ដោយ ជាតិ ចំណាន
2025.03.02
RFA

ទិដ្ឋភាពព្រែកជីផុច ក្នុងឃុំជីផុច ស្រុកមេសាង ត្រូវគេចាក់លុប ដើម្បីយកដីលក់។ រូបនៅថ្ងៃទី១៩ សីហា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋនៅស្រុកមេសាង ខេត្តព្រៃវែង ចោទអាជ្ញាធរស្រុក និងក្រុមប្រឹក្សាស្រុកមេសាងថា បានរំលោភយកដីផ្ទៃបឹងមេសាង និងព្រែកជីផុច ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ប្រជាពលរដ្ឋជាង១ពាន់គ្រួសារផ្ដិតមេដៃទាមទារឱ្យអាជ្ញាធរថ្នាក់ជាតិទប់ស្កាត់ការលុបផ្ទៃបឹងមេសាង និងព្រែកជីផុច ដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ។
អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋនៅស្រុកមេសាង ខេត្តព្រៃវែង ជាង១ពាន់គ្រួសារនាំគ្នាផ្ដិតមេដៃទាមទារឲ្យអាជ្ញាធរថ្នាក់ជាតិចុះទប់ស្កាត់ និងធ្វើអធិការកិច្ច ស្រាវជ្រាវរកមន្ត្រីខិលខូចនៅក្នុងស្រុក ដែលបានគប់គិតគ្នាលួចធ្វើប្លង់រឹងរំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន។ ពួកគាត់ថា ទង្វើនេះនឹងធ្វើឱ្យផ្ទៃទឹកព្រែកកាន់តែរួមតូច រាំងស្ទះចរន្តទឹកនូវរដូវវស្សា អាចនឹងជនលិចស្រូវរបស់អ្នកភូមិរាប់រយគ្រួសារ នៅក្បែរតំបន់នោះ។
ពលរដ្ឋ១ពាន់គ្រួសារផ្ដិតមេដៃស្នើរកមន្ត្រីគប់គិត
តំណាងឲ្យប្រជាពលរដ្ឋចំនួន៦ភូមិ គឺមេភូមិជីផុច លោក ឡុង គង់ បា្រប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែមីនាថា កន្លងទៅប្រជាពលរដ្ឋជាង១ពាន់គ្រួសារនាំគ្នាផ្ដិតមេដៃប្ដឹងទៅ ក្រសួងពាក់ព័ន្ធឲ្យចុះសិក្សាស្រាវជ្រាវ រកមន្ត្រីពាក់ព័ន្ធដែលបណ្ដោយឲ្យមានការចាក់ដីរំលោភយកដីរបស់រដ្ឋនៅក្នុងស្រុកមេសាង ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមន្ត្រីរបស់ក្រសួងចុះសួរនាំជុំវិញរឿងទាំងអស់នេះនោះទេ។
លោក ឡុង គង់៖ «សំណុំរឿងនេះកំពុងតែនៅក្នុងដៃរបស់អធិការកិច្ចកំពុងតែស៊ើបអង្កេត ហើយប្រជាពលរដ្ឋកំពុងតែរងចាំ បើឲ្យពួកគាត់ទៅដល់កន្លែងអធិការកិច្ចតែម្ដងពួកគាត់គ្មានលទ្ធភាពទៅទេ ឥឡូវនេះវាធ្វើប្លង់ប្រជាពលរដ្ឋកំពុងតែរងចាំមើលពាក្យដាក់ប្ដឹងទៅហើយរដ្ឋអំណាចអធិការកិច្ចទាំងអស់ចុះមកដោះស្រាយ ពួកគាត់មិនពេញចិត្តទេ»។
ប្រជាពលរដ្ឋនៅស្រុកមេសាងម្នាក់ទៀត គឺ លោក ហ៊ិន សុផានី ឲ្យដឹងថា នេះមិនមែនជាករណីទីមួយនោះទេ ដែលក្រុមអ្នកមានអំណាចនៅក្នុងស្រុកមេសាងគប់គិតគ្នារំលោភយកដីបឹង និងដីព្រែករបស់រដ្ឋ។ លោកថា ពលរដ្ឋគ្មានចង់បានអ្វីក្រៅពី ស្នើសុំឲ្យអាជ្ញាធររក្សាដីផ្ទៃបឹង និងដកហូតដីដែលក្រុមឈ្មួញអ្នកមានអំណាចបានរំលោភយកត្រឡប់មកវិញ ដើម្បីទុកជាសម្បត្តិរបស់រដ្ឋ និងទុកឲ្យពលរដ្ឋបានអាស្រ័យផលដូចមុន។
លោក ហ៊ិន សុផានី៖ «ទាំងខ្ញុំទាំងប្រជាពលរដ្ឋនៅស្រុកមេសាង ចង់ឲ្យផ្ទៃដីបឹងស្រុកមេសាងនៅទំហំដដែល ហើយសុំឲ្យស្ដារផ្ទៃបានអាងពីព្រោះជាកន្លែងបេះដូងស្រុក ហើយដីដែលត្រូវប្រជាពលរដ្ឋរំលោភយកត្រូវតែដកហូតមកវិញ»។
