ជនភៀសខ្លួន​ខ្មែរ​នៅ​ថៃ​ដាក់​កម្រផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា

ដោយ ច័ន្ទ ដារ៉ូ
2025.01.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនភៀសខ្លួន​ខ្មែរ​នៅ​ថៃ​ដាក់​កម្រផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា

ពលករខ្មែររស់នៅប្រទេសថៃ​ដាក់កម្រងផ្កា​នៅទីតាំងដែលអតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវឃាតកបាញ់សម្លាប់​ កាលពីថ្ងៃទី១២ មករា ២០២៥។ រូប៖ ផ្ដល់ឱ្យ


តំណាង​ជនភៀសខ្លួន​នយោបាយ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដាក់​កម្រង​ផ្កា​រំលឹក​ខួប ៧ថ្ងៃ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ាង នៅ​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​រូប​លោក​ក្នុង​ទីក្រុង​បាងកក។ ពួកគាត់​ថា ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ជា​រឿង​នយោបាយ។

តំណាង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង ១០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ចេញ​ដាក់​កម្រងផ្កា​នៅ​លើ​សួនច្បារ ក្បែរ​វត្ត​បវ័ន្ដនិវេដ (Wat Bowonniwet Vihara) ក្នុង​ក្រុង​បាងកក ជា​ទីកន្លែង​ដែល​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក លិម គិមយ៉ា ថ្មីៗនេះ។

ជាមួយ​គ្នា​នេះ ពួកគាត់​បាន​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល និង​បួងសួង​សូម​វិញ្ញាណក្ខន្ធ​អតីត​តំណាងរាស្ត្រ​រូបនេះ​បាន​ទៅ​កាន់​សុគតិភព។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល​ប្រចាំ​ប្រទេសថៃ​លោក អែម ពិសិដ្ឋ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ក្រៅពី​តំណាង​ជនភៀសខ្លួន​ដាក់​កម្រងផ្កា​ហើយ លោក​មើល​ឃើញ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្បែរ​កន្លែង​ឃាតកម្ម​នោះ នាំគ្នា​ដាក់​ផ្កា ដាក់​ទឹក និង​អុជ​ធូប​ទៀន​ឧទ្ទិស​ជូន​លោក លិម គិមយ៉ា ជា​ហូរហែ​ដែរ។ លោក​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំ​ឡើង ដើម្បី​ឧទ្ទិស​បុណ្យ​ផង និង​បង្ហាញ​ការគោរព​ដឹងគុណ​ចំពោះ​លោក លិម គិមយ៉ា ដែល​លះបង់​កម្លាំង​កាយ​ចិត្ត​រហូត​បាត់បង់ជីវិត​ក្នុង​បុព្វហេតុ​ជាតិ និង​ពលរដ្ឋខ្មែរ​កន្លងមក។

លោក អែម ពិសិដ្ឋ៖ «យើង​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ដូចគ្នា អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន គឺ​យើង​អត់​​ចោល​លោកពូ លិម គិមយ៉ា ទេ ទោះបីជា​គាត់​ជា​អតីត​តំណាងរាស្រ្ត​ក៏​ពិត​មែន ប៉ុន្តែ​គាត់​បាន​មាន​ស្នាដៃ​ជាច្រើន​ជួយ​ប្រជាជន​ខ្មែរ​យើង។ ខ្ញុំ​គិត​ថា នេះ​មិនមែន​ជា​រឿង​ធម្មតា​ទេ ពីព្រោះ​ជា​អំពើ​ឃាតកម្ម​មួយ​ឆ្លង​ប្រទេស អ៊ីចឹង​វា​មាន​ការ​គំរាមកំហែង​ទៅលើ​ជនភៀសខ្លួន​ខ្មែរ​​ទៅទៀត គឺ​កុំ​មាន​សកម្មភាព​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​សម្របសម្រួល​ជនភៀសខ្លួន​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​លោក លឹម សុខា ថ្លែង​ថា​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប៉ុន្តែ​អ្នក​សម្លាប់ និង​អ្នកបញ្ជា​នៅ​ពីក្រោយ​ត្រូវតែ​ទទួល​ខុសត្រូវ ដោយ​មិន​ត្រូវ​លើកលែង​អ្នកណា​ម្នាក់​ឡើយ។ លោក លឹម សុខា បញ្ជាក់​ថា​ពលរដ្ឋខ្មែរ​ទូទៅ​មិន​ភ្លេចគុណ​លោក លិម គិមយ៉ា ដែល​អង់អាច​ក្លាហាន​បាន​លះបង់​ដើម្បី​ជាតិ​ទេ ហើយ​ករណី​នេះ​បាន​ដាស់តឿន​ស្មារតី​អ្នក​ប្រជាធិបតេយ្យ​គ្រប់រូប​ត្រូវ​ប្ដេជ្ញាចិត្ត​តស៊ូ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​បន្ត​ទៀត​ទើប​ជំរុញ​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក លឹម សុខា៖ «ខ្ញុំ​គិត​ថា​វា​ជា​ភេរវកម្ម​មួយ ក៏​សាហាវ​បំផុត​ទៅ​លើ​អ្នក​ប្រឆាំង​ដោយ​អហិង្សា តវ៉ា​ដោយ​ចុង​ប៊ិច។ ខ្ញុំ​ឧទ្ទិស​ដល់​គាត់​បើសិន​មាន​ជាតិ​មុខ​ពិត សូម​ឱ្យ​គាត់​កើត​មក​ជា​ខ្មែរ ហើយ​តស៊ូ​ដើម្បី​ប្រទេសជាតិ​ខ្មែរ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ»។

លោក លិម គិមយ៉ា មាន​អាយុ ៧៤​ឆ្នាំ ជា​អតីត​តំណាងរាស្ត្រ​មកពី​គណបក្សសង្គ្រោះជាតិ និង​មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​លើ​ដង​វិថី​មួយ ក្បែរ​វត្ត​បវ័ន្ដនិវេដ ស្ថិត​នៅ​ចម្ងាយ​ជាង ១គីឡូ​ម៉ែត្រ​ពី​ព្រះបរមរាជវាំង​របស់​ថៃ កាល​ពី​ថ្ងៃ​ទី៧ ខែមករា។

កាល​នៅ​មាន​ជីវិត លោក លិម គិមយ៉ា តែង​និយាយ​រិះគន់​ឥតសំចៃមាត់​ទៅលើ​ការដឹកនាំ​បែប​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដើម្បី​បុព្វហេតុ​ជាតិ និង​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ។ មតិ​រិះគន់​ដែល​លោក​លើកឡើង​ទាំង​នៅ​ក្នុង​រដ្ឋសភា និង​នៅពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន មាន​ដូចជា​បញ្ហា​អំពើ​ពុករលួយ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការរំលោភ​សិទ្ធិមនុស្ស បញ្ហា​បូរណភាព​ទឹកដី និង​ភាព​អសកម្ម​ក្នុង​ការងារ​របស់​ស្ថាប័នរដ្ឋ​ជាដើម។

សកម្មភាព​ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅ​កម្ពុជា​យ៉ាង​ស្វិតស្វាញ និង​ជំហរ​នយោបាយ​មិន​ងាករេ​របស់​លោក​បែបនេះ​ហើយ ទើប​ពលរដ្ឋខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ធ្វើ​បុណ្យ​រំលឹក​គុណ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ទាំងអស់​វែក​មុខ​អ្នក​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles