កម្ពុជា
បាតុកម្ម-កោះគុត
02/03/2025 – 08:55
ដោយ៖ សឹម ចាន់សំណាង
RFI
ជាថ្មីម្តងទៀត ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងបានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នាថ្ងៃអាទិត្យ ទី២មីនានេះ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យបណ្តឹងក្នុងសំណុំរឿងកោះគុតទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ បើតាមក្រុមបាតុករនៅប្រទេសកូរ៉េខាងត្បូង ការទាមទារនេះមិនមែនត្រឹមតែលើសំណុំរឿងកោះគុតនោះទេ ប៉ុន្តែក៏ស្នើដល់រដ្ឋាភិបាលឲ្យដោះលែងសកម្មជននយោបាយ បរិស្ថាន និងសង្គមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារផងដែរ។
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបន្តបាតុកម្មទាមទាររដ្ឋាភិបាលប្តឹងករណីកោះគុតទៅតុលាការ ICJ
ក្នុងបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី២ ខែមីនានេះ ដែលមានអ្នកចូលរួមរាប់រយនាក់រួមទាំងលោកស្រី មួរ សុខហូរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ពួកគេបានលើកបដាសរសេរថា «ទាមទារឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិករណីកោះគុត» និង «ដោះលែងអ្នកទោសមនសិកា ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ បើតាមការអះអាងរបស់ក្រុមបាតុករខ្មែរទាំងនោះ ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាលើកយកសំណុំរឿងកោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ និងលុបចោលអនុស្សារណៈយោគយល់(MoU) រវាងកម្ពុជា និងថៃ ពាក់ព័ន្ធរឿងកោះគុតកន្លងមក។
ចំពោះក្រុមអ្នកតវ៉ា កម្ពុជាក៏មានចំណែកមួយផ្នែកក្នុងការគ្រប់គ្រងកោះគុតដែរ។ ក្នុងន័យនេះ ពួកគេសង្កត់ធ្ងន់ថា មានតែការធ្វើបាតុកម្មប៉ុណ្ណោះទើបអាចដាស់តឿនរដ្ឋាភិបាលកម្ពុជា ឲ្យប្តឹងយកបញ្ហាកោះគុតជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈបច្ចុប្បន្នថៃកំពុងកាន់កាប់លើកោះមួយនេះ។ ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា បញ្ហាដែលក្រុមបាតុករនៅកូរ៉េខាងត្បូងបានលើកឡើងមានលក្ខណៈដដែលៗ និងថារាជរដ្ឋាភិបាលបានពន្យល់ប្រជាពលរដ្ឋជាសាធារណៈរួចរាល់ហើយជុំវិញករណីកោះគុត។
ចំពោះលោក ប៉ែន បូណា បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េនាពេលនេះ បានសបញ្ជាក់ពីបរាជ័យយ៉ាងអាម៉ាស់របស់ក្រុមប្រឆាំង ដែលមិនអាចគៀរគរមនុស្សឲ្យចូលរួមបាតុកម្មបាន ពោលគឺតិចជាង១% នៃចំនួនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការ និងសិក្សានៅក្នុងប្រទេសកូរ៉េ ដែលមានចំនួនសរុបប្រមាណជាង ៦ម៉ឺននាក់។

សូមរំលឹកថា ក្នុងសំណុំតំបន់ត្រួតស៊ីគ្នាកោះគុតនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងតែខ្នះខ្នែងជំរុញឲ្យមានការចរចាជាមួយរដ្ឋាភិបាលថៃដោយឈរលើគោលការណ៍ហ្មត់ចត់ ត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះពលរដ្ឋខ្មែរលើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ តាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជាមិនបានស្ងប់ស្ងាត់នៅស្ងៀមក្នុងរឿងនេះទេ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាមានភាពចាស់ទុំខាងនយោបាយមិនយកភ្លើងចូលផ្ទះតែប៉ុណ្ណោះ៕