កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
19/04/2025 – 11:02
ដោយ៖ សឹម ចាន់សំណាង
RFI
កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្តងទៀតពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និងថា មានតែរដ្ឋាភិបាលក្រុងប៉េកាំងមួយគត់ដែលស្របច្បាប់ និងតំណាងឲ្យប្រទេសចិនទាំងមូល។ ការចេញមកបញ្ជាក់ជាថ្មីរបស់កម្ពុជាពេលនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិតៃវ៉ាន់ចំនួន១៨០នាក់ ទៅចិននៅប៉ុន្មានថ្ងៃ មុនទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជាកាលពីថ្ងៃទី ១៧ និង១៨មេសា ឆ្នាំ ២០២៥។
កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រគោលនយោបាយ «ចិនតែមួយ»
សេចក្តីថ្លែងការណ៍រួមរបស់ភាគីកម្ពុជា និងចិនស្តីពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ចេញផ្សាយថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ចិនតែមួយ និងថា តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិនបានឡើយ។ ត្រង់ចំណុចនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់នូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចឲ្យបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងដាច់ខាតនូវ «ឯករាជ្យភាពតៃវ៉ាន់»។ ក្នុងន័យនេះ កម្ពុជាបានអះអាងពីការមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ ទោះស្ថិតក្នុងទម្រង់បែបណាក៏ដោយ និងថា កម្ពុជាប្រឆាំងនឹងការយកបញ្ហាតៃវ៉ាន់ ស៊ីនជាំង និងហុងកុងធ្វើជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬរារាំងចិន។
គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុនទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋចិនលោក ស៊ី ជីងពីងនៅកម្ពុជា តៃវ៉ាន់តាមរយៈក្រសួងការបរទេសបានសម្តែងក្តីបារម្ភ និងមិនសប្បាយចិត្ត បន្ទាប់ពីកម្ពុជាចាប់បញ្ជូនជនជាតិតៃវ៉ាន់ជាច្រើននាក់ទៅឲ្យប្រទេសចិន។ ក្រសួងការបរទេសតៃវ៉ាន់បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៤ មេសាថា មានជនជាតិតៃវ៉ាន់ប្រមាណ ១៨០នាក់ ត្រូវបានចាប់ខ្លួនកាលពីចុងខែមីនានៅក្នុងយុទ្ធនាការបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ តាមក្រសួងការបរទេសតៃវ៉ាន់ តៃវ៉ាន់ចង់ឃើញកម្ពុជាចាប់បញ្ជូនជនសង្ស័យតៃវ៉ាន់ទៅឲ្យតៃវ៉ាន់ដើម្បីកាត់ទោសតាមច្បាប់ដែលមានលក្ខណៈស្តង់ដារ។
ក្នុងសំណុំរឿងនេះត្រូវបានក្រសួងការបរទេសកម្ពុជាតាមរយៈអ្នកនាំពាក្យចេញសេចក្តីបំភ្លឺមួយនៅថ្ងៃទី១៥ មេសាថា អាជ្ញាធរកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅទីក្រុងភ្នំពេញដោយចាប់បានជនជាតិចិនមួយចំនួន ក្នុងនោះក៏មានជនជាតិតៃវ៉ាន់ផងដែរ និងបានប្រគល់ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងប្រទេសចិន។ តាមក្រសួងការបរទេសកម្ពុជា វិធានការចាប់បញ្ចូនខាងលើនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមច្បាប់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាធ្វើបត្យាប័ន និងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខកម្ពុជា-ចិនលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងគោលនយោបាយចិនតែមួយ។

តែក្រសួងការបរទេសតៃវ៉ាន់យល់ឃើញថា គឺមកពីកម្ពុជារងសម្ពាធរបស់ចិនទើបកម្ពុជាបដិសេធមិនបញ្ជូនបញ្ជីឈ្មោះជនជាតិតៃវ៉ាន់ ឬបញ្ជាក់ចំនួនជនជាតិតៃវ៉ាន់ដែលកម្ពុជាចាប់បញ្ជូនទៅប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters៕