សកម្មជន​បរិស្ថាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​អ្នក​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​វល្លិ​រមៀត​នៅ​ខេត្ត​កោះកុង​ឱ្យ​បាន​តឹងរ៉ឹង

ដោយ យ៉ាង ចាន់តារា
2024.12.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​អ្នក​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​វល្លិ​រមៀត​នៅ​ខេត្ត​កោះកុង​ឱ្យ​បាន​តឹងរ៉ឹង

រូបភាព​អាជ្ញាធរ​ឃាត់​រថយន្ដ​សាំយ៉ុង​ដឹក​វល្លិរមៀត ស្ថិត​នៅ​មុខ​ទីស្នាក់ការ​បរិស្ថាន​វាលពីរ ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង ថត​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២៤។ រូបភាព​ទំព័រ​ហ្វេសប៊ុក​ក្រសួងបរិស្ថាន


សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង បង្ក្រាប​អ្នក​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​វល្លិ​រមៀត​ឲ្យ​បាន​តឹងរ៉ឹង បើ​ពុំ​ដូច្នេះ​ទេ ការ​រត់​ពន្ធ និង​ធ្វើ​អាជីវកម្ម​វល្លិ​រមៀត​នឹង​បន្ត​កើត​មាន​គ្រប់​កន្លែង​ជាក់​ជា​មិន​ខាន។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​ខេត្ត​កោះកុង បាន​បង្ក្រាប​រថយន្ត​សំាយ៉ុង​មួយ​គ្រឿង​ដឹក​ជញ្ជូន​វល្លិ​រមៀត ជាង​១​តោន ចេញ​ពី​តំបន់​អភិរក្ស​តាតៃ។

ក្រុម​អ្នក​ធ្វើ​ការ​ការពារ​ធនធាន​ធម្មជាតិ ទទូច​ឲ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​ជាប់​ពាក់ព័ន្ធ​រត់ពន្ធ​វល្លិ​រមៀត ដែល​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ស្រុក​កោះកុង ខេត្ត​កោះកុង។

អ្នក​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ថា លោក​សាទរ​ដែល​អាជ្ញាធរ​បាន​បង្ក្រាប​ការ​ជួញ​ដូរ​វល្លិ​រមៀត ហើយ​អាជ្ញាធរ​ត្រូវ​តែ​ស្វែង​រក​ទីតាំង​ធ្វើ​អាជីវកម្ម​វល្លិ​រមៀត ដើម្បី​បិទ​ទីតាំង​ទាំង​នោះ។ លោក​ថា នៅ​ពេល​មាន​អ្នក​ជួញដូរ​បែប​នេះ ប្រាកដ​ជា​មាន​អ្នក​ទិញ និង​មាន​កន្លែង​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​សិក្សា​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អាជីវកម្ម​នេះ​កើត​ឡើង​បន្ត​ទៀត។

លោក ម៉ា ចិត្រា៖ «ប្រសិនបើ​នៅ​ក្នុង​ខេត្ត​កោះកុង នៅ​តែ​មាន​បញ្ហា​វល្លិ​រមៀត​នេះ នៅ​តែ​បន្ត​កើត​មាន​ចរាចរណ៍​ការ​ទិញ​លក់​វល្លិ​រមៀត​នេះ ខ្ញុំ​គិត​ថា វា​អាច​ប្រទេស​កម្ពុជា​យើង​ធ្លាក់​ទៅ​ក្នុង​អន្លង់​មួយ​ជ្រៅ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​គ្រឿងញៀន អ៊ីចឹង​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​យក​ចិត្ត​ទុកដាក់​អំពី​បញ្ហា​នេះ​ឲ្យ​ខ្លាំង​មែនទែន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម​របស់​យើង​ទាំង​មូល»។

ការ​លើក​ឡើង​នេះ បន្ទាប់​ក្រសួង​បរិស្ថាន បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ថា មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត​ប្រភេទ​សាំងយ៉ុង ១​គ្រឿង ដែល​មាន​ដឹក​ជញ្ជូន​វល្លិ​រមៀត​ចំនួន​២០​បាវ ស្មើ​១​ពាន់​៣​រយ​(១៣០០) គីឡូក្រាម ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ ស្ថិត​នៅ​ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង។ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២​នាក់ និង​បាន​បញ្ជូន ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ដើម្បី​បន្ត​នីតិវិធី ប៉ុន្តែ​ក្រសួង​បរិស្ថាន មិន​បាន​បញ្ជាក់​ថា​ការ​ដឹក​ជញ្ជូន​វល្លិ​រមៀត​ទាំង​នោះ យក​ទៅ​ទីតាំង​ណា​នោះ​ឡើយ។

