនេះរួចខ្លួនដែរ»។
លោក ហ៊ុន សែន ត្រូវបានយូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch) ដាក់បញ្ចូលក្នុងចំណោមអ្នកដឹកនាំ ដែលឋិតក្នុងតំណែង តាមរយៈការប្រើប្រាស់អំពើហិង្សា ក្នុងចេតនានយោបាយ គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ គៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងមានការគាំទ្រពីបរទេស គឺរដ្ឋាភិបាលទីក្រុងហាណូយ (Hanoi) ដែលជ្រើសរើសលោកឱ្យកាន់តំណែង និងអាចបន្តតំណែងទៅមុខទៀត។ លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមមាន អំពើកាប់សម្លាប់ក្រៅច្បាប់ ការធ្វើទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការណ៍ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណៈមតិ។
ចំពោះបញ្ជាឱ្យចាប់ខ្លួនលោក ផន ផាន់ណា ដែលកំពុងលាក់ខ្លួននៅប្រទេសថៃ លោក ហ៊ុន សែន បង្គាប់ឱ្យកម្លាំងសម្ងាត់របស់លោកឱ្យសហការជាមួយក្រុមអាវក្រហមថៃ ដែលជាក្រុមគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកូនស្រីរបស់លោក កំពុងតែដឹកនាំរដ្ឋាភិបាលចម្រុះបច្ចុប្បន្ន។
លោក ហ៊ុន សែន៖ «អាហួតត្រូវទទួលខុសត្រូវទៅលើការងារនេះហើយត្រូវធ្វើការជាមួយនគរបាលថៃ ហើយក្រុមអាវក្រហមក៏ត្រូវតែចូលរួមដែលមានសហការល្អជាមួយយើងត្រូវធ្វើសកម្មភាពនេះផងដែរ។ ហើយត្រូវធ្វើសកម្មភាពដាច់ដោយឡែកពីនគរបាលថៃ និងកម្លាំងយើងផ្ទាល់បើទោះបីជា តម្លៃណាក៏ដោយរស់ ឬស្លាប់យើងមិនដឹងទេតែដឹងថា អាមួយហ្នឹងមិនអាចចេញទៅណាមិនឱ្យចេញទៅណាបានដូច្នេះត្រូវអនុវត្តវិធានការនេះជាបន្ទាន់ដាច់ខាតមិនឱ្យអា ផន ផាន់ណា នេះរួចខ្លួនបានទេសូមអនុវត្តភ្លាម»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងនៅថ្ងៃទី២៤ កញ្ញា ថា លោកមិនបានដឹងពីសំឡេងរបស់លោក ហ៊ុន សែន នេះទេ។ ប៉ុន្តែលោកអះអាងថា ជាគោលការណ៍ គណបក្ស មិនមានការបញ្ជាឱ្យចាប់មនុស្សពីក្រៅប្រទេស ទេ។
លោក ផន ផាន់ណា បានឱ្យវិទ្យុអាស៊ីសេរីដឹង កាលពីយប់ថ្ងៃទី២៤ ខែកញ្ញាថា លោកភ្ញាក់ផ្អើល នៅពេលឃើញសំឡេងលោក ហ៊ុន សែន បែកធ្លាយ ត្រូវបានគេចែករំលែក នៅលើបណ្ដាញសង្គម ដោយបញ្ជាឱ្យចាប់ខ្លួនលោក បញ្ជូនទៅកម្ពុជាវិញនេះ។ លោកបញ្ជាក់ថា លោកមិនបានធ្វើអ្វីខុសនោះទេ។
លោក ផន ផាន់ណា ជាសកម្មជនគណបក្សភ្លៀងទៀន។ លោក ត្រូវបានប៉ូលិសថៃចាប់យកទៅឃុំខ្លួនបណ្ដោះអាសន្ន ជាមួយមនុស្សពីរនាក់ទៀតគឺ លោក លឹម សុខា លោក គង់ រ៉ៃយ៉ា បម្រុងបញ្ជូនមកកម្ពុជាម្ដងរួចមកហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្តែ លោកត្រូវបានអាជ្ញាធរថៃដោះលែងវិញ ក្រោយពីការអន្តរាគមន៍ពី អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HUNHCR)។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សារសំឡេងរបស់លោក ហ៊ុន សែន នេះ គឺជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាព និងចង់កម្ចាត់សំឡេងអ្នករិះគន់ទាំងអស់កុំឱ្យសល់។ លោកបន្តថា លោក ហ៊ុន សែន មិនស័ក្ដិសមធ្វើជាមេដឹកនាំប្រទេសនោះទេ។
លោក ស៊ឹង សែនករុណា៖ «ការណ៍ដែលប៉ះពាល់ ឬក៏ខ្វែងគំនិត គ្នាមិនស្របជាមួយនិន្នាការនយោបាយ ឬមតិ ទស្សនៈអីផ្សេងៗ មិនមែនជាគេហៅថា យកគ្នាជាសត្រូវ ត្រូវតែតាមផ្ដន្ទាគ្នា ត្រូវតែចាប់ខ្លួន ត្រូវតែប្រើហិង្សាវាយដំជាដើម អាហ្នឹងវាមិនមែនជាមធ្យោបាយរបស់មេដឹកនាំប្រទេសមួយ ស្ថិតក្នុងការដឹកនាំក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស នោះទេ»។
ចំណែក អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកណ្ដាល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក លី ម៉េងឃាង ថ្លែងថា លោកបារម្ភពីសុខសុវត្ថិភាពនៅពេលលឺលោក ហ៊ុន សែន បញ្ជាតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងបែបនេះ។ លោកបន្តថា លោក និងសកម្មជនបក្សប្រឆាំងមួយចំនួនមិនបានរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់របស់លោក ហ៊ុន សែន ឡើយ។
រីឯអតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិនដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ខឹម មុន្នីកុសល ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនខ្លាចសារគំរាមរបស់លោក ហ៊ុន សែន នោះទេ។ លោក បន្ថែមថា ជារឿងដ៏អាម៉ាស់ដែលកម្ពុជាមានដឹកនាំដូចលោក ហ៊ុន សែន ដែលចូលចិត្តប្រើប្រាស់អំពើហិង្សាបែបនេះ។
នេះមិនមែនជាលើកទី១ ទេ ដែលរដ្ឋាភិបាលត្រកូល ហ៊ុន បញ្ជូនក្រុមការងារសម្ងាត់របស់ខ្លួន ទៅសហការជាមួយអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនសកម្មជនបក្សប្រឆាំង ឬអ្នករិះគន់ បញ្ជូនទៅកម្ពុជាវិញ។ មនុស្ស ដែលត្រូវលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនកន្លងមកពីប្រទេសថៃបញ្ជូនទៅកម្ពុជាវិញ រួមមាន អ្នកស្រី សម សុខា ដែលយកស្បែងជើងគប់លើផ្ទាំងរូបថតរបស់លោក និងមនុស្សពីរនាក់ទៀត គឺលោក វឿង សំណាង និងលោក វឿន វាសនា ហៅក្រញូងព្រៃឡង់ជាដើម។
ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានហៅសកម្មភាពរបស់លោក ហ៊ុន សែន នេះថា ជាសកម្មភាពផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។