កម្ពុជា
29/12/2024 – 10:19
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
កម្ពុជាលើកលែងទោសចំពោះស្ដ្រីស៊ីឈ្នួលពពោះជំនួស ជនជាតិហ្វីលីពិនចំនួន១៣នាក់ និងបានបញ្ជូនទៅប្រទេសកំណើតវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ការលើកលែងទោសស្ដ្រីពពោះទាំងនោះ ជាការឆ្លើយតបនឹងការស្នើសុំរបស់ក្រសួងការបរទេស ស្ថានទូតហ្វីលីពីន និងក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សហ្វីលីពីន កាលពីពេលថ្មីៗនេះ។
កម្ពុជាសម្រេចលើកលែងទោសចំពោះស្ដ្រីស៊ីឈ្នួលពពោះជំនួស ជនជាតិហ្វីលីពីន
ផ្អែកតាមក្រសួងការបរទេសហ្វីលីពីន ស្ដ្រីស៊ីឈ្នួលពពោះទាំង១៣នាក់ដែលកម្ពុជាបានលើកលែងទោស បានទៅដល់ទីក្រុងម៉ានីលដោយសុវត្ថិភាពហើយ នៅថ្ងៃទី ២៩ធ្នូនេះ។ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមដោះលែងស្ដ្រីពពោះទាំងនោះ ហើយព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យលើកលែងទោស នៅថ្ងៃទី ២៦ធ្នូ តបតាមសំណើរបស់ក្រសួងការបរទេស ស្ថានទូតហ្វីលីពីន និងក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សហ្វីលីពីន។
ក្រសួងការបរទេសហ្វីលីពីន បានចាត់ទុកការសម្រេចរបស់ភាគីកម្ពុជាថា ជាសក្ខីភាពមួយបញ្ជាក់ទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងហ្វីលីពីន និងកម្ពុជា។ ស្ថានទូតហ្វីលីពីនបន្ថែមថា នេះជាការប្តេជ្ញាចិត្តរួមគ្នាមួយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។
ក្រោយពីមាតុភូមិនិវត្តន៍របស់ស្ដ្រីជាម្ដាយទាំង១៣នាក់ ក្រសួងការបរទេសហ្វីលីពីនមិនភ្លេច ឆ្លៀត ក្រើនរំលឹកដល់សាធារណជនហ្វីលីពីនថា ការពពោះជំនួសត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា ហើយថា បើជនណាហ៊ានបំពាននឹងត្រូវទទួលទោសតាមច្បាប់កម្ពុជា។
ទោះបីជាស្ដ្រីទាំង១៣នាក់បានទៅដល់ហ្វីលីពីនហើយក្ដី តែបទល្មើសទាក់ទងនឹងស្ដ្រីពពោះមិនទាន់ចប់នៅឡើយទេនៅកម្ពុជា។ លោក អំ សំអាត នាយកប្រតិបត្តិរបស់អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា ពាក់ព័ន្ធករណីនេះ កម្ពុជា និងហ្វីលីពីនគួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដើម្បីស្វែងរកជន ឬក្រុមដែលធ្វើអាជីវកម្មលើការជួញដូរមនុស្ស តាមរយៈការពពោះជំនួសនេះ។ លោកបញ្ជាក់ថា ការបន្ដកិច្ចសហប្រតិបត្តិការ ជាការអនុវត្តច្បាប់របស់កម្ពុជាផង និងជាការទប់ស្កាត់មិនឱ្យមានបាតុភាពបែបនេះកើតឡើងទៀតនៅក្នុងតំបន់។

វិទ្យុបារាំងអន្ដរជាតិ RFI មិនអាចសុំការឆ្លើយបញ្ជាក់បន្ថែមពីលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សកម្ពុជាបានទេ នៅថ្ងៃអាទិត្យទី ២៩ធ្នូនេះ។ ប៉ុន្តែ លោកស្រីធ្លាប់បានលើកឡើងថា រឿងកើតឡើងលើទឹកដីកម្ពុជា កម្ពុជាត្រូវតែដោះស្រាយតាមនីតិវិធីច្បាប់ និងថា កម្ពុជាស្វាគមការសហការជាមួយភាគីហ្វីលីពីន ក្នុងការស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ក្នុងករណីជួលមនុស្សឱ្យពពោះជំនួសនេះ។
គួររម្លឹកថា ស្ត្រីហ្វីលីពីនទាំង១៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជារកឃើញ និងជួយសង្គ្រោះនៅខេត្តកណ្ដាល តាំងពីខែកញ្ញា ឆ្នាំ២០២៤ ហើយនៅថ្ងៃទី ២ធ្នូ តុលាការខេត្តកណ្ដាលបានកាត់ទោសឱ្យស្ដ្រីទាំង១៣នាក់នោះឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តកណ្ដាល ស្ដ្រីហ្វីលីពីនទាំង១៣នាក់ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារកក្នុងគោលបំណងលក់ដូរទៅឱ្យអ្នកទី៣ ជាថ្នូរនឹងទឹកប្រាក់ ដែលអំពើនេះត្រូវបានកំណត់ថា ជាបទល្មើសលក់ដូរមនុស្ស។ បទល្មើសនេះ បានប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