ដោយ យ៉ង ចាន់តារា
2024.09.25
RFA

ប្រធានរដ្ឋសភាកម្ពុជា អ្នកស្រី ឃួន សុដារី (ឆ្វេង) ជួបប្រធានគណៈកម្មាធិការជាតិនៃប្រទេសចិនលោក វ៉ាង ហ៊ុននីង (Wang Huning) នៅប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកអ្នកស្រី ឃួន សុដារី
កម្ពុជា និងចិនបន្តប្រកាសអំពីការរឹតចំណងការទូត និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ព្រមទាំងអះអាងថា ទំនាក់ទំនងនៃប្រទេសទាំងពីរគឺជាមិត្តដែកថែបមិនអាចបំបែកបាន និងចេះជួយគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងឯករាជ្យគ្នា។ ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលចាត់ទុកទំនាក់ទំនងកម្ពុជា និងចិនបច្ចុប្បន្ន គឺស្ថិតក្នុងរូបភាពកូនចៅ និងចៅហ្វាយ ហើយតាមរយៈកិច្ចសហប្រតិបត្តិការមួយចំនួនចិនក៏មិនបានឈរលើគោលការណ៍គោរពអធិបតេយ្យកម្ពុជាដែរ។
រដ្ឋសភាកម្ពុជា និងប្រធានសភាតំណាងប្រជាជនចិន បានឯកភាពគ្នាបន្តជំរុញលើកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ភាគីកម្ពុជា និងចិនក៏បានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសភា ក្នុងគោលបំណងផ្លាស់ប្ដូរដំណើរទស្សនកិច្ចទ្វេភាគី កសាងសមត្ថភាព និងការចែករំលែកព័ត៌មានចំណេះដឹងនៅគ្រប់កម្រិត។ កម្ពុជាក៏បង្ហាញអំពីភក្ដីភាពរបស់ខ្លួនប្រាប់ទៅប្រទេសចិនអំពីការប្ដេជ្ញាថែរក្សាទំនាក់ទំនងទ្វេភាគី និងចាត់ទុកប្រទេសចិនគឺជាអ្នកមានគុណក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
ការបង្ហាញជំហររបស់កម្ពុជាបែបនេះធ្វើឡើងនៅក្នុងជំនួបរវាងប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី ជាមួយប្រធានគណៈកម្មាធិការជាតិនៃប្រទេសចិនលោក វ៉ាង ហ៊ុននីង (Wang Huning) នៅថ្ងៃទី២៤ ខែកញ្ញា ក្នុងពេលអ្នកស្រីកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ដែលដំណើរទស្សនកិច្ចនេះផ្ដោតសំខាន់លើកិច្ចការងារពង្រឹងនយោបាយការទូត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្នើដល់ប្រទេសចិនឱ្យជួយបន្តគាំទ្រសេដ្ឋកិច្ច នយោបាយ និងវិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងជំនួបដាច់ដោយឡែកមួយទៀតជាមួយប្រធានសភាតំណាងប្រជាជនចិនលោក ចាវ ឡឺជី (Zhao Leji) អ្នកស្រី ឃួន សុដារី ក៏បានស្នើសុំឱ្យភាគីចិន កៀរគរទេសចរចិន និងអ្នកជំនួញមកបោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ កម្ពុជា និងចិនអះអាងទៀតថា ទំនាក់ទំនងនៃប្រទេសទាំងពីរគឺជាគំរូភាពសម្រាប់អន្តរជាតិ ដោយសារតែប្រទេសទាំងពីរកសាងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឈរលើការគោរពអធិបតេយ្យ និងឯករាជ្យភាពគ្នាទៅវិញទៅមក។
ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់ថា គោលនយោបាយរបស់ចិនតែងតែកសាងទំនាក់ទំនងជាមួយប្រទេសក្រីក្រដូចជាកម្ពុជា តាមរយៈផ្ដល់ប្រាក់កម្ចីច្រើនលើសលប់ដែលអាចគ្មានលទ្ធភាពសងត្រឡប់ទៅវិញ ជាថ្នូរឱ្យចិនប្រើប្រាស់ជាឈ្នាន់សម្រាប់ពង្រីកឥទ្ធិពលនៅកម្ពុជា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា ទំនាក់ទំនងកម្ពុជា និងចិន បច្ចុប្បន្នគឺមិនមានតុល្យភាពក្នុងការផ្ដល់ផលប្រយោជន៍ដល់គ្នានោះទេ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា និងចិនសព្វថ្ងៃចិនប្រៀបដូចជាចៅហ្វាយ ហើយនៅពេលកម្ពុជាកាន់តែផុងខ្លួននឹងបំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច ចិនក៏អាចធ្វើអ្វីៗស្របតាមមហិច្ឆតារបស់ខ្លួនដូចជាការដាក់កងទ័ពឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមជាដើម។
លោក អ៊ុំ សំអាន៖ «ពេលដែលយើងមានទំនាក់ទំនងជាមួយចិនកាន់តែច្រើន យើងឃើញថា អ្នកវិនិយោគទុនភាគច្រើនជាអ្នកវិនិយោគទុនចិន អ្នកវិនិយោគទុនពីលោកខាងលិចមានតិច។ ចិនមានអ្នកវិនិយោគទុននៅកម្ពុជា ៧០ភាគរយ។ ក្រុមហ៊ុនចិនយើងដឹងហើយមកបំផ្លិចបំផ្លាញធនធានធម្មជាតិរ៉ែ បង្កើតជាក្រុមម៉ាហ្វីយ៉ា (Mafia) ក្រុមចាប់ជំរិត ក្រុមលាងលុយ ក្រុមដែលបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញជាដើម។ មួយទៀតនៅពេលដែលចិនមានឥទ្ធិពលនៅលើកម្ពុជា គឺកម្ពុជាបានដើរប្រាសចាកពីគោលការណ៍ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ កម្ពុជាបានរអិលចូលជាប្រទេសផ្ដាច់ការដោយសារតែចិនជាប្រទេសកុម្មុយនិស្ត គឺអត់ខ្វល់ខ្វាយពីប្រជាធិបតេយ្យនោះទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង និងតំណាងស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែកញ្ញា។
ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រទេសទាំងពីរប្ដេជ្ញា គាំទ្រនយោបាយការទូតដល់គ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ និងកសាងជោគវាសនានៃប្រទេសជាតិរួមគ្នា ស្របតាមកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដែលបង្កើតឡើងកាលពីអំឡុងឆ្នាំ២០២២។ អ្នកឃ្លាំមើលលើកឡើងថា ការណ៍ដែលកម្ពុជាប្រឹងប្រែងបង្កើនទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាមួយចិនតែម្ខាង នោះបង្ហាញថា គោលនយោបាយកម្ពុជាលម្អៀង និងពឹងដង្ហើមចិនកាន់តែខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមឥទ្ធិពលចិនហើយឈានទៅរកការដឹកនាំកាន់តែផ្ដាច់ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។