ថៃ​ពិចារណា​សាងសង់​ជញ្ជាំង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ព្រំដែន​ជាប់​កម្ពុជា

ដោយ មាន ឫទ្ធិ
2025.03.03
RFA

ថៃ​ពិចារណា​សាងសង់​ជញ្ជាំង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ព្រំដែន​ជាប់​កម្ពុជា

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ពេលចុះពិនិត្យ​​នៅ​ព្រំដែន​​ខេត្ត​ស្រះកែវ ជាប់​ប្រទេស​កម្ពុជា កាលពីថ្ងៃទី២៨ កុម្ភៈ ២០២៥។ រូប៖ រដ្ឋាភិបាលថៃ


[អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ Thailand considers building a wall on its border with Cambodia]

រដ្ឋាភិបាល​ថៃ​កំពុង​ពិចារណា​សាងសង់​ជញ្ជាំង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា។ គម្រោង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លងដែន​ខុសច្បាប់ ជា​ពិសេស​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ក្រុម​ជនល្មើស​រត់ពន្ធ​គ្រឿងញៀន​ជាដើម។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ជីរ៉ាយូ ហ័ងសាប (Jirayu Huangsabថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត កាលពី​ថ្ងៃ​ចន្ទ ទី៣ ខែ​មីនា ថា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាន​បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី និង​ទីភ្នាក់ងារ​រដ្ឋ​ពាក់ព័ន្ធ សិក្សា​បន្ថែម​លើ​គំនិត​នៃ​ការ​ចង់​សាងសង់​ជញ្ជាំង​រវាង​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​បង្ការ​ការ​ឆ្លងដែន​ខុសច្បាប់ ការ​ចរាចរណ៍​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​ពាណិជ្ជកម្ម​ខុសច្បាប់។ អ្នកនាំពាក្យ​រូប​នេះ លើកឡើង​ថា​លទ្ធភាព​នៃ​ការ​សាងសង់​ជញ្ជាំង​នេះ​គឺ​អាច​ស្ថិត​ក្នុង​​តំបន់​ជាប់​ព្រំដែន​ប៉ោយប៉ែត​របស់​កម្ពុជា។

ការ​បង្ហើប​គំនិតនេះ​ស្របពេល​​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​​ផ្លាស់មក​​ប៉ោយប៉ែត

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូប​នេះ បន្ត​ថា​នាយករដ្ឋមន្ត្រី​ថៃ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​គំនិត​ចង់​សាងសង់​ជញ្ជាំង​នេះ​ឡើង គឺ​នៅ​ស្រប​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ ភូមា​បាន​បម្លាស់ទី​មក​ក្រុង​ប៉ោយប៉ែត។ លោក​ថា រដ្ឋាភិបាល​ថៃ​គ្រោង​ពិភាក្សា​រឿង​នេះ​ជាមួយ​អាជ្ញាធរ​កម្ពុជា។ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ណា​មួយ​ពី​ភាគី​កម្ពុជា​នៅ​ឡើយ​ទេ​ជុំវិញ​ផែនការ​របស់​ភាគី​ថៃ​ដែល​ចង់​សង់​ជញ្ជាំង​តាម​ព្រំដែន​នេះ។


អត្ថបទ​ដែល​ទាក់ទង៖

កម្ពុជា​បណ្ដេញ​ជនជាតិ​ថៃ ១១៩នាក់ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​អនឡាញ​ខុសច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា

ថៃ​ដាក់​ឈ្មោះ​ក្រុង​ប៉ោយប៉ែត​ថា ជា​អាណាចក្រ​ឆបោក​តាម​អនឡាញ ក្រោយ​រក​ឃើញ​ទីតាំង​អាគារ​បង្ខាំង​មនុស្ស​ជា​ច្រើន​កន្លែង

អាជ្ញាធរ​ថៃផ្ដាច់​បណ្ដាញ​អ៊ីនធឹណិត និង​សេវា​ទូរស័ព្ទ ដែល​ភ្ជាប់​ទៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ


កាលពី​ថ្ងៃទី១ ខែ​មីនា អាជ្ញាធរ​កម្ពុជា ​បាន​បណ្តេញ​ជនជាតិ​ថៃ ​ចំនួន​១១៩​នាក់ ក្នុង​នោះ​មាន​ស្រី៥៨​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ អាជ្ញាធរ​បញ្ជាក់​ថា ជនជាតិ​ថៃ​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​អនឡាញ​ខុសច្បាប់​នៅ​លើ​ទឹក​ដី​កម្ពុជា។ ពួកគេ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ជន​បរទេស​ផ្សេងទៀត​សរុប​ចំនួន ២៣០​នាក់ ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​អគារ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ចំនួន​២ទីតាំង ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត។

កាលពី​ខែ​សីហា ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ រក​ឃើញថា យ៉ាងហោចណាស់​មាន​មនុស្ស​១សែន​នាក់​បាន​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​តែ​ការ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles