ដោយ ទីន ហ្សាការីយ៉ា
2025.03.03
RFA

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា (ស្ដាំ) និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបកណ្ដាលកាន់កន្ត្រៃកាត់ខ្សែបូរ) កាលពីថ្ងៃទី២៤ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
ប្រជាកសិករមួយចំនួនរិះគន់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមថា គ្មានវិធានការជាក់លាក់ជួយដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែចម្ការ តែបែរជាឱ្យពលរដ្ឋផ្អាកធ្វើស្រែចម្ការរបរចិញ្ចឹមជីវិតរបស់ពួកគាត់ទៅវិញ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យកសិករត្រូវចេះប្រើប្រាស់ទឹកធ្វើស្រែចម្ការដោយសន្សំសំចៃ និងមិនត្រូវធ្វើស្រែលើសពីផែនការរបស់រដ្ឋាភិបាលនោះទេ ចៀសវាងខ្វះខាតទឹកធ្វើស្រែនៅរដូវប្រាំង។
ស្របពេលដែលរដ្ឋាភិបាលនៅមិនទាន់អាចដោះស្រាយបញ្ហាតម្លៃកសិផលចុះថោករបស់កសិករនៅតំបន់មួយចំនួនបាននៅឡើយនោះ ពេលនេះរដ្ឋមន្ត្រីក្រសួងធនធានទឹកប្រកាសប្រាប់ពលរដ្ឋឱ្យយកចិត្តទុកដាក់សន្សំសំចៃទឹកសម្រាប់ស្រោចស្រព ដោយអះអាងថា មូលហេតុដែលធ្វើឱ្យខ្វះខាតទឹកស្រោចស្រពដំណាំគឺដោយសារតែកសិករធ្វើស្រែចម្ការច្រើនដោយមិនបានតាមដានពីព័ត៌មានការប្រើប្រាស់ទឹក។
«ការហាមកសិករធ្វើស្រែចម្ការដូចបំផ្លាញឆ្នាំងបាយពួកគេ»
កសិករនៅខេត្តកំពង់ធំ លោក មួន សុវណ្ណិត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមីនា ថា ការធ្វើស្រែចម្ការជាឆ្នាំងបាយ និងជាប្រភពចំណូលសំខាន់តែមួយគត់របស់កសិករ ហើយប្រសិនបើរដ្ឋមន្ត្រីក្រសួងធនធានទឹកហាមឃាត់មិនឱ្យកសិករធ្វើស្រែគឺប្រៀបដូចជាបំផ្លាញឆ្នាំងបាយ និងកាត់ផ្តាច់ប្រព័ន្ធចំណូលរបស់ប្រជាកសិករ។ លោកបន្តថា បញ្ហាខ្វះទឹកធ្វើស្រែមិនមែនមកពីកសិករធ្វើស្រែចម្ការច្រើននោះទេ ប៉ុន្តែមកពីរដ្ឋាភិបាលមិនគិតគូរធ្វើប្រព័ន្ធធារាសាស្ត្រឱ្យបានគ្រប់គ្រាន់ ដូចប្រទេសជិតខាង ហើយបញ្ហាខ្វះទឹកនេះក៏ជាមូលហេតុធ្វើឱ្យកសិករ នៅតំបន់របស់លោកបោះបង់មុខរបរធ្វើស្រែចម្ការចោលដោយសារគ្មានទឹកស្រោចស្រពគ្រប់គ្រាន់។
លោក មួន សុវណ្ណិត៖ «ភាគច្រើននៅតំបន់ខ្ញុំគឺពឹងលើវិស័យធ្វើស្រែ វិស័យកសិកម្មនេះជាពិសេសផ្ដោតលើការធ្វើស្រែប្រាំង។ ប្រសិនបើក្រសួងណែនាំហើយពួកគាត់ត្រូវបង្ខំចិត្តធ្វើតាមក្រសួងធនធានទឹកមិនបន្តធ្វើស្រូវនៅរដូវប្រាំងវគ្គ២នេះទៀត ពួកគាត់មានហានិភ័យនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ មានបងប្អូនប្រជាពលរដ្ឋខ្លះនៅតំបន់ខ្ញុំភាគច្រើនគឺជំពាក់បំណុលធនាគារ។ ប្រសិនបើគាត់មិនធ្វើស្រែលើកនេះទៀត គឺធ្ងន់ធ្ងរណាស់អាចជំពាក់គេ ឬក៏អាចលក់ដីលក់ផ្ទះ»។
