ដោយ ជីវិតា
2025.03.03
RFA

អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ថ្លែងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុករដ្ឋបាលស្រុកពេជ្រាដា
ប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទាមទារឲ្យទាហានបើកបារ៉ាស់ផ្លូវ និងឲ្យអាជ្ញាធរលុបចោលគម្រោងធ្វើអាជីវកម្មរ៉ែមាសចេញពីក្នុងភូមិអន្ទ្រងសែនជ័យ ពីព្រោះគម្រោងនេះធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការ បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ កំពុងរស់នៅតំបន់នោះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តមណ្ឌលគិរី បានចេញលិខិតអះអាងថា អាងស្តុកទឹកអាស៊ីដរបស់ក្រុមហ៊ុន ដែលពលរដ្ឋលើកឡើងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ពលរដ្ឋនោះឡើយ។
ក្រោយពលរដ្ឋផ្សព្វផ្សាយថា អាងស្តុកទឹកអាស៊ីដរបស់ក្រុមហ៊ុនចិន ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបរិស្ថានរួចមក អាជ្ញាធរខេត្តមណ្ឌលគិរី បានចុះទៅត្រួតពិនិត្យ និងអះអាងថា អាងស្តុកទឹកអាស៊ីដទាំងនោះមិនបង្កផលប៉ះពាល់ដល់ពលរដ្ឋនោះទេ។ ប៉ុន្តែពលរដ្ឋរស់នៅតំបន់នោះថា អាជ្ញាធរខេត្តមិនបានយកកាកសំណល់ដែលមានជាតិអាស៊ីដទៅត្រួតពិនិត្យនោះទេ ដោយសារតែក្រុមហ៊ុនបានកាយដីលុបអាងស្តុកទឹកអាស៊ីដ ដើម្បីបំបាត់ភស្តុតាងរួចហើយ មុនអាជ្ញាធរចុះទៅដល់។
តំណាងប្រជាពលរដ្ឋ លោក ច្រាន សុខឡេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែមីនាថា អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងតែជួយបិទបាំងនូវទង្វើអាក្រក់របស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។ លោកថា ពលរដ្ឋជាង៣០០គ្រួសារ មិនឯកភាពចំពោះការលើកឡើងរបស់អាជ្ញាធរខេត្តមណ្ឌលគិរីឡើយ និងស្នើឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។ «»
ពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ឲ្យដឹងថា នៅមុនពេលអាជ្ញាធរចុះមកយកកាកសំណល់ទៅត្រួតពិនិត្យ ក្រុមទាហាន និងក្រុមហ៊ុន បាននាំគ្នាកាយដីលុបអាងស្តុកទឹកអាស៊ីដទាំងនោះ ដើម្បីបំបាត់ភស្តុតាងរួចហើយ។ លោកស្រីចាត់ទុក ការបំភ្លឺរបស់អាជ្ញាធរខេត្តមណ្ឌលគិរី មិនឆ្លុះបញ្ចាំងពីការពិត។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី លោក ទី សុផល ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២ ខែមីនា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី០១ ខែមីនា អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយ ដោយទទួលស្គាល់ថា ពិតជាមានរណ្ដៅផ្ទុកជាតិពុលពីការធ្វើអាជីវកម្មរ៉ែមាសប្រាកដមែន ប៉ុន្តែមិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នេះនោះទេ។ អាជ្ញាធរបញ្ជាក់ថា ទីតាំងរណ្ដៅផ្ទុកជាតិគីមីទាំងនោះគឺជាទីតាំងដែលក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុន អន្ទ្រង មេធល រុករករ៉ែមាស ហើយបច្ចុប្បន្នក្រុមហ៊ុនបានបញ្ចប់សកម្មភាពក្នុងការរុករករ៉ែមាសនៅតំបន់នោះរួចហើយ ប៉ុន្តែអាជ្ញាធរខេត្តមណ្ឌលគិរី មិនបានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នេះឡើយ។ ចំណែកផ្លូវដែលទាហានដាក់បារ៉ាស់បិទនោះ គឺជាការការពារមិនឲ្យជនឆ្លៀតឱកាសចូលធ្វើអាជីវកម្មរ៉ែបែបអនាធិបតេយ្យដោយខុសច្បាប់នៅទីនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន អន្ទ្រង មេធល (Antrong Metals) បានទេ នៅថ្ងៃទី២ ខែមីនា។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់ឃើញថា រដ្ឋាភិបាលត្រូវតែត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនរុករករ៉ែនៅតំបន់នោះ ហើយប្រសិនបើអាជ្ញាធររកឃើញថា ក្រុមហ៊ុននេះ មិនបានគោរពតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរដ្ឋាភិបាលនោះទេ រដ្ឋាភិបាលត្រូវតែអនុវត្តតាមច្បាប់ ហើយត្រូវស្វែងរកឲ្យឃើញអ្នកជាប់ពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យមានអាជីវកម្មរ៉ែមាសនេះកើតឡើង នឹងត្រូវទទួលទោសតាមច្បាប់។
ពលរដ្ឋអះអាងថា ទាហាន និងក្រុមហ៊ុន បានគប់គិតគ្នាធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ បង្កឲ្យមានផលប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និង បរិស្ថាននៅជុំវិញតំបន់នោះ ដោយមិនបានសិក្សាវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គម និងមិនបានពិគ្រោះយោបល់ជាមួយពលរដ្ឋនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។