ក្រៅ​ពី​ការ​ជួញ​ដូរ​វល្លិ​រមៀត​នៅ​ខេត្ត​កោះកុង កាល​ពី​ដើម​ឆ្នាំ​២០២៤ ក៏​មាន​ក្រុម​ឈ្មួញ​មាន​អំណាច​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នាំ​គ្នា​លួច​រត់ពន្ធ​ដើម​វល្លិ​រមៀត យក​ទៅ​លក់​នៅ​ប្រទេស​ឡាវ ដោយ​ខុស​ច្បាប់ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ភ្លាម​ៗ បន្ទាប់​ពី​ពលរដ្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ​ជា​សាធារណៈ។

ដសស.jpg
រូបភាព​អាជ្ញាធរ​ឃាត់​រថយន្ដ​សាំយ៉ុង​ដឹក​វល្លិរមៀត ស្ថិត​នៅ​មុខ​ទីស្នាក់ការ​បរិស្ថាន​វាលពីរ ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង ថត​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២៤។ រូបភាព​ទំព័រ​ហ្វេសប៊ុក​ក្រសួងបរិស្ថាន

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា ការ​ជួញ​ដូរ និង​ធ្វើ​អាជីវកម្ម​ផលិត​វល្លិ​រមៀត គឺ​ជា​បទល្មើស​ឧក្រិដ្ឋ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​ស្វែង​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ពី​ខាង​ក្រោយ​ខ្នង​បន្ថែម​ទៀត ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ធានា​នូវ​ការ​ទប់ស្កាត់​កុំ​ឲ្យ​ការ​ជួញ​ដូរ និង​ធ្វើ​អាជីវកម្ម​វល្លិ​រមៀត​បែប​នេះ​កើត​ឡើង​ត​ទៅ​ទៀត។

លោក ហេង គឹមហុង៖ «ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​រក​មើល​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច្នេះ​អាជ្ញាធរ​គួរ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​បន្ថែម​ទៀត»។

នៅ​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ លោក ឈុត វុទ្ធី ក៏​ត្រូវ​បាន​មន្ត្រី​យោធា​ការពារ​ក្រុមហ៊ុន ធីមប័រ ហ្គ្រីន (Timber Green) បាញ់​សម្លាប់​នៅ​នឹង​កន្លែង ក្រោយ​ពី​លោក និង​អ្នក​កាសែត​ខេមបូឌា ដេលី (Cambodia Daily) ចុះ​ទៅ​ស៊ើប​អង្កេត​ការ​ធ្វើ​អាជីវកម្ម​ចម្រាញ់​វល្លិ​រមៀត​ដោយ​ខុសច្បាប់ នៅ​ត្រង់​ចំណុច​វាល​បី ដង​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ក្នុង​ស្រុក​កោះកុង ខេត្ត​កោះកុង ។

ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៦​ក្រុមហ៊ុន​ចិន ជីនយ័ន ហ្វីងលាន ត្រេដឌីង (Jinyian Huanglian Trading) និង​ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប (Chhay Ching Heang Group) បាន​សាងសង់​រោងចក្រ​កែច្នៃ​ដើម​វល្លិ​រមៀត ស្ថិត​នៅ​ឃុំ​ប្ញស្សីជ្រុំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​គ្រោង​ប្រមូល​វល្លិ​រមៀត នៅ​តំបន់​ការពារ​ធម្មជាតិ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង ។ ប៉ុន្តែ​ត្រូវ ក្រសួង​បរិស្ថាន​បញ្ជា​ឲ្យ​បិទ​កន្លែង​កែច្នៃ​វល្លិ​រមៀត​នោះ​វិញ​ភ្លាម បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ការ​ជួញ​ដូរ និង​ការ​ធ្វើ​អាជីវកម្ម​កែច្នៃ​វល្លិ​រមៀត​នេះ ពី​ព្រោះ​រុក្ខជាតិ​មួយ​ប្រភេទ​នេះ គេ​អាច​យក​ទៅ​ផលិត​ចេញ​ជា​គ្រឿងញៀន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​យ៉​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles