កម្ពុជា
03/03/2025 – 11:39
ដោយ៖ អ៊ឹង ប៊ុនថន
RFI
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥ តំណាងពលរដ្ឋជាង១០នាក់មកពីសហគមន៍ជនជាតិដើមភាគតិចកួយក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារអំពាវនាវឲ្យបញ្ឈប់រាល់ការឈូសឆាយដីប្រើប្រាស់ជាក់ស្ដែង និងដីព្រៃបម្រុងទុកប្រមូលផលអនុផលធនធានធម្មជាតិរបស់ពលរដ្ឋក្នុងភូមិដងផ្លិត និងភូមិណារ៉ុង។ ការអំពាវនាវនេះធ្វើឡើងតាមរយៈសន្និសីទកាសែតមួយនៅរាជធានីភ្នំពេញ។
តំណាងជនជាតិដើមខេត្តព្រះវិហារអំពាវនាវឲ្យបញ្ឈប់ការឈូសឆាយដីសហគមន៍របស់ពួកគេ
ក្រៅពីអំពាវនាវឲ្យបញ្ឈប់ការឈូសឆាយដីសហគមន៍របស់ពួកគេ តំណាងពលរដ្ឋជនជាតិដើមភាគតិចកួយបានទទូចឲ្យចាប់ខ្លួនជនបង្កដាក់ពន្ធធនាគា និងទូទាត់សំណងខូចខាតផលដំណាំ និងរបស់ប្រើប្រាស់ជាក់ស្ដែង ដូចជាម៉ូតូ គោយន្ត ឬសងជំងឺចិត្តដល់អ្នករងរបួសជាដើម។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយសមាគមអាដហុកនៅថ្ងៃទី៣ ខែមីនានេះ។ លើសពីនេះ ពួកគេក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធដកកម្លាំងទាហាន មន្រ្តីបរិស្ថាន និងមន្រ្តីសូរិយោដីភូមិបាលស្រុកចេញពីតំបន់ដែលកំពុងមានបញ្ហានៅភូមិដងផ្លិត និងភូមិណារ៉ុង រួមទាំងបញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពពីសំណាក់អាជ្ញាធរមូលដ្ឋាន។
យោងតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយសមាគមអាដហុក ប្រជាជននៅភូមិដងផ្លិតបាន និងកំពុងតែកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលដីធ្លីតាមបែបលក្ខណ:ប្រពៃណី។ ចំណែកដីដែលពួកគាត់កាន់កាប់ និងប្រើប្រាស់ក៏មានការទទួលស្គាល់ដឹងឮជាសាធរណ: កាន់កាប់ដោយពិតប្រកដ គ្មានហិង្សា គ្មានការអាក់ខាន និងដោយសុចរិតជាមួយសមាជិកដទៃទៀតតាំងពីដូនតាមកដល់បច្ចុប្បន្ននេះ។ តែសេចក្តីថ្លែងការណ៍ដដែលមិនភ្លេចបញ្ជាក់ថា នៅពេលបង្កើតតំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជា ឬស្សីត្រឹបនៅថ្ងៃទី០៨ មេសា ឆ្នាំ ២០១៤ ក៏ស្រាប់តែប៉ះពាល់ដីប្រជាសហគមន៍ដែលបានកាន់កាប់ និងប្រើប្រាស់តាមប្រពៃណីពីដូនតា។
លើសពីនេះ អាជ្ញាធរភូមិដងផ្លិត និងអាជ្ញាធរឧទ្យានបានធ្វើការផ្សព្វផ្សាយឲ្យសហគមន៍រុះរើផ្ទះចាកចេញពីដីលំនៅឋានដែលសង់នៅតាមដងផ្លូវនេះដើម្បីទុកជាតំបន់ឧទ្យានដោយផ្តល់សំណងដីថ្មីនៅប៉ែកខាងជើងភូមិចាស់។ តែដីថ្មីដែលត្រូវផ្តល់សំណងភាគច្រើនបានប៉ះចំដីស្រែចំការរបស់អ្នកភូមិដែលកាន់កាប់ស្រាប់។ លោកបណ្ឌិត សុខ ទូច ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើត «ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប» ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ប្រជាជនទាំងនោះទើបមករស់នៅ ក្រោយពីតំបន់នោះត្រូវបានបង្កើតជាតំបន់ឧទ្យានជាតិ។

ចំណែក លោក គឹម ចាន់បញ្ញា អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា អាជ្ញាធរពាក់ព័ន្ធសហការគ្នាចុះទៅដោះស្រាយជាក់ស្តែងពីបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងភូមិដងផ្លិត និងភូមិណារ៉ុង។ តាមលោក គឹម ចាន់បញ្ញា រដ្ឋបាលខេត្តក៏បានឲ្យពលរដ្ឋទាំងនោះទៅធ្វើស្វ័យប្រកាសពីដីធ្លីដែលអ្នកភូមិបានកាន់កាប់ និងថា គឺមានពលរដ្ឋតែ ៥៦គ្រួសារប៉ុណ្ណោះដែលបានមកធ្វើស្វ័យប្រកាសលើផ្ទៃដី ២៩០ហិកតា៕