កម្ពុជា
25/04/2025 – 12:04
ដោយ៖ សាំ ឧត្តម
RFI
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិបរទេសស្បែកខ្មៅ២នាក់ ក្នុងចំណោមជនល្មើសសរុប៥នាក់ ក្រោយប្រើវិធីសាស្ត្រថ្មីឆបោកប្រាក់ជនរងគ្រោះម្នាក់អស់ប្រាក់ប្រមាណ៧លានដុល្លារអាមេរិក។ ជនជាតិបរទេសទាំង២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនត្រូវបានបញ្ចូនតាមនីតិវិធីទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ខណៈបក្ខពួកសេសសល់៣នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
កងអាវុធហត្ថចាប់ខ្លួនជនជាតិស្បែកខ្មៅ២នាក់ ក្រោយឆបោកប្រាក់ជនរងគ្រោះម្នាក់ជាង៧លានដុល្លារ
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានក្រើនរំលឹកឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្រោយសមត្ថកិច្ចទើបបង្ក្រាបបានជនល្មើសជាជនជាតិស្បែកខ្មៅ២នាក់ធ្វើសកម្មភាពឆបោកប្រាក់របស់ជនរងគ្រោះម្នាក់អស់ប្រាក់ប្រមាណ៧លានដុល្លារអាមេរិក។ លោក រ័ត្ន ស្រ៊ាង ពុំបានបញ្ជាក់ថា ជនរងគ្រោះនោះជាពលរដ្ឋខ្មែរ ឬជាជនជាតិបរទេសឡើយ ខណៈជនល្មើសជាជនជាតិស្បែកខ្មៅវិញ សមត្ថកិច្ចទើបតែចាប់ខ្លួនបាន២នាក់កាលពីថ្ងៃទី១៩ ខែមេសា ដោយនៅបន្តតាមស្វែងរកជនល្មើស៣នាក់ផ្សេងទៀតដើម្បីយកមកអនុវត្តទោស។
មេបញ្ជការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា ករណីឆបោកនេះ គឺជាល្បិចឆបោកដដែលៗរបស់ជនទុច្ចរិត តែងបន្តមានប្រសិទ្ធភាព។ ជាក់ស្តែង ករណីឆបោកថ្មីចុងក្រោយ លោក រ័ត្ន ស្រ៊ាង បានរៀបរាប់ថា មានជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ៥នាក់ លួងលោម និងសន្យាផ្តល់ផលចំណេញ១ទ្វេជា៣ ឬ១ទ្វេជា៥ ប្រសិនបើជនរងគ្រោះជួយពួកគេ។
ជនល្មើសបាននិយាយថា ពួកគេមានលុយប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់ចាយបាន។ ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតចំនួន២ពាន់ដុល្លារឱ្យក្រុមឆបោកជាជនជាតិស្បែកខ្មៅដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម្សៅ និងដាក់លុយប្រឡាក់ទឹកខ្មៅចូល៨ពាន់ដុល្លារអាមេរិក។
តែ មុនពេលក្រឡុក ក្រុមឆបោកបានឱ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមី ហើយក្រុមឆបោកក៏លេបថ្នាំនោះមុន។ ក្រោយប្រឡុកលាងប្រាក់ប្រឡាក់ទឹកខ្មៅមួយសន្ទុះ ប្រាក់ដុល្លារពិតប្រាកដចេញមកវិញចំនួន១ម៉ឺនដុល្លារ ហើយបានប្រគល់ប្រាក់ទាំងអស់នោះឱ្យទៅជនរងគ្រោះ។ ដោយការជឿទុកចិត្ត ជនរងគ្រោះក៏បន្តផ្តល់ប្រាក់ដុល្លារពិតប្រាកដជាបន្តបន្ទាប់រហូតដល់៧លានដុល្លារអាមេរិកឱ្យជនឆបោក ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន២៨លានដុល្លារអាមេរិក ហើយក្រុមឆបោកបានបែងចែកឱ្យជនរងគ្រោះចំនួន២៥លានដុល្លារអាមេរិក។

ក្នុងសំណេរដដែលបានបន្តថា រាល់ពេលប្រាក់ចេញពីម៉ាស៊ីនម្តងៗ គឺក្រុមឆបោកបានវេចខ្ចប់ស្កុតពណ៌លឿង និងប្រាក់ថា ប្រាក់ទាំងនេះមិនទាន់ឱ្យហែកនោះទេ ដោយត្រូវទុកជាច្រើនខែសិន ទើបហែកស្កុតបាន ខណៈជនឆបោកបាននិយាយបង្ការថា បើមិនដូច្នោះទេ ប្រាក់នោះនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ មួយខែមក ជនរងគ្រោះក៏មានការសង្ស័យ ហើយក៏ហែកដុំប្រាក់នោះមើល ក៏ឃើញថា មានសុទ្ធតែប្រាក់ដុល្លារខ្មោច និងក្រដាសសុទ្ធទាំងអស់។
តាមលោក រ័ត្ន ស្រ៊ាង នេះជាបទពិសោធន៍ថ្មី ដែលទាមទារឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ ដើម្បីជៀសវាងពីការខាតបង់ប្រាក់កាស និងទ្រព្យសម្បត្តិនានា។ មួយវិញទៀត លោកបានណែនាំឱ្យពលរដ្ឋកុំមានសេចក្តីលោភលន់ ហើយបាត់អស់ការពិចារណា ព្រោះថា ពុំមានផលប្រយោជន៍ឯណាមកដោយឯកឯងឡើយ ៕