RFA
2025.01.14
RFA

រូបថតទាំងពីរ ជាជនជាតិខ្មែរ ឈ្មោះ លី រតនរស្មី មានឈ្មោះថៃ ហៅថា សុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) ដែលប៉ូលិសថៃកំពុងប្រមូលភស្តុតាងដាក់សុំដីកាចាប់ខ្លួន សង្ស័យពាក់ព័ន្ធករណីឃាតកម្មលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ Photo: RFA
សារព័ត៌មានថៃជាភាសាអង់គ្លេស ឈ្មោះ ខាវសុដ (Khaosod) ចេញផ្សាយនៅវេលារំលងអាធ្រាត្រចូលថ្ងៃទី១៤ មករាថា ប៉ូលិសតំបន់ឆាណាក់ សុងក្រាម (Chana Songkhram) នៃទីក្រុងបាងកក កំពុងប្រមូលភស្តុតាង ដើម្បីស្នើសុំដីកាតុលាការតាមចាប់ខ្លួនជនជាតិខ្មែរម្នាក់ គឺលោក លី រតនរស្មី ដែលមានឈ្មោះថៃ ហៅថា ស៊ុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) អាយុ ៤៣ឆ្នាំ។ការស្វែងរកការចាប់ខ្លួននេះ គឺស្ថិតក្រោមបទចោទចំនួន ៣ គឺ ទី១ បទឃាតកម្មគិតទុកជាមុន។ ទី២ ការកាន់អាវុធនៅទីសាធារណៈ ដោយខុសច្បាប់ និងទី៣ ការបាញ់កាំភ្លើងនៅក្នុងក្រុង។បទចោទទាំងនេះ គឺពាក់ព័ន្ធនឹងករណីឃាតកម្មនៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ដែលខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ម្នាក់។ អេកាឡាក់ ផែណយ ជាអតីតទាហានជើងទឹកថៃ មានរហស្សនាមថា ចា អឹម (Ja M = ពលបាល អឹម) បច្ចុប្បន្នប្រកបរបររត់ម៉ូតូឌុប។ ចា អឹម បានផ្ដល់អត្តសញ្ញាណបុរសម្នាក់ទៀត ឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ថា ជាអ្នកមានគុណ ធ្លាប់ផ្ដល់លុយកាក់ជួយលោក ក្នុងពេលកន្លងមក ហើយក៏ជាអ្នកទាក់ទងនឹងករណីឃាតកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។