ដោយ នៅ វណ្ណារិន
2024.12.29
RFA

ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
គិតមកដល់ចុងឆ្នាំ២០២៤ គឺមានរយៈពេលជិត១៨ ហើយដែលលោក ហ៊ុន ម៉ាណែត បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោក គឺលោក ហ៊ុន សែន។ ពលរដ្ឋមួយចំនួនធ្លាប់មានក្ដីរំពឹងថា លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីបស្ចិមប្រទេសនោះនឹងដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ខុសពីឪពុកដែលជាអតីតកម្មាភិបាលខ្មែរក្រហម ប៉ុន្តែក្ដីសង្ឃឹមនេះបានបាត់បង់បន្តិចម្ដងៗ។
ការបាត់បង់ក្ដីរំពឹងថា កម្ពុជានឹងគោរពសិទ្ធិមនុស្ស និងបើកលំហប្រជាធិបតេយ្យ គឺកើតឡើងក្រោយពីរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនពលរដ្ឋ យុវជន សកម្មជន អ្នកនយោបាយ និងមន្ត្រីការពារសិទ្ធិមនុស្សប្រមាណ ១រយនាក់ដាក់ពន្ធនាគារនៅឆ្នាំ២០២៤ ដោយសារតែការអនុវត្តសិទ្ធិរបស់ពួកគាត់។
កាលពីដើមខែមករា អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនអ្នកអធិប្បាយបញ្ហាសង្គម និងអ្នកជំនាញកសិកម្ម លោក នី ណាក់ ដាក់ពន្ធនាគារជាលើកទី២ ពីបទ «ញុះញង់» និងបទ «បរិហារកេរ្តិ៍» ក្រោយពីលោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ទទួលបានដីរដ្ឋនៅខេត្តកំពត។ លោក នី ណាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ និងឱ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួនប្រមាណ ៥ម៉ឺនដុល្លារអាមេរិក កាលពីខែវិច្ឆិកា។ អង្គការសិទ្ធិមនុស្សលីកាដូចាត់ទុកថា ករណីលោក នី ណាក់ ជាឧទាហរណ៍មួយនៃការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលព្យាយាមអនុវត្តសិទ្ធិបញ្ចេញមតិ និងបន្តនិយាយជាសាធារណៈអំពីបញ្ហាសង្គមសំខាន់ៗមួយចំនួន ទោះជាត្រូវទទួលរងការធ្វើទុក្ខបុកម្នេញយ៉ាងណាក៏ដោយ។
ដោយឡែកនៅខែមីនា វិញ ជនពិការ លោក ភុន យុទ្ធ ដែលធ្លាប់ជាប់ពន្ធនាគារចំនួន៥ខែម្ដងមកហើយពាក់ព័ន្ធនឹងការបញ្ចេញមតិ ត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត ដោយសារតែ លោករិះគន់បញ្ហាទីផ្សារការងារ និងបញ្ហាគ្រឿងញៀន។ ក្រោយមក លោក ភុន យុទ្ធ ដែលអង្គុយលើរទេះជនពិការ ត្រូវបានតុលាការខេត្តតាកែវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១៨ខែ កាលពីខែ វិច្ឆិកា។
រីឯនៅដើមខែមេសាវិញ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនលោកជាលើកទីពីរនៅទីស្នាក់ការសមាគមរបស់លោក ក្រោយលោកត្រឡប់ពីជួបក្រុមពលរដ្ឋមានទំនាស់ដីធ្លីដែលពួនក្នុងព្រៃ និងគេចពីការតាមចាប់របស់អាជ្ញាធរខេត្តព្រះវិហារកាលពីអំឡុងខែមីនា កន្លងទៅ។ លោក កើត សារ៉ាយ បានលើកឡើងទៅកាន់សារព័ត៌មានពីការលំបាករបស់ប្រជាពលរដ្ឋកំពុងរត់គេចខ្លួនក្នុងព្រៃនោះ ហើយលោកបានទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការដេញចាប់ប្រជាពលរដ្ឋ និងងាកមកស្វែងរកដំណោះស្រាយជូនពលរដ្ឋវិញ។ ទោះជាយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស លោក កើត សារ៉ាយ លើសំណុំរឿង «មិនរាងចាលក្នុងបទមជ្ឈិម» និងបទ «ញុះញង់» ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២លានរៀលកាលពីដើមខែវិច្ឆិកាកន្លងទៅ។
ចំណែកករណីនយោបាយវិញ អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ហើយសមត្ថកិច្ចបានបញ្ជូនលោក ទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់ លោក ស៊ុន ចន្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីលោកបញ្ចេញមតិរិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រមានការរើសអើង។
សម្រាប់ដើមខែកក្កដាវិញ តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនបរិស្ថាន១០ នាក់ឱ្យជាប់ពន្ធនាគារពី៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ ចំណែកសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួមមាន លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមខេត្តផ្សេងៗ គ្នា ភ្លាមៗបន្ទាប់ពីតុលាការប្រកាសសាលក្រម។ នៅថ្ងៃដដែលអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសតុលាការក្រុងភ្នំពេញដែលកាត់ក្ដីមិនស្របនឹងគោលការណ៍ច្បាប់ ខណៈដែលជាក់ស្ដែងសកម្មជនបរិស្ថានទាំងនេះធ្វើការដើម្បីសិទ្ធិទទួលបានបរិស្ថានស្អាត សុខភាព និងនិរន្តរភាព ដូច្នេះការខិតខំប្រឹងប្រែងរបស់ពួកគាត់គួរតែទទួលបានរង្វាន់ និងមិនសមទទួលបានការដាក់ទោសទណ្ឌនោះទេ។
