លោក ថាក់ស៊ីន ជួយប៉ូលីសឧក្រិដ្ឋកម្មថៃឲ្យ រកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅកម្ពុជា

កម្ពុជា
28/12/2024 – 10:34
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

ប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតថៃ កាលពីពេលថ្មីៗនេះ បានបើកការស៊ើបអង្កេតរបស់ខ្លួន និងបានរកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ប៉ូលីសថៃបើកការស៊ើបអង្កេត បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ដ្រីថៃចង្អុលបង្ហាញថា មានអគារមួយកន្លែង នៅព្រំដែនកម្ពុជា-ថៃ ជាមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។

លោក ថាក់ស៊ីន ជួយប៉ូលីសឧក្រិដ្ឋកម្មថៃឲ្យ រកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅកម្ពុជា


ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតថៃ បានលើកឡើងកាលពីថ្ងៃទី២៥ ធ្នូ ថា អគារ២៥ជាន់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត ពិតជាមូលដ្ឋានប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ការហ៊ានអះអាងរបស់ប៉ូលីសថៃយ៉ាងដូច្នេះ ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត និងចម្លើយសារភាពរបស់ជនសង្ស័យមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញថៃ Pattaya Mail នៅថ្ងៃសុក្រទី ២៧ធ្នូ។

លោកត្រៃរ៉ុង ភីវ៉ាន់ (Trairong Phiwpan) ប្រធានការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតថៃ បានបញ្ជាក់ថា ប៉ូលីសបានផ្ទៀងផ្ទាត់ភស្តុតាងដែលប្រមូលបានមកពីការស៊ើបអង្កេត និងសក្ខីកម្មរបស់ជនសង្ស័យ។ ជនសង្ស័យជាច្រើនក្នុងសំណុំរឿងនេះបានឆ្លើយសារភាពថា អគារ២៥ជាន់ក្នុងក្រុងប៉ោយប៉ែត្រនោះ គឺជាកន្លែងបណ្តុះបណ្តាល និងប្រើប្រាស់ដើម្បីប្រតិបត្តិការបោកប្រាស់អនឡាញ។ យោងតាមប៉ូលីសថៃដដែល អ្នកជួលអគារនោះ ជាជនជាតិចិន និងមានជនសង្ស័យចំនួន១២៥នាក់ ដែលត្រូវបង្ខំឱ្យធ្វើការបោកប្រាស់តាមអ៊ីនធ័រនែត។

ដោយសារសំណុំរឿងនេះស្ថិតនៅក្រៅដែនយុត្តាធិការរបស់ថៃ ប៉ូលីសការិយាល័យស៊ើបអង្កេតថៃថា បានអះអាងបញ្ជូនព័ត៌មានទាក់ទងនឹងមជ្ឈមណ្ឌលបោកប្រាស់អនឡាញនោះ ទៅកាន់នាយកដ្ឋានអាស៊ីបូព៌ាក្នុងប្រទេសចិន និងភាគីពាក់ព័ន្ធនៅក្នុងមហាអនុតំបន់មេគង្គ សម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីទាមទារឱ្យមានការសម្របសម្រួលឆ្លងដែន។

ពាក់ព័ន្ធរឿងនេះ វិទ្យុបារាំងអន្ដរជាតិRFI មិនអាចសុំការឆ្លើយតបពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ គិតត្រឹមរសៀលថ្ងៃទី២៨ ធ្នូនេះ។ លោក លី សុវណ្ណរិទ្ធ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI ថា លោកមិនទាន់បានទទួលព័ត៌មានស្តីពីការរកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញក្នុងក្រុងប៉ោយប៉ែត ដោយប៉ូលីសថៃនោះទេ។

លោកថាក់ស៊ីនជួយប៉ូលីសឧក្រិដ្ឋកម្មថៃឲ្យ រកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅកម្ពុជា
លោក ថាក់ស៊ីន ជួយប៉ូលីសឧក្រិដ្ឋកម្មថៃឲ្យ រកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅកម្ពុជា © pattaya mail

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា ក្នុងករណីអំពើឆបោកតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចក្រសួងមហាផ្ទៃមិនដែលព្រងើយកន្ដឿយឡើយ។ តាមអ្នកនាំពាក្យរងរូបនេះ កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវយុទ្ធនាការមួយដើម្បីបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ នៅតាមខេត្តគោលដៅសំខាន់ៗមិនថា ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ជាពិសេសនៅតាមបណ្តាខេត្តនៅតាមព្រំដែន ដែលមានមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ៕

What Next?

Recent Articles