«រដ្ឋាភិបាលគ្មានទំនួលខុសត្រូវដោះស្រាយបញ្ហាឱ្យកសិករ»
ដោយឡែក កសិករម្នាក់ទៀតនៅខេត្តក្រចេះ លោក សាន ឌី សង្កេតឃើញថា រដ្ឋាភិបាលគ្មានទំនួលខុសត្រូវដោះស្រាយបញ្ហាឱ្យកសិករនោះទេ តែបែរជាបន្ទោសកសិករថា ធ្វើស្រែលើសពីការកំណត់របស់រដ្ឋាភិបាលទៅវិញ។ លោកបន្តថា បច្ចុប្បន្ននេះកសិករមួយចំនួនធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌកគឺដោយសារតែ ស្រូវខូចខាតដោយសារអត់ទឹក និងបញ្ហាតម្លៃស្រូវចុះថោក ហើយរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់រកទីផ្សារជូនពលរដ្ឋឡើយ។
លោក សាន ឌី៖ «ប្រជាពលរដ្ឋយើងគាត់មានទុក្ខលំបាកណាស់ទី១គាត់ជំពាក់អង្គការ ទី២ថ្នាំអ៊ីចឹងទីប្រឹក្សាជនបទរបស់យើងកំពុងតែធ្លាក់ចុះ ធ្លាក់ចុះចង់ដល់ចំណុចសូន្យហើយ ដល់ពេលប្រជាពលរដ្ឋជំពាក់អង្គការ ជំពាក់ធនាគារ អត់បាយអត់ធ្វើស្រូវក៏មិនបានគាត់ចេះតែវ័ណ្ឌកទៅៗធ្ងន់ទៅៗជំពាក់គេធនាគារក៏ចេះតែរឹបអូសខ្លួនគាត់ក៏ដកខ្លួនមិនរួចដែរ»។
ការលើកឡើងរបស់ប្រជាកសិករទាំងនេះ គឺធ្វើឡើងក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា កាលពីថ្ងៃទី១ ខែមីនា បានរៀបចំវេទិកាសារព័ត៌មានក្រោមប្រធានបទ «ការគ្រប់គ្រងសក្ដានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា»។ ក្នុងវេទិកានោះលោក ថោ ជេដ្ឋា បានអំពាវនាវឱ្យកសិករដែលធ្វើស្រែនៅរដូវប្រាំងត្រូវចេះតាមដានព័ត៌មាន និងស្ដាប់តាមការណែនាំរបស់ក្រសួងពាក់ព័ន្ធដើម្បីបង្ការការខូចខាតស្រូវនៅរដូវប្រាំង ដោយសារតែការខ្វះទឹកប្រើប្រាស់។ លោក ថោ ជេដ្ឋា ពន្យល់ថា មូលហេតុដែលខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មដោយសារតែប្រជាកសិករនាំគ្នាធ្វើស្រែចម្ការច្រើនលើសពីផែនការកំណត់របស់រដ្ឋាភិបាលពោលគឺក្រសួងធនធានទឹកមានលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ៥៣ម៉ឺនហិកតារ ប៉ុន្តែកសិករធ្វើស្រែរហូតដល់ទៅ ៩០ម៉ឺនហិកតារ។
លោក ថោ ជេដ្ឋា៖ «សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សុំធ្វើការយកចិត្តទុកដាក់ស្តាប់ក្នុងការណែនាំរបស់រដ្ឋាភិបាលក៏ដូចជា ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការនៅក្នុងនោះគឺតែងតែប្រកាសជារៀងរាល់ឆ្នាំជាពិសេសចុងរដូវវស្សាក៏ដូចជាស្តាប់នូវព័ត៌មានទាំងអស់ដែលក្រសួងឧតុនិយមបានផ្តល់ជូន»។
«រដ្ឋអាចការងារដាំដុះរបស់កសិករ បើរដ្ឋាភិបាលបង្កើនប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក»