នៅខែកក្កដាដដែលនេះ សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ៣នាក់ រួមមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ បន្ទាប់មកតុលាការក្រុងភ្នំពេញចោទពួកគាត់ពីបទ «ញុះញង់»។ ការចាប់ខ្លួន និងចោទប្រកាន់នេះក្រោយពួកគាត់លើកឡើងនៅក្នុងវីដេអូលើបណ្ដាញសង្គម ថាការសម្រេចរបស់រដ្ឋាភិបាលដាក់ខេត្តចំនួន ៤របស់កម្ពុជាក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នឹងអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីឱ្យទៅវៀតណាម។
សម្រាប់ខែសីហាវិញ សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៥នាក់ និងយុវជននៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនហៅកាត់ថា YRDP ចំនួន២នាក់រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា លោក ធី ថន កញ្ញា កាត់ ស៊ីណាត និងកញ្ញា នឿន ស្រីណែត កញ្ញា សើន ស្រីម៉ៃ លោក លោក ឈាង រិទ្ធី និងអ្នកស្រី សាក់ ពីបទ «រួមគំនិតក្បត់»។ ប៉ុន្តែក្រោយមកយុវជន២នាក់ក្នុងចំណោម៥នាក់ត្រូវបានដោះលែងវិញ ក្រោយពួកគេចេញវីដេអូសុំទោសទៅកាន់លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត។
ដោយឡែកនៅចុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលថៃចាប់ បញ្ជូនខ្លួនពលរដ្ឋកម្ពុជាមួយចំនួន៦នាក់ដែលទទួលបានឋានៈជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសថៃមកកម្ពុជាវិញ។ ក្នុងចំណោមពលរដ្ឋ ៦នាក់នោះ រួមមានសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង ព្រមទាំងពលរដ្ឋខ្មែរក្រោមចំនួន ៣នាក់ផងដែរ។ ហើយពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។ ទោះជាយ៉ាងណា ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចាត់ទុកការចាប់បញ្ជូនជនភៀសខ្លួនខ្មែរទាំងនេះជាអនុវត្តផ្ទុយឬរំលោភលើច្បាប់ជាតិ និងអន្តរជាតិ ក្នុងការធានាសិទ្ធិរបស់ជនភៀសខ្លួន ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី២៥ ខែធ្នូ ដោយលោកបានចុចបិទទូរស័ព្ទ។
ជុំវិញករណីនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា រដ្ឋាភិបាលនៅឆ្នាំនេះបានចាប់ខ្លួន និងកាត់ទោស ពលរដ្ឋ សកម្មជនបរិស្ថាន និងសកម្មជននយោបាយច្រើនជាងឆ្នាំមុនរហូតដល់ទៅ៣ដង។ លោកថា ការចាប់ខ្លួន និងការកាត់ទោសទៅលើពួកគាត់ទាំងនេះគឺធ្វើឡើងប្រាសចាកគោលការណ៍សិទ្ធិមនុស្ស។លោក នី សុខា៖ «គិតថាអ្វីដែលជាសកម្មភាពរបស់សកម្មជនទាំងអស់ហ្នឹងវាគ្រាន់តែជាការប្រើប្រាស់សេរីភាពក្នុងសម្ដែងមតិ សេរីភាពក្នុងការជួបជុំដែលស្របទៅហ្នឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យមិនមែនជាអំពើដែលខុសច្បាប់នោះទេ ហើយយើងក៏បានកត់សម្គាល់រឿងបញ្ហាទាំងអស់នោះដែរថាអ្នកទាំងអស់ហ្នឹងធ្វើការងារគ្រាន់តែដើម្បីផលប្រយោជន៍សង្គមក្នុងការបញ្ចេញមតិស្របទៅតាមគោលការណ៍នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសមួយដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរី»។
អង្គការការពារសិទ្ធិមនុស្សលើកឡើងថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តបំបិទសំឡេងអ្នកដែលរិះគន់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះទៀត រដ្ឋាភិបាលនឹងទទួលរងការរិះគន់កាន់តែធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។ ពួកគេថា ជាលទ្ធផល កម្ពុជាអាចប្រឈមទៅនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបបន្ថែមទៀត ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចពលរដ្ឋកាន់តែធ្លាក់ចុះដុនដាប ស្របពេលដែលគ្រួសារពលរដ្ឋខ្មែរភាគច្រើនកំពុងតែអត់ការងារធ្វើ និងជំពាក់បំណុលធនាគារវ័ណ្ឌកស្រាប់ទៅហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។