ដោយ ហ៊ុំ ចំរើន
2025.04.27
RFA
ក្នុងរយៈពេលជិត៤ខែ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរចំនួន៩៨នាក់ ក្នុងនោះស្រ្ដីមានចំនួន៩៧នាក់ ត្រូវអាជ្ញាធរចិនបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានគេជួញដូរទៅឱ្យរៀបការប្ដីទាំងបង្ខំនៅប្រទេសចិន។ សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្ក្រាបលើក្រុមឧក្រិដ្ឋជនដែលជាមេខ្លោងធំៗ នៃអំពើជួញដូរមនុស្ស ទើបអាចធ្វើឱ្យបទល្មើសថយចុះ។

សេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាចេញផ្សាយកាលពីថ្ងៃទី២២មេសា ស្ដីពីវិធានការប្រឆាំងការលួងលោមស្ដ្រីខ្