កម្ពុជា
កម្ពុជា-សង្គម
17/10/2024 – 12:06
ដោយ៖ សឹម ចាន់សំណាង
RFI
នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញអនុក្រឹត្យនៅថ្ងៃទី១៧ តុលានេះដោយលុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿន។ ការសម្រេចលុបឈ្មោះ និងការបញ្ចប់តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនរូបនេះធ្វើឡើង ក្រោយរកឃើញករណីជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ក្នុងខេត្តប៉ៃលិនកាលពីខែសីហាកន្លងទៅ។
លោក ហ៊ុន ម៉ាណែត លុបឈ្មោះមេបញ្ជាការរងខេត្តប៉ៃលិនពាក់ព័ន្ធការធ្វើទារុណកម្មស្លាប់ជនជាតិចិនម្នាក់
អនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៧ តុលានេះបានសម្រេចលុបឈ្មោះ វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ គួររម្លឹកថា មុននឹងទទួលបានតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿន ធ្លាប់ជាអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងធ្លាប់ត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តអំពើហិង្សាក្នុងសំណុំរឿងដីធ្លីដែលបណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់កាលពីឆ្នាំ២០២០។ កាលណោះ លោកត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ។

តែលោក ស ប៊ុនសឿង បានប្តឹងទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបងដោយទទួលបានការបន្ធូរបន្ធយទោសពីការជាប់ក្នុងពន្ធនាគារពី ៤ឆ្នាំមកនៅ ១ឆ្នាំកន្លះវិញ។ គឺនៅក្រោយចេញពីពន្ធនាគារ លោកស ប៊ុនសឿងដែលបានទទួលតំណែងថ្មីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន។
ការសម្រេចលុបឈ្មោះ និងការបញ្ចប់តួនាទីលោកស ប៊ុនសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនពេលនេះធ្វើឡើង ក្រោយរកឃើញករណីជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ក្នុងខេត្តប៉ៃលិនកាលពីខែសីហាកន្លងទៅ។ ដោយឡែក នៅក្នុងសំណុំរឿងស្លាប់ជនជាតិចិនម្នាក់នៅខេត្តប៉ៃលិនដែរ សមត្ថកិច្ចខ្មែរបានចាប់ខ្លួនជនជាតិចិន៥នាក់ ជនជាតិខ្មែរ២ និងកំពុងតាមរកចាប់មនុស្សពាក់ព័ន្ធ ២នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន៕