ជុំវិញរឿងនេះ អ្នកតាមដាន និងឃ្លាំមើលវិស័យកសិកម្ម លោក សៀក ចំណាប់ មានប្រសាសន៍ថា រដ្ឋាភិបាលមានលទ្ធភាពបង្កើនការស្រោចស្រពលើផលដំណាំដាំដុះរបស់ប្រជាកសិករ ប្រសិនបើរដ្ឋាភិបាលបង្កើនប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹកបន្ថែមទៀត។ លោកបន្តថា រដ្ឋាភិបាលគួរតែពន្លឿនការដោះស្រាយបញ្ហាជូនពលរដ្ឋ ជាជាងប្រកាសឱ្យពលរដ្ឋផ្អាកធ្វើស្រែដោយសារខ្វះខាតទឹក។
លោក សៀក ចំណាប់៖«យើងឃើញថា នៅរដូវវស្សាទឹកជោរជន់ ទឹកសម្បូរហួរហៀ ដោយឡែកចេញពីរដូវវស្សាមករដូវប្រាំងវិញធ្វើឱ្យទឹកខ្វះខាត អ៊ីចឹងជាចំណុចនេះខ្ញុំសូមចូលរួមជាយោបល់ថា រដ្ឋាភិបាលគួរមានវិធានការណាមួយដើម្បីស្ទាក់នៅរដូវវស្សាដើម្បីទុកប្រើប្រាស់នៅរដូវប្រាំងដើម្បីកុំឱ្យបញ្ហាខ្វះខាតទឹកនៅរដូវប្រាំងនេះជួបបញ្ហាដដែលជាដដែល»។
ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុបជាង ២ពាន់ (២.៣៥២) ប្រព័ន្ធ ក្នុងនោះប្រព័ន្ធធារាសាស្ត្រខ្នាតធំមានជិត ៦០ (៥៦) ប្រព័ន្ធ ខ្នាតមធ្យមមានជាង ១ពាន់ (១.១៦៦) ប្រព័ន្ធ និងខ្នាតតូចមានជាង ១ពាន់ (១.១២២) ប្រព័ន្ធ ព្រមទាំងមានអាងទឹកស្តុកសរុបប្រមាណ ១ពាន់៥រយ (១.៥០០) អាង ដែលអាចបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីជិត ២លានហិកតារ (១.៩៦៩.៨៤៣)។
អត្ថបទដែលទាក់ទង៖
កសិករមួយចំនួន ធ្វើស្រែបណ្ដាក់ជី និងថ្នាំកសិកម្ម ធ្វើឱ្យការចំណាយថ្លៃដើមកាន់តែច្រើន
កសិករខេត្តមួយចំនួនខកចិត្តនឹងអាជ្ញាធរមិនអើពើសង្គ្រោះស្រូវប្រាំងរាប់ពាន់ហិកតារខ្វះទឹក
ទោះជាបែបនេះក្តី កន្លងទៅបញ្ហាកសិផលធ្លាក់ថ្លៃ និងខ្វះទឹកធ្វើស្រែគឺកើតមានស្ទើរតែទូទាំងប្រទេសដែលនាំឱ្យពលរដ្ឋផ្ទុះការតវ៉ាជាច្រើនលើក។ ជាក់ស្តែងនៅខេត្តតាកែវ កាលពីពេលថ្មីៗនេះកសិកររាប់រយនាក់នាំគ្នាបិទផ្លូវជាតិលេខ២ តវ៉ាដើម្បីទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្មជូនពលរដ្ឋ។ ក្រៅពីនេះនៅមានកសិករនៅស្រុកមោងឬស្សី ខេត្តបាត់ដំបងប្រមាណ៦០នាក់ បានបិទផ្លូវលើកបដា ទាមទារឱ្យមន្ទីរកសិកម្មខេត្តនេះដំឡើងថ្លៃស្រូវជូនពួកគាត់បន្ថែមទៀត។
កសិករអះអាងថា ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានដំណោះស្រាយរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យពលរដ្ឋមានលទ្ធភាពអាចបង្កបង្កើនផលបានទេនោះ ពួកគាត់គ្មានមធ្យោបាយអ្វីក្រៅតែពីនឹងបោះបង់មុខរបរធ្វើស្រែចម្ការចោល ហើយចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ដើម្បីស្វែងរកចំណូលចិញ្ចឹមជីវិត និងសងបំណុលធនាគារនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។