ដោយ ប្រាជ្ញ ចេវ
2025.01.14
RFA

កសិករនៅភូមិគោកធ្លក ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង តវ៉ាបិទផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១៣ មករា ២០២៤។ រូប៖ បណ្ដាញសង្គម
វិបត្តិតម្លៃស្រូវចុះថោកបណ្ដាល ក្រុមកសិករប្រមាណ ៦០នាក់ ដែលភាគច្រើនជាស្ត្រី នៅភូមិគោកធ្លក ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាតិលេខ៥ ទាមទារឱ្យមន្ទីរកសិកម្មខេត្តបាត់ដំបង រកដំណោះស្រាយ ជូនពួកគាត់។ កាលពីថ្ងៃទី១៣ ខែមករា ក្រុមកសិករបានយកគោយន្តមានដឹកបាវស្រូវ មកចតទទឹងផ្លូវជាតិលេខ៥ និងលើកបដា ទាមទារដំឡើងថ្លៃស្រូវ។
ពួកគាត់ថា បញ្ហាស្រូវចុះថោកនេះ ពលរដ្ឋបានបង្ហោះចែករំលែកនៅតាមសង្គមរួចហើយដែរ តើអាជ្ញាធរ បានដឹងរឿងនេះទេ?
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយពីអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បាននៅឡើយទេ នៅថ្ងៃទី១៣ ខែមករា។
ក្រុមកសិករឱ្យដឹងថា ក្រុមឈ្មួញបានទិញស្រូវពួកគាត់ត្រឹមតម្លៃពី៦០០រៀល ទៅ៧០០រៀល ក្នុងមួយគីឡូក្រាម តែកសិករស្នើឱ្យតម្លៃស្រូវនេះខ្ពស់ជាង ១ពាន់រៀលក្នុងមួយគីឡូក្រាមទើបអាចកសិករអាចចំណេញបានខ្លះ។
ក្រៅពីកសិករខេត្តបាត់ដំបង ជួបវិបត្តិស្រូវចុះថោកនេះ កសិករនៅខេត្តពោធិ៍សាត់ក៏ត្អូញត្អែររឿងស្រូវធ្លាក់ថ្លៃនេះដែរ។ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលរកដំណោះស្រាយ និងទប់ស្កាត់កុំក្រុមឈ្មួញទម្លាក់តម្លៃស្រូវតាមទំនើងចិត្តតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។