កម្ពុជា
27/04/2025 – 11:12
ដោយ៖ ហ៊ុល រស្មី
RFI
អង្គការសមាគមធាងត្នោត បានរកឃើញថា តំបន់តាំងទីលំនៅចំនួន០៦ក្នុងទីក្រុងរាជធានីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់គ្រាន់ និងការតភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ ខណៈពលរដ្ឋកំពុងរងសម្ពាធនៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍រកឃើញថា តំបន់ដែលសម្បូរដោយប្រជាពលរដ្ឋក្រីក្រទាំងនោះ ខ្វះផ្លូវបេតុង ប្រព័ន្ធលូ និងទឹកស្អាត ហើយក៏មានការលំបាកក្នុងការទទួលបានសេវាថែទាំសុខភាព និងការអប់រំឲ្យបានពេញលេញ។
សមាគមធាងត្នោត៖ លំនៅដ្ឋានក្រីក្រខ្លះក្នុងក្រុងភ្នំពេញខ្វះហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតប្រើប្រាស់
តាមរបាយការណ៍របស់អង្គការសមាគមធាងត្នោតដែលបានចេញផ្សាយនៅខែមេសានេះ ប្រជាពលដ្ឋដែលរស់នៅតំបន់មានការតាំងទីលំនៅ បានប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត ដូចជា ភាពរងគ្រោះផ្នែកសេដ្ឋកិច្ច ដោយទីតាំងឆ្ងាយពីក្រុង បានក្លាយជាឧបសគ្គដល់ស្ថិរភាពការងារ ហើយនាំឲ្យជីវភាពរស់នៅរបស់ពលរដ្ឋនៅតែមានកម្រិតទាប។
លើសពីនេះ របាយការណ៍បានរៀបរាប់ទៀតថា ទីតាំងដែលមានការតាំងទីលំនៅថ្មីទាំងនោះ ជារឿយៗប្រឈមនឹងបញ្ហាដូចជា ទឹកកខ្វក់ ការកើនកម្តៅ លំនៅដ្ឋានមិនទាន់សមរម្យ និងកង្វះហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ នៅគ្រាដែលប្រជាពលរដ្ឋមានការយល់ដឹងតិចតួចអំពីវិធីសាស្ត្របន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស បដិសេធផ្តល់ការធ្វើអត្ថាធិប្បាយ ដោយអះអាងថាលោកស្រីមិនទាន់បានឃើញរបាយការណ៍របស់អង្គការសមាគមធាងត្នោតនៅឡើយ។
សូមជម្រាបថា ក្នុងការចងក្រងរបាយការណ៍ចុងក្រោយនេះ អង្គការសមាគមធាងតោ្នតបានជ្រើសរើសទីតាំងលំនៅដ្ឋានក្រីក្រនៅទីតាំងចាស់ និងទីតាំងថ្មី ជាច្រើនកន្លែងដូចជានៅ វិហារសួគ៌ជើង សង្កាត់វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងនៅបឹងតាមោកក្នុងភូមិឃុំចំនួនពីរក្នុងទីក្រុងភ្នំពេញគឺភូមិស្រែដូនតូច និងសង្កាត់ពន្សាំងក្នុងខណ្ឌព្រែកព្នៅ។

តាមរបាយការណ៍ដដែលរបស់អង្គការសមាគមធាងត្នោតដែលមានកម្រាស់៣២ទំព័រ ប្រជាពលរដ្ឋរស់នៅ តំបន់ដែលមានការតាំងលំនៅដ្ឋានថ្មី ត្រូវបានរួមរឹតដោយស្ថានភាពប្រឈមផ្សេងទៀត ដូចជា កង្វះប្រព័ន្ធគាំពារសង្គម និងស្ថានភាពតានតឹងផ្លូវចិត្ត។ ចំណែកទំនាក់ទំនងសង្គម និងភាពស្អិតរមួតរបស់ពួកគេក៏បានធ្លាក់ចុះ ខណៈគ្រួសារមួយចំនួនបានបាត់បង់ប្រព័ន្ធគាំពារសង្គម ដោយសារប័ណ្ណសមធម៌ផុតសុពលភាព និងមិនអាចបន្តដើម្បីប្រើប្រាស់នៅទីតាំងថ្មី។
ដើម្បីឆ្លើយតបនឹងផលវិបាកទាំងនេះ របាយការណ៍បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដូចជា ដើម្បីកែលម្អការផ្តល់សេវាសាធារណៈរួមមានការផ្គត់ផ្គង់ទឹកសា្អត អនាម័យ អគ្គិសនី សេវាថែទាំសុខភាព និងការអប់រំ អាជ្ញាធរមូលដ្ឋានគួរតែបង្កើតក្រុមការងារជំនាញដោះស្រាយបញ្ហាទាក់ទងនឹងការតាំង ទីលំនៅថ្មី ដើម្បីធានាឲ្យបាននូវដំណោះស្រាយទាន់ពេលវេលា។ ម៉្យាងវិញទៀត សេវាសាធារណៈជាមូលដ្ឋានទាំងនេះ គួរត្រូវបានរៀបចំឲ្យបានរួចរាល់មុនពួកគេទៅដល់ទីតាំងថ្មី។ អាជ្ញាធរមូលដ្ឋានក៏គួរពិនិត្យមើលលទ្ធភាពក្នុងការស្វែងរកដៃគូអភិវឌ្ឍន៍ដែលអាចផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនឱកាសការងារ៕