មន្ត្រីផ្នែកថវិកាអាមេរិកជួប លោក ហ៊ុន ម៉ាណែត និងមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា

កម្ពុជា
27/04/2025 – 08:24
ដោយ៖ អ៊ឹង ប៊ុនថន
RFI

មន្ត្រី​ជាន់​ខ្ពស់​ព្រឹទ្ធ​សភា​អាមេរិក ​ផ្នែក​ថវិកា​ លោក​ Paul Grove ​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ក្នុង​សប្តាហ៍​នេះ ដោយ​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​នៅថ្ងៃ​ទី​២៦ ខែ​មេសា​ឆ្នាំ​២០២៥​។

មន្ត្រីផ្នែកថវិកាអាមេរិកជួប លោក ហ៊ុន ម៉ាណែត និងមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា


ស្ថាន​ទូត​អាមេរិក​មិន​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ជំនួប​រវាង លោក Paul Grove​ លេខា​ធិ​ការ​ នៃ​អនុ​គណៈកម្មការ​ថវិកា​ ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ ដែលបានជួប​លោក ហ៊ុន ម៉ាណែត និង​លទ្ធផល​នៃ​ជំនួប​ជា​មួយមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​នោះ​ទេ​។ ​ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ RFI បាន​សាកសួរ​អះ​អាង​ថា ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ចេញ​មក​ជា​សាធារណៈ​ពី​លទ្ធផល​ជំនួប​នោះ​ដែរ​។

ចំណែក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បាន​សរ​សេរ​ខ្លី​លើ​ហ្វេស​ប៊ុក​ថា លោក​បានជួប​ជាមួយ ​លោក Paul Grove​ លេខាធិ​ការ​ នៃ​អនុគណៈ​កម្មការ​ថវិកា​ ព្រឹទ្ធសភា​អាមេរិក  ដោយ​ពិភាក្សា​ការ​ងារ​ ស្តីពី​កិច្ចសហ​ប្រតិបត្តិ​ការ​អនាគត​រវាង​កម្ពុជា-សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ ទី​២៥ មេសា ២០២៥​។

រីឯ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​បាន​សរសេរថា លោក Paul Grove មន្ត្រី​ជាន់​ខ្ពស់ នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ប្រជុំ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកឧប​នាយក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងមន្រ្តី​រដ្ឋាភិបាល​ដទៃ​ទៀត ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី ទំនាក់​ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​។ ស្ថាន​ទូត​អាមេរិក​បាន​ក៏​បន្ថែម​ថា លោក Paul​ Grove ​ក៏បាន​ជួប​ជាមួយ​សង្គម​ស៊ីវិល និង​អ្នក​ធ្វើការ​ផ្នែកសុខ​ភាព​សាធារណៈ នៅ​ក្នុង​អំឡុង​ពេល​នៃ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​។

ឧបនាយក​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល ​ទទួលបន្ទុក​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​គូស​បញ្ជាក់​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា ក្នុង​ជំនួប​រវាង​លោក និង​លោក Paul Grove ភាគី​ទាំងពីរ​បាន​ពិភាក្សា​ជុំវិញ​ស្ថាន​ភាព​សង្គម សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​នានា ដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​អំពី​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក នៅក្នុង​បរិការណ៍​សកលនា​ពេល​បច្ចុប្បន្ន​។ ​ទន្ទឹម​នឹង​នេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាលើ​ការ​ជំរុញ​ការ​វិនិយោគ​បន្ថែម​ពី​សហរដ្ឋ​អាមេរិក មក​កាន់​កម្ពុជា​ផងដែរ​។

លោក Paul Grove លេខាធិការ នៃអនុគណៈកម្មការថវិកា ជូបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី២៥ មេសា ២០២៥ នៅវិមានសន្តិភាព
លោក Paul Grove លេខាធិការ នៃអនុគណៈកម្មការថវិកា ជូបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី២៥ មេសា ២០២៥ នៅវិមានសន្តិភាព © STPM

ជាការ​កត់​សំគាល់​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​ព្រឹទ្ធសភា​អាមេរិក​មក​កម្ពុជា​ពេល​នេះ​ គឺ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ប្រកាស​យក​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​ចំនួន ៤៩% តែ​ទម្លាក់​មក​នៅ​១០% ​ដោយ​ទុក​ពេល​ឲ្យចរចា​ក្នុង​រង្វង់​៩០​ថ្ងៃ ​និង​ក្រោយ​ពេល​ដែល​អាមេរិក​បង្ហាញពី​បំណង​យកពន្ធ​លើ​បន្ទះ​សូឡា​របស់​កម្ពុជា​ដល់​ទៅជាង​៣៥០០%​ដែល​នាំ​ចេញ​ទៅអាមេរិក​៕

What Next?

Recent Articles