កម្ពុជា
កម្ពុជា-ថៃ-ឆបោកអនឡាញ
01/03/2025 – 10:02
ដោយ៖ ជួប នរក្សា
RFI
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃសុក្រទី២៨កុម្ភៈ បានធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តស្រះកែវ ដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជា។ ជាដំណើរទស្សនកិច្ច ដើម្បីពិនិត្យមើលពី យុទ្ធនាការបង្រ្កាបការឆបោកអនឡាញនៅតាមតំបន់ព្រំដែនរវាងថៃនិងកម្ពុជា។ បើតាមនាយករដ្ឋមន្ត្រីថៃ អាជ្ញាធររបស់ខ្លួន ត្រូវរឹតបន្តឹងការឆ្លងដែនដោយខុសច្បាប់នៅតាមតំបន់ព្រំដែន។
នាយករដ្ឋមន្ត្រីថៃមកមើលព្រំដែនក្បែរកម្ពុជា ដើម្បីជំរុញឲ្យបង្កើនការរឹតបន្តឹងឆ្លងដែន
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មកកាន់ខេត្តស្រះកែវ ព្រំដែនជាប់កម្ពុជា ធ្វើឡើងតែជាងកន្លះខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមិថាម វីឆាយ៉ាឆៃ បានចុះមកពិនិត្យតំបន់ព្រំដែនកម្ពុជាថៃ អំពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។
ជាលទ្ធផលនៃការបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់ព្រំដែនជាមួយកម្ពុជា អាជ្ញាធរថៃបានអះអាងថា ខ្លួនបានបិទបង្គោលសញ្ញាចល័តនៅតាមតំបន់ព្រំដែនដែលគ្របដណ្តប់លើស្រុកចំនួន ៤ ចាប់ពីស្រុកតាប្រាយ៉ា ស្រុកខុកស៊ុង ស្រុកអារញ្ញប្រាថេត និងស្រុកខុងហាត។ ក្នុងចំណោមបង្គោលសញ្ញាចល័តចំនួន១១៨ អាជ្ញាធរថៃរកឃើញថា មាន៧០បង្គោលទទួលបានការអនុញ្ញាត ខណៈដែល៤៨បង្គោលទៀតគ្មានអាជ្ញាបណ្ណ។
នៅចំពោះមុខនៃការចុះមកពិនិត្យដោយផ្ទាល់ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានដាក់បញ្ជាឲ្យអាជ្ញាធរតាមដានការតភ្ជាប់បណ្តាញអ៊ីនធឺណែតដោយយកចិត្តទុកដាក់បំផុត។ បន្ថែមពីនេះ មន្ត្រីអន្តោប្រវេសន៍ ត្រូវពិនិត្យឲ្យម៉ត់ចត់នូវករណីពលករចំណាកស្រុក ដែលអាចផុងខ្លួនទៅជាជនរងគ្រោះនៃឧក្រិដ្ឋកម្មឆបោកនៅតាមតំបន់ព្រំដែនជាមួយកម្ពុជា ឡាវ ភូមា និងម៉ាឡេស៊ី។ នេះបើតាមនាយករដ្ឋមន្ត្រីថៃដដែល។
គួរឲ្យដឹងថា វិធានការក្តៅរបស់អាជ្ញាធរថៃ ធ្វើឡើងក្រោយពេលដែលខ្លួនបានកាត់ផ្តាច់ប្រព័ន្ធផ្តល់សេវាទូរគមនាគមន៍ទៅមជ្ឈមណ្ឌលឆបោកអនឡាញនៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរថៃស្រាវជ្រាវឃើញថា ក្រុមបោកប្រាស់អនឡាញក្នុងក្រុងប៉ោយប៉ែតបានប្រើប្រាស់បណ្ដាញអ៊ីនធ័រនែត និងប្រព័ន្ធទូរស័ព្ទពីប្រទេសថៃដើម្បីប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញខុសច្បាប់។

តែយ៉ាងណាមិញ លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍របស់ថៃគ្មានប៉ះពាល់អ្វីដល់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតឡើយ ព្រោះពួកគេមានសេវាទូរគមនាគមន៍ប្រើប្រាស់ខ្លួនឯងនៅតំបន់នោះ។
បើតាមអ្នកនាំពាក្យរូបនេះ អ្នកដែលប៉ះពាល់ គឺក្រុមហ៊ុន ឬកាស៊ីណូនៅព្រំដែនក្រុងប៉ោយប៉ែតណាដែលភ្ជាប់សេវាទូរគមនាគមន៍មកពីប្រទេសថៃ៕