សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់​កប់ក្នុងដីខ្សាច់ផ្លូវ ៦០ម៉ែត្រ

កម្ពុជា
កម្ពុជា-ឃាតកម្ម

04/03/2025 – 09:57
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី៣មីនា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសបំបែកសំណុំរឿងឃាតកម្មជនជាតិចិនសម្លាប់នារីខ្មែរម្នាក់ រួចយកសពទៅកប់ក្នុងដីខ្សាច់នៅផ្លូវ ៦០ម៉ែត្ររាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនបុរសជនជាតិចិនចំនួន២នាក់ សមត្ថកិច្ចជំនាញបានអះអាងពីការបន្តស្រាវជ្រាវតាមចាប់ជនជាតិចិនម្នាក់ទៀតដែលជាមេក្លោងរៀបចំគម្រោងឃាតកម្មនោះ។

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់​កប់ក្នុងដីខ្សាច់ផ្លូវ ៦០ម៉ែត្រ


អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៣​ មីនាថា កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់នារីខ្មែរម្នាក់​ រួចយកសពទៅកប់ក្នុងដីខ្សាច់នៅផ្លូវ ៦០ម៉ែត្រក្បែរផ្សារទំនើបអ៊ីអន៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  តាមការសាកសួររបស់សមត្ថកិច្ចជំនាញ ជនជាតិចិនទាំង ២នាក់បានឆ្លើយសារភាពថាពិតជាបានចូលដៃសម្លាប់នារីជនរងគ្រោះពិតមែនដោយមូលហេតុថា នារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកគេ។

ជនសង្ស័យជនជាតិចិនទាំង ២នាក់មានឈ្មោះ CHEN CONG អាយុ​ ៣០ឆ្នាំ ជាគូស្នេហ៍នារីរងគ្រោះត្រូវបានឃាត់ខ្លួននៅអាគារព្រីនស៍ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងឈ្មោះ LI HAOHAO អាយុ ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅសង្កាត់ចាក់ចង្រែលើ ខណ្ឌមានជ័យ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ អំពើឃាតកម្មបានកើតឡើងកាលពីយប់ថ្ងៃទី២៧​ កុម្ភៈ ដោយមានបុរសជនជាតិចិនម្នាក់ទៀតឈ្មោះ YANG KAIXIN អាយុ ២៦ឆ្នាំ ជាមេក្លោងរៀបចំគម្រោង។

តែនៅពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានមេក្លោងធំជាអ្នករៀបចំផែនការសម្លាប់ស្ត្រីជនជាតិខ្មែរនោះនៅឡើយទេ។ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះ វិទ្យុបារាំងអន្ដរជាតិ RFI នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានគនរបាលរាជធានីភ្នំពេញបានទេ គិតត្រឹមរសៀលថ្ងៃទី៤ មីនានេះ។

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់​កប់ក្នុងដីខ្សាច់ផ្លូវ ៦០ម៉ែត្រ
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់​កប់ក្នុងដីខ្សាច់ផ្លូវ ៦០ម៉ែត្រ © ប្រភព

ចំណែកនារីរងគ្រោះដែលមានអាយុ ១៨ឆ្នាំ និងមានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានសមត្ថកិច្ចប្រទះឃើញសាកសពនៅជិតបឹងមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមីនា។ សាកសពជនរងគ្រោះអាក្រាតកាយ មានចង់ស្លាបសេកដេកផ្កាប់មុខ និងមានស្នាមជាំលើដងខ្លួនជាច្រើនកន្លែង៕

What Next?

Recent Articles