ដោយ ប្រាជ្ញ ចេវ
2025.04.18
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ការសាងសង់ព្រែកជីក ហ្វូណនតេជោនឹងបញ្ចប់តាមការគ្រោងទុកត្រឹមឆ្នាំ២០២៨។ ក្ដីសង្ឃឹមនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនរដ្ឋចិនដែលទទួលបន្ទុកជួយជីកព្រែកហ្វូណនតេជោ។

ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត ចុះផ្សាយនៅថ្ងៃទី១៨មេសាថា លោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company–CCCC) លោក វ៉ាង តុងចូវ (Wang Tong Zhou) នៅវិមានសន្ដិភាព ដើម្បីជជែកដំណើរការសាងសង់ព្រែកជីកព្រែកណនតេជោ។
លោក ហ៊ុន ម៉ាណែត សង្ឃឹមចិនជួយសាងសង់ព្រែកជីកហ្វូណនជោគជ័យតាមការគ្រោងទុក
លោក វ៉ាង តុងចូវ ប្រាប់លោក ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (China Road and Bridge Corporation-CRBC) ជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនសំណង់គមនាគមន៍ចិន ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមការគ្រោងទុក។
លោក ហ៊ុន ម៉ាណែត រំពឹងថា ព្រែកជីកហ្វូណននឹងសាងសង់រួចរាល់តាមការគ្រោងទុកក្រោយចិនគាំទ្រ
ជំនួបនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសំណង់គមនាគមន៍ចិន ឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗជាមួយភាគីកម្ពុជា កាលពីថ្ងៃទី១៧មេសា សម្រាប់ការអនុវត្តគម្រោងសាងសង់ព្រែកជីកហ្វូណន ដែលមានតម្លៃ ១.៧ ពាន់លានដុល្លារ។
ទំព័រហ្វេសប៊ុកលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ភាគីកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន០៥ ក្នុងភាពជាដៃគូរដ្ឋនិងឯកជន ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬគម្រោងព្រែកជីកហ្វូណនតេជោ។ លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមលើហ្វេសប៊ុកថា កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង០៥ ដែលបានចុះហត្ថលេខានោះ មានទំហំទឹកប្រាក់ ១.១ ពាន់លានដុល្លារ រួមមាន កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន កិច្ចព្រមព្រៀងវិនិយោគ កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និងកិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
អ្នកអត្ថាធិប្បាយបញ្ហានយោបាយលោក គឹម សុខ មើលឃើញថា រដ្ឋាភិបាលត្រកូល «ហ៊ុន» បានព្យាយាមឱ្យចិនជួយជីកព្រែកហ្វូណន ឱ្យបានចប់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៨ នៅក្នុងឆ្នាំ២០២៨ខាងមុខនេះ ទោះគម្រោងនេះ ត្រូវធ្វើឡើងទាំងត្រដាបត្រដួសដោយសារខ្វះថវិកា អំឡុងពេលកម្ពុជា និងចិនកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដូចគ្នាយ៉ាងណាក្ដី។
គោលដៅរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលមានផែនការប្រឹងជីកព្រែកឱ្យចប់ មុនការបោះឆ្នោតនៅឆ្នាំ២០២៨ គឺដោយសារពួកគេចង់យកព្រែកជីកនេះ ទៅបង្ហាញប្រជាពលរដ្ឋថាជាសមិទ្ធផលធំ ក្រោមការដឹកនាំអាណត្តិទី១របស់លោក ហ៊ុន ម៉ាណែត។ ពីព្រោះ បើអត់មានសមិទ្ធផលព្រែកជីកហ្វូណនទេ លោក ហ៊ុន ម៉ាណែត អត់មានសមិទ្ធផលអ្វីសំខាន់សោះឡើយ ហើយរឿងដែលសំខាន់បំផុត គឺមានតែការធ្លាក់ចុះសេដ្ឋកិច្ច វិបត្តិសង្គម វិបត្តិនយោបាយ វិបត្តិក្រីក្រ វិបត្តិវ័ណ្ឌកបំណុលរបស់ប្រជាពលរដ្ឋ ដែលគ្មានអ្វីឃោសនាប្រាប់ប្រជាពលរដ្ឋឡើយ។— លោក គឹម សុខ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅពេលជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី១៧មេសា។ ប្រធានាធិបតីចិនបានធ្វើដំណើរចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៨មេសា ក្រោយពីបញ្ចប់បេសសកម្មបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសចំនួន៣ក្នុងតំបន់អាស៊ាន គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជា។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា មើលឃើញដែរថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះ ទំនងជាការអនុវត្តតាមយុទ្ធសាស្ដ្រវាយលុកក្ដោបយកសេដ្ឋកិច្ចពិភពលោកនិងតំបន់ និងភូមិសាស្រ្ដនយោបាយ ស្របពេលសហរដ្ឋអាមេរិកហាក់ងាកចេញក្នុងនាមជាអ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោក និងដំឡើងពន្ធលើបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។
ក្រោយពីលោក ស៊ី ជីនពីង បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋាភិបាលកម្ពុជានិងចិនក៏បានសេចក្ដីថ្លែងការណ៍ ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល គំនិតផ្ដួចផ្ដើមសន្ដិសុខសកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សកល ខណៈភាគីទាំងពីរបញ្ជាក់ជាថ្មីពីមិត្តភាពដែកថែប ដែលជឿទុកចិត្តនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។