ពលរដ្ឋស្នើឲ្យក្រសួងអធិការកិច្ចទប់ស្កាត់ កុំឲ្យលុបបឹងនេះតាំងពីឆ្នាំ២០២៤
កាលពីឆ្នាំ២០២៤ ប្រជាពលរដ្ឋនៅស្រុកមេសាងជាង១ពាន់គ្រួសារ បានស្នើឲ្យក្រសួងអធិការកិច្ច ចុះជួយទប់ស្កាត់ កុំឲ្យលុបដីបឹងមេសាង និងព្រែកជីផុច ឬព្រែទន្លេវ៉ៃគោ និងត្រូវស្រាវជ្រាវរកមន្ត្រីខិលខូចជាប់ពាក់ព័ន្ធបញ្ហានេះ ដាក់ទោសទៅតាមច្បាប់។
ពលរដ្ឋថា ដីព្រែកទន្លេវ៉ៃគោ ត្រូវបានអ្នកមានអំណាចគប់គិតគ្នាជាប្រព័ន្ធ ចាក់ដីលុបរំលោភយកជាច្រើនកន្លែងធ្វើជាកម្មសិទ្ធិ ចាប់តាំងពីស្រុកមេសាង រហូតដល់ខេត្តស្វាយរៀង នៅក្នុងភូមិសាស្ត្រស្រុកមេសាង ខេត្តព្រៃវែង មានចំនួន២ឃុំ គឺឃុំជីផុច ចំនួន២ទីតាំង និងឃុំត្រពាំងស្រែចំនួន២តាំងផ្សេងទៀត។ ប៉ុន្តែអាជ្ញាធរមិនបានចាត់វិធានការច្បាប់ទៅលើបុគ្គលទាំងអស់នេះនោះទេ បើទោះបីអាជ្ញាធរទទួលស្គាល់ថា សកម្មភាពទាំងនោះ ជាទង្វើខុសច្បាប់យ៉ាងណាក្ដី។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួង អធិការកិច្ច លោក ណុប ចាន់ណារិន្ទ និងអ្នកនាំពាក្យសាលាខេត្តព្រៃវែង លោក អន ភារៈ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១ ខែមីនា។ ចំណែកអភិបាលស្រុកមេសាង លោក ហ៊ន សុផាត ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
អត្ថបទដែលទាក់ទង៖
លោក ជា សុមេធី រងការចោទថា បណ្តែតបណ្តោយឱ្យចាក់ដីលុបព្រែកជីផុច និងលុបបឹងមេសាង
ទាក់ទិនបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹង ទៅលើជនឡាយណា ដែលបានរំលោភយកដីសាធារណៈរបស់រដ្ឋ ទោះបីបុគ្គលនោះមន្ត្រីរបស់រដ្ឋាភិបាលក៏ដោយ។ លោកថា ប្រសិនបើអាជ្ញាធរចាត់វិធានការទៅតែពលរដ្ឋធម្មតា ចំណែកអ្នកមានអំណាចរួចខ្លួន ពលរដ្ឋនឹងលែងមានជំនឿទៅអាជ្ញាធរ និងរដ្ឋាភិបាល។
លោក យិន ម៉េងលី៖ «បើបញ្ហាកើតឡើងដដែលៗ ហើយប្រជាពលរដ្ឋស្រែក អ្នកកាសែតផ្សព្វផ្សាយ ហើយអត់មានវិធានការផ្លូវច្បាប់សោះ វាធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើអាជ្ញាធរមូលដ្ឋាន អស់ជំនឿទៅលើសមត្ថកិច្ច ពួកគាត់នឹងយល់ថាការអនុវត្តច្បាប់មានស្តង់ដារខុសៗគ្នារវាងប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាច»។
ព្រែកជីផុច មានទំហំដីផ្ទៃទឹករាប់រយហិកតារធំទូលាយ ដោយមានបណ្ដាញទឹកខ្វាត់ខ្វែង តភ្ជាប់នឹងបឹងខ្ញី និងបឹងមេសាង ឆ្ពោះទៅកាន់ទន្លេវ៉ៃគោ នៅក្នុងខេត្តស្វាយរៀង។ អ្នកស្រុកចាត់ទុកព្រែកទន្លេវ៉ៃគោនេះ ជាប្រភពទឹក និងជាកន្លែងរកប្រាក់ចំណូលដ៏សំខាន់ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាកសិកររាប់ពាន់គ្រួសារ ដើម្បីធ្វើកសិកម្មគ្រប់រដូវ ប៉ុន្តែក្រុមជនខិលខូចទាំងនោះ អាងអំណាច នាំគ្នារំលោភយកដីរបស់រដ្ឋ ដោយគ្មានញញើតច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