កម្ពុជា
23/04/2025 – 10:22
ដោយ៖ អ៊ឹង ប៊ុនថន
RFI
តុលាការសហព័ន្ធក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានចេញដីកាមួយ នៅថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០២៥ ដោយបង្គាប់ឲ្យទទួលយកបុគ្គលិករបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ចូលធ្វើការវិញ។ សេចក្តីសម្រេចនេះ ធ្វើឡើង បន្ទាប់ពីចៅក្រមបើកសវនាការទៅលើបណ្តឹងរបស់អ្នកតំណាងវិទ្យុទាំងពីរនេះ ដែលបានតវ៉ាប្រឆាំងនឹងការផ្តាច់ជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ទៅតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមីនា។
តុលាការអាមេរិកបង្គាប់ឲ្យទទួលយកបុគ្គលិកវិទ្យុអាស៊ីសេរី RFA និង វិទ្យុVOA ចូលធ្វើការវិញ
នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី២២មេសា ចៅក្រមតុលាការសហព័ន្ធប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោក Royce Lamberth បានបង្គាប់ឲ្យទទួលយកបុគ្គលិករបស់ VOA និង RFA ដែលត្រូវបានបញ្ឈប់កន្លងមកឲ្យចូលធ្វើការវិញ និងរក្សាតួនាទីដូចមុន ថ្ងៃទី១៤ខែមីនា ព្រមទាំងបានបញ្ជាឲ្យបន្តផ្តល់ជំនួយឡើងវិញ ទៅកាន់ស្ថានប័នព័ត៌មានទាំងពីរនេះ។
ភ្លាមៗ លោក Michael Abramowitz នាយកគ្រប់គ្រងវិទ្យុ VOA បានសំដែងការពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់លោកចៅក្រម Royce Lamberth។ លោកចាត់ទុកការសម្រេចរបស់តុលាការថា ជាការបើកផ្លូវឲ្យបុគ្គលិក VOA ទាំង១៣០០ នាក់ រួមទាំងបុគ្គលិកក្រៅម៉ោងត្រឡប់ទៅធ្វើការវិញ និងបំពេញតួនាទីរបស់ពួកគេ ក្នុងការផ្តល់ព័ត៌មានផ្អែកលើការពិត អំពីអាមេរិក និងគោលនយោបាយរបស់ខ្លួនទៅកាន់ពិភពលោក ខណៈដែលសត្រូវរបស់អាមេរិកកំពុងផ្សព្វផ្សាយឥតឈប់ឈរ ដើម្បីបង្ខូចឈ្មោះអាមេរិក។
លោក Christopher Murphy សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានគូសបញ្ជាក់លើបណ្តាញសង្គមរបស់លោកថា «ជាការពិតណាស់ ការបិទសំឡេងរបស់វិទ្យុ VOA ធ្វើឡើងដោយការបំពានច្បាប់។ លោកបន្ថែមថា VOA ត្រូវបានអនុញ្ញាតឲ្យដំណើរការដោយសភា តាមរយៈការបោះឆ្នោតដោយតម្លាភាព។ បើតាមសមាជិកព្រឹទ្ធសភារូបនេះ លោកប្រធានាធិបតី ត្រាំ មិនអាចព្រងើយកន្តើយបានឡើយ។ ការមិនអនុវត្តច្បាប់ដែលអនុម័តដោយសភាគឺជាការរំលោភរដ្ឋធម្មនុញ្ញអាមេរិក។

សូមបញ្ជាក់ថា កាលពីអំឡុងខែមីនាឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកាត់ផ្តាច់ជំនួយទាំងស្រុងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាភ្នាក់ងារផ្តល់ជំនួយបន្តទៅកាន់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអឺរ៉ុបសេរី (RFE)។ ចំណាត់ការរបស់រដ្ឋបាលលោកដូណាល់ ត្រាំបានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់បុគ្គលិកចំនួន ១៣០០នាក់នៅវិទ្យុ VOA និងរាប់រយនាក់ផ្សេងទៀត នៅវិទ្យុអាស៊ីសេរី (RFA) ក្នុងនោះមានទាំងបុគ្គលិកជនជាតិខ្មែរផងដែរ។ ចំណែកវិទ្យុអឺរ៉ុបសេរី បានឈ្នះក្តីលើបទបញ្ជារបស់លោក ដូណាល់ ត្រាំ តាំងពីដំបូងទី ដោយសារតែតំណាង លោកត្រាំ សុំចុះចាញ់ដោយមិនចង់តតាំងក្តីនៅតុលាការ៕