ដោយ ច័ន្ទ ដារ៉ូ
2025.03.02
RFA

ទិដ្ឋភាពពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នាទីក្រុងសេអ៊ូល (Seoul) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលករ និងពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២ ខែមីនា ដើម្បីទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងទាមទារឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ មន្រ្តីសង្គមស៊ីវិលយល់ថា ការតស៊ូមតិពីពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាងាកមកដោះស្រាយបញ្ហាបូរណភាពទឹកដី បញ្ជាប់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី។
ចរន្តយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងដែលឈឺឆ្អាលបញ្ហាបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ជាពិសេសបញ្ហាកោះគជ់នៅតែផុលផុស ហើយពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលបាតុកម្ម នៅទីលានប្រជាធិបតេយ្យជុងកាក់ កណ្តាលទីក្រុងសេអ៊ូល (Seoul) នៅថ្ងៃអាទិត្យទី២ ខែមីនា។
បាតុកម្មតវ៉ាលើកបដាផ្ញើសារទៅកាន់រដ្ឋាភិបាលកម្ពុជា
តំណាងគណៈកម្មការរៀបចំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង លោក អន ចាន់ថន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមីនា ថា បើតាមគម្រោងនឹងមានការសម្តែងមតិ លើកបដាផ្ញើសារទៅកាន់រដ្ឋាភិបាលកម្ពុជាឱ្យបង្ហាញពីគោលជំហរច្បាស់លាស់ការពារកោះគជ់ និងប្តឹងទាមទាចំណែកកម្ពុជានៅលើកោះនេះទៅតុលាការយុត្តិធម៌អន្តរជាតិ។ លោកបន្ថែមថា ក្រុមបាតុករនឹង ហែញត្តិចេញពីទីលានប្រជាធិបតេយ្យជុងកាក់ ឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិក ជប៉ុន និងបណ្តាស្ថានទូតប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីស្នើឱ្យប្រទេសទាំងនោះជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។ លោក អន ចាន់ថន រំពឹងថា បាតុកម្មនៅថ្ងៃទី២ ខែមីនា នឹងមានអ្នកចូលរួមច្រើន បើទោះបីជាមន្រ្តីស្ថានទូតខ្មែរ និងមនុស្សរបស់លោក ហ៊ុន សែន បង្កើតរូបភាពតាមរំខាននិងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្តី។
លោក អន ចាន់ថន៖ « យើងទាមទារឱ្យរដ្ឋាភិបាលយកករណីកោះគជ់នេះប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ រួមទាំងការដោះស្រាយទំនាស់ព្រំដែននៅតំបន់ផ្សេងៗទៀត។ ជនផ្តាច់ការខិតខំគ្រប់យ៉ាង ដើម្បីការពារអំណាចពួកគេ ដូច្នេះលទ្ធិប្រជាធិបតេយ្យគ្មានអ្នកណាលើកជើងពានឱ្យយើងទេ គឺលុះត្រាតែយើងខិតខំតស៊ូដោយខ្លួនឯងបាទ»។
ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងលោកស្រី ឃឹម មុំ ប្រាប់វិទ្យុអាស៊ីសេរីថា ម្តាយក្មេករបស់លោកស្រីដែលជនជាតិកូរ៉េ បានជួយលុយដល់លោកស្រី ១០ម៉ឺនវ៉ុន និងជួយមើលថែកូនតូចថែមទៀត ដើម្បីឱ្យលោកស្រីទៅចូលរួមបាតុកម្មការពារទឹកដីកម្ពុជានៅទីក្រុងសេអ៊ូល។ ដូច្នេះលោកស្រីនឹងទៅចូលរួមបាតុកម្មជាមួយក្រុមយុវជននៅទីនោះ ពីព្រោះពួកលោកស្រីមិនជឿទុកចិត្តទៅលើយន្តការដោះស្រាយទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃកន្លងមកឡើយ។
លោកស្រី ឃឹម មុំ៖ «យើងមករស់នៅប្រទេសគេមានប្រជាធិបតេយ្យ សេរីភាពពិតប្រាកដ ហើយទឹកចិត្តរបស់ខ្ញុំចង់ឱ្យប្រទេសជាតិរបស់ខ្ញុំដូចប្រទេសគេដែរ អ៊ីចឹងហើយបានជាខ្ញុំព្យាយាមរក្សាទឹកចិត្តស្រឡាញ់ប្រទេសជាតិយើងបន្តទៀត ខ្ញុំត្រូវបន្តតស៊ូទៅមុខទៀត បើទោះបីជាយើងជួបព្យុះ ភ្លៀងយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែចូលរួមបាតុកម្មនេះដើម្បីរក្សាទឹកដីប្រទេសយើង»។
ចំណែកពលករខ្មែរធ្វើការនៅតំបន់០៥៥ ក្នុងប្រទេសកូរ៉េខាងត្បូង លោក ណៃ សំណាង បញ្ជាក់ថា រូបលោក និងមិត្តភក្តិជាច្រើននាក់ទៀតបានសុំច្បាប់ការងារពីថៅកែ ចំណាយលុយលើថ្លៃឡានក្រុង និងថ្លៃម្ហូបអាហារផ្ទាល់ខ្លួន ដើម្បីទៅចូលរួមបាតុកម្មការពារកោះគជ់នៅថ្ងៃទី០២ ខែមីនា ពីព្រោះពួកលោកបារម្ភខ្លាចបាត់បង់កោះគជ់ទៅប្រទេសថៃ ដូចបាត់បង់កោះត្រល់ទៅប្រទេសវៀតណាម។
លោក ណៃ សំណាង៖ «បាតុកម្មនេះជារឿងការពារទឹកដី ពីព្រោះពលរដ្ឋខ្មែរនៅក្នុងស្រុកមិនអាចធ្វើបាតុកម្មបានទេ អ៊ីចឹងពួកគាត់សង្ឃឹមថាយើងនៅក្រៅប្រទេសដែលអាចក្រោកទាំងអស់គ្នា។ ប្រសិនបើយើងមិនគិតគូររឿងហ្នឹងទេយើងនឹងបាត់បង់ទឹកដី បាត់បង់ម្ចាស់ការចំពោះប្រទេសខ្លួនឯង អ៊ីចឹងនៅនេះមានសេរីភាពយើងត្រូវតែចូលរួម គ្រប់កាលៈទេសៈខ្ញុំត្រូវចូលរួមបាតុកម្ម»។
ពលរដ្ឋមួយចំនួនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិជាបន្តបន្ទាប់មកនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់។
មន្ត្រីសង្គមស៊ីវិលទាមទារឱ្យកម្ពុជាប្តឹងករណីកោះគជ់ទៅតុលាការ ICJ
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្រ្តាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រជាពលដ្ឋខ្មែរធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ជាការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់ ហើយលោកលើកទឹកចិត្តឱ្យពួកគាត់ចូលរួមឱ្យបានច្រើនក្នុងការជំរុញឱ្យមានដំណោះស្រាយ ខណៈពលរដ្ឋនៅក្នុងស្រុកពុំមានសិទ្ធិសេរីភាពចេញសម្តែងមតិនោះ។
លោក ស៊ឹង សែនករុណា៖ «ការចូលរួមបាតុកម្មជាសាមគ្គី ស្មារតី ជាកម្លាំងនេះវាធ្វើឱ្យបណ្តាប្រទេសលោកសេរីស្រឡាញ់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យទាំងអស់នេះនឹងមើលឃើញពីការស្រែកឃ្លានការចង់បានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យនេះឯង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១ ខែមីនា។
អត្ថបទដែលទាក់ទង៖
រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកឡើងថា បញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ កំពុងក្លាយជាក្តីកង្វល់ធំមួយទៀតរបស់ពលរដ្ឋខ្មែរ ជាពិសេសយុវជនទូទៅ។ ពួកគាត់យល់ថា បើសិនរដ្ឋាភិបាលត្រកូលហ៊ុនមិនប្តឹងទាមទារកាន់កាប់ទឹកដីមួយចំណែកនៅលើកោះគជ់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ភាគីថៃទេនោះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងជាប់ឈ្មោះជាមេដឹកនាំក្បត់ជាតិកាត់ទឹកដីឱ្យបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។