ដោយ មាន ឫទ្ធិ
2025.03.02
RFA

ទិដ្ឋភាពកម្មករសំណង់ប្រមាណ ៦០នាក់ តវ៉ាមុខការដ្ឋានសំណង់ចិន នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ Photo Courtesy
ក្រុមកម្មករសំណង់ប្រមាណ ៦០នាក់ដែលធ្វើការងារសាងសង់អគារអនឡាញ (Online) ឱ្យថៅកែចិន (Chinese) ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២ ខែមីនា ប្រមូលផ្ដុំគ្នាតវ៉ាជាថ្មី ទាមទារឱ្យថៅកែចិនបើកលុយប្រាក់ខែឱ្យកម្មករដែលនៅសល់ជាង ៣ម៉ឺន ៥ពាន់ដុល្លារ។ មន្ត្រីសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើថៅកែ ឬមេការដែលមានចេតនាកេងប្រវ័ញ្ចកម្លាំងកម្មករ។
តំណាងកម្មករឱ្យដឹងថា ថៅកែចិននៃការដ្ឋានសំណង់អគារអនឡាញស្ថិតនៅតំបន់ភូមិប្រាសាទតែងតែព្យាយាមគេចវេះ និងពន្យារពេលបើកលុយឱ្យកម្មករទើបក្រុមកម្មករតែងតែនាំគ្នាតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យថៅកែបើកលុយជូនកម្មករ និងគោរពសិទ្ធការងារ។
«ពេលចិនពន្យារមិនបើកលុយ ធ្វើឱ្យយើងពិបាកខ្លាំង អត់លុយទិញអីហូបនិងបង់ធនាគារ»
តំណាងកម្មករម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមីនាថា ការពន្យារពេលរបស់ថៅកែចិន និងមេការក្នុងការបើកប្រាក់ឈ្នួលជូនកម្មករ គឺធ្វើឱ្យកម្មករជាច្រើននាក់ជួបការលំបាកខ្លាំងពិសេសគ្មានលុយទិញអាហារហូបចុកប្រចាំថ្ងៃ និងគ្មានប្រាក់បង់ធនាគារ។ កម្មកររូបនេះឱ្យដឹងថា ចាប់ពីចុងឆ្នាំ២០២៤ មកដល់ពេលនេះ កម្មករតែងតែប្រមូលផ្ដុំគ្នាស្រែកតវ៉ានៅការដ្ឋានចំនួន ៣ដងមកហើយ ដើម្បីទាមទារឱ្យថៅកែចិនគោរពតាមកិច្ចសន្យាការងារ និងបើកប្រាក់ខែជូនកម្មករឱ្យបានទៀងទាត់។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ទល់ច្រកហើយនិយាយត្រង់ ណាមួយជំពាក់អង្គការ ណាមួយកូនចាយ ខ្លួនឯងចាយទៀតគ្មានអាជីពអីទេ មានតែអាជីពតែប៉ុណ្ណឹង គេមិនបើកប្រាក់ខែឱ្យគឺមានតែយ៉ាប់។ ភាគច្រើន [កម្មករ] មកពីបណ្ដាខេត្តផ្សេងៗដូចថា ដើរតាមមេ អ្នកខ្លះក៏កំលោះ អ្នកខ្លះមានទាំងពីរនាក់ប្ដីប្រពន្ធ អ្នកខ្លះក៏មានកូនតូចមកតាមកន្លែងការដ្ឋានអាណោចអាធ័មណាស់អ្នកសំណង់។ អាណោចអាធ័មរឿងការរស់នៅហើយនៅលុយកាក់អ៊ីចឹងទៀត គ្នាទល់ច្រកគ្នាមិនប្រមូលផ្ដុំកម្លាំងគ្នា»។
កម្មករឱ្យដឹងទៀតថា លុយដែលថៅកែចិនមិនទាន់បើកឱ្យកម្មករដែលនាំគ្នាចេញតវ៉ាគឺនៅសល់ប្រមាណជាង ៣ម៉ឺន ៥ពាន់ដុល្លារទៀត។ កម្មករបញ្ជាក់ថា មេជាងទទួលបានថ្លៃឈ្នួលក្នុងម្នាក់ចន្លោះពី ៧ម៉ឺនរៀល ទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃ ចំណែកកម្មករទទួលបានថ្លៃកម្លាំងពលកម្មក្នុងមួយថ្ងៃម្នាក់ ៤ម៉ឺនរៀល។
សណ្ឋានដីនៃការដ្ឋានសំណង់អគារចិនមានទំហំធំ ហើយការសាងសង់អគារគឺជាទម្រង់អគារអនឡាញដែលមានកម្ពស់ ៣ជាន់ និងមានការសាងសង់អគារផ្ទាល់ដីសម្រាប់ឱ្យជនជាតិចិនស្នាក់នៅរាប់រយអគារផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់កម្មករ។ កម្មករដែលមកធ្វើការនៅការដ្ឋាននេះអ្នកខ្លះមកពីបណ្ដាខេត្តឆ្ងាយ និងមានកូនតូចៗមកតាម ចំណែកឯការស្នាក់នៅរបស់ពួកគាត់គឺប្រក់តង់កៅស៊ូ។
អាជ្ញាធរថា ភាគីចិនកំពុងដោះស្រាយទូទាត់
ទាក់ទងនឹងរឿងនេះ មេភូមិប្រាសាទមកពីគណបក្សប្រជាជនកម្ពុជាគឺលោក លីន សុខណាត ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានជួបជាមួយតំណាងថៅកែចិន ហើយករណីនេះភាគីខាងថៅកែកំពុងរៀបចំដោះស្រាយជូនកម្មករហើយ។ លោកបញ្ជាក់ថា ថៅកែបានបើកលុយឱ្យកម្មករជាង ៧០ភាគរយហើយ ចំណែកឯលុយនៅសេសសល់គឺថៅកែបានផ្អាកបើកឱ្យកម្មករដែលនាំគ្នាតវ៉ានោះ ដោយសារតែក្រុមកម្មករ និងមេជាងធ្វើអគារខុសពីគំរូដែលថៅកែចិនដាក់ចេញ។
លោក លីន សុខណាត៖ «លុយហ្នឹងខ្ទង់ ៣ម៉ឺន ៥ពាន់ [ដុល្លារ] ទេ គេថា គេកាក់ ៣០ភាគរយហ្នឹង ខ្ញុំជួបមេការផ្ទាល់ពីចិនគេថា បញ្ហាហ្នឹងកំពុងដោះស្រាយឱ្យហើយតែចំពោះលុយកម្មករដទៃទៀតដែលចោទថា មិនបើកនោះគឺមេការបានទម្លាក់ឱ្យអស់ហើយនៅតែលុយ ៣០ភាគរយគេហៅថា លុយនៃការធ្វើអត់ទាន់គ្រប់បច្ចេកទេសរបស់គេទេ ហើយលុយគេមិនដែលពិបាកទេចិនហ្នឹង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណរិទ្ធ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២ ខែមីនា។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា កម្មករខ្មែរបានដោះដូរនឹងកម្លាំងញើសឈាម ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ និងដោះស្រាយបញ្ហាធនាគារ ដូច្នេះលោកថា ភាគីថៅកែគួរតែមានភាពស្មោះត្រង់ និងបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានទៀងទាត់។
លោក អ៊ិន គង់ជិត៖ «ប្រសិនបើចេតនារបស់ក្រុមហ៊ុនម៉ៅការសំណង់កិបកេងមិនបានបើកប្រាក់ខែជូនកម្មករនេះវាគឺជាការកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់កម្មករអាងគាត់មិនសូវមានបញ្ញា ហើយកេងប្រវ័ញ្ចមិនបើកប្រាក់ខែប្រាក់កម្រៃ វាគឺជាការកេងប្រវ័ញ្ចជ្រុលហួស មួយទៀតវាគឺជាការអនុវត្តផ្ទុយពីច្បាប់រដ្ឋ ច្បាប់ការងារ។ យើងស្នើសុំឱ្យក្រុមហ៊ុនម៉ៅការ មេការក្ដីដែលបានទទួលម៉ៅការពីក្រុមហ៊ុនគួរតែមានការផ្ដល់ផ្គត់ផ្គង់ប្រាក់កម្រៃពលកម្មដល់កម្មករគ្រប់ៗគ្នាឱ្យគាត់មានទឹកចិត្តក្នុងការធ្វើការងារ ព្រោះអ្នកខ្លះគាត់បានលះបង់ធ្វើទាំងយប់ទាំងថ្ងៃ»។
អត្ថបទដែលទាក់ទង៖
កម្មករសំណង់នៅឧត្ដរមានជ័យ ៣០០នាក់ចេញតវ៉ាទាមទារឱ្យថៅកែចិនបើកប្រាក់ខែជូនពួកគាត់
ករណីកម្មករសំណង់ប្រឈមមុខនឹងថៅកែមិនបើកប្រាក់ឈ្នួលឱ្យហាក់កើតឡើងជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តជាយដែនជាប់នឹងប្រទេសថៃដូចជានៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ជាដើម ដោយសារតែនៅតាមតំបន់ទាំងនោះត្រូវបានគេពង្រីកអគារបម្រើឱ្យឧស្សាហកម្មឆបោកតាមអនឡាញ។
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ហេតុផលសំខាន់ដែលកម្មករប្រឈមនឹងបញ្ហាមិនទទួលបានថ្លៃកម្លាំងពលកម្មបែបនេះ គឺដោយសារតែកម្មករខ្វះកិច្ចគាំពារពីសំណាក់អាជ្ញាធរ ខណៈការដ្ឋាននៃអគារថៅកែចិននៅតាមព្រំដែនក៏ត្រូវបានគេសង្ស័យថា ព្យាយាមសាងសង់ដោយបិទបាំង ដើម្បីធ្វើជាអាជីវកម្មឆបោកតាមអនឡាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។