ដោយ សុ ជីវី
2025.02.19
RFA

លោក ហ៊ុន ម៉ាណែត ថ្លែងសន្ទរកថា ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា និងថៃ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យអាស៊ី-អឺរ៉ុប (Asia Euro University) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងមិនខ្លាចប្រើកម្លាំងទ័ព ប្រសិនបើមានការឈ្លានពាន។
លោកថ្លែងបែបនេះ គឺសំដៅទៅលើស្ថានភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំក្នុងខេត្តឧត្តរមានជ័យ ជាទី ដែលយោធាខ្មែរ និងយោធាថៃ ប៉ះទង្គិចសម្តីគ្នា រហូតដល់មានការព្រមានផ្ទុះអាវុធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលប្ដេជ្ញាចិត្ត ក្នុងការទទួលខុសត្រូវ ការពារអធិតេយ្យជាតិ ព្រមទាំងដោះស្រាយបញ្ហាព្រំដែន ផ្អែកលើបច្ចេកទេស ច្បាប់ និងស្មារតីសហប្រតិបត្តិការ។
លោកស្នើឱ្យអ្នកនយោបាយមួយចំនួននៅកម្ពុជា និងអ្នកនយោបាយនៅប្រទេសថៃកុំយករឿងនយោបាយ មកឡូកឡំគ្នា រំខានដល់កិច្ចការងារដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ ដោយសន្តិវិធី។
លោក ហ៊ុន ម៉ាណែត៖ «ថាយើងធ្លាប់មានប្រវត្តិជូរចត់តាំងពី២០០៨លើ២០១១រួចទៅហើយ មិនចង់ឱ្យយកនយោបាយទៅលូកឡំធ្វើឱ្យកើនស្មារតីជាតិនិយមដែលយល់ខុស ធ្វើឱ្យស្លាប់ពីណា? គឺស្លាប់តែកងទ័ពយើង ហើយប្រជាពលរដ្ឋតំបន់នោះត្រូវជម្លៀសចេញទាំងអស់ត្រូវបិទព្រំដែន ដូច្នេះការពារជាតិនិងទឹកដីយើងត្រូវធ្វើទាំងអស់គ្នា»។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រឱ្យនិស្សិតនៅសកលវិទ្យាល័យអាស៊ី-អឺរ៉ុប (Asia Euro University ) នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៩ កុម្ភៈ។
បញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ កម្រើកឡើងវិញក្រោយពី មានជម្លោះពាក្យសម្ដីរវាងយោធាខ្មែរ និងថៃនេះ កាលពីពេលថ្មីៗនេះ នៅគ្រាដែលទាហាន និងពលរដ្ឋខ្មែរមួយក្រុម បានច្រៀងចម្រៀងជាតិខ្មែរ បទ«ដែនដីសុវណ្ណភូមិ»នៅបរិវេណប្រាសាទតាមាន់ធំ កាលពីថ្ងៃទី ១៣ កុម្ភៈ។
ជាមួយគ្នានោះដែរ ទាហានថៃមួយក្រុម ដែលឈរជើងយាមនៅប្រាសាទតាមាន់ធំ បានរារាំងពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងជាតិ បង្ហាញពីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណប្រាសាទតាមាន់ធំនោះឡើយ។
ទាក់ទងបញ្ហានេះដែរ អភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា កាលពីថ្ងៃទី១៨ កុម្ភៈ បានចុះទៅដល់តំបន់ប្រាសាទតាមាន់ធំដើម្បីសម្របសម្រួលបន្ធូរភាពតានតឹងរវាងទាហានខ្មែរនិងថៃ។ ក្រោយជួបជាមួយភាគីថៃ លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំបានវិលត្រឡប់ទៅធម្មតាវិញហើយ។
ចំណែកនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផៃថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានសារព័ត៌មានថៃបាងកកប៉ុស្តិ៍ (Bangkok Post) រាយការណ៍កាលពីថ្ងៃទី១៨ កុម្ភៈ ថា អ្នកស្រីមិនទាន់មានប្រតិកម្មខ្លាំងក្លា ចំពោះហេតុការណ៍កើតឡើងនៅតំបន់ប្រាសាទតាមាន់ធំនៅឡើយ។ អ្នកស្រីគ្រាន់តែបានឆ្លើយតបខ្លីៗ ទៅកាន់អ្នកកាសែតថា វាគ្មានបញ្ហាអ្វីទេ ហើយអ្នកស្រីថា នឹងធ្វើទស្សនកិច្ចមកកាន់កម្ពុជាក្នុងពេលឆាប់ៗ នេះ។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ពន្យល់ថា ផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅលើភ្នំដងរែក គឺឋិតក្នុងទឹកដីរបស់ខ្មែរ។
អត្ថបទដែលទាក់ទង៖
មន្ត្រីយោធាថៃដាក់លិខិតតវ៉ាមកកម្ពុជា រឿងពលរដ្ឋខ្មែរច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំ
ថៃនៅតែពន្យារពេលដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ
ស្ថានការណ៍នៅតំបន់ព្រះវិហារ បន្ទាប់ពីតុលាការអន្តរជាតិបកស្រាយសាលក្រម
នាយករដ្ឋមន្ត្រីថៃថា កម្ពុជានឹងមិនមានបញ្ហានឹងរឿងកោះគជ់ទេ
លោក អ៊ុំ សំអាន ថា កម្ពុជាមានភស្តុតាង និងឯកសារគ្រប់គ្រាន់បន្សល់ទុក ពីសម័យអាណានិគមបារាំង ដែលកម្ពុជាអាចទាមទារប្រាសាទទាំងនេះពីភាគីថៃតាមយន្តការអន្តរជាតិ ដូចគ្នានឹងប្រាសាទព្រះវិហារដែរ។
លោក អ៊ុំ សំអាន៖ «មុនឆ្នាំ២០០៨គឺអត់មានថៃនៅតំបន់ប្រាសាទតាមាន់ទេ ហើយប្រាសាទតែក្របីក៏អត់មានដែរ។ ក៏ប៉ុន្តែសង្គ្រាមខ្មែរ–ថៃឆ្នាំ២០០៨នឹងគឺលោក ហ៊ុន សែន ចរចាដកទ័ពរៀងៗ ខ្លួនឱ្យថៃមកគ្រប់គ្រងប្រាសាទតាមាន់តូចតាំងពីពេលនោះតែម្ដងទៅ។ ហើយលោកគួរតែប្ដឹងករណីនេះទៅតុលាការអន្តរជាតិ ទាំងប្រាសាទតាមមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងកោះគជ់ គឺដឹងតែបានមកវិញហើយមិនចាំបាច់ចំណាយកម្លាំងទ័ពតបតទេ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត គាំទ្រការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះដោយឈរលើស្មារតីជាតិនិយម ការពារបូរណភាពទឹកដី ក៏ប៉ុន្តែលោកលើកទឹកចិត្តឱ្យប្រមុខរដ្ឋាភិបាលរូបនេះត្រូវក្លាហាន រៀបចំឯកសារ ប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ បូករួមទាំងករណីកោះគជ់ផងដែរ។
លោក ម៉ែន ណាត៖ «សូមបញ្ជាក់ជូនលោក ហ៊ុន ម៉ាណែត ថាកុំបន្តការចរចាទ្វេភាគីតទៅទៀត ព្រោះវាអត់ប្រយោជន៍អីទេ។ ភាគីថៃដែលគេយកបានហើយគេមិនឱ្យយើងវិញទេ ត្រូវចងចាំទុកក្នុងចិត្តទៅក្នុងនាមជាមេដឹកនាំ»។
ប្រាសាទតាមាន់ធំ កសាងឡើងក្នុងសតវត្សរ៍ទី១១ ដោយអតីតព្រះមហាក្សត្រខ្មែរក្នុងសម័យអង្គរ ឋិតលើជួរភ្នំដងរែក ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ខេត្តសុរិន្ទ (Surin) ប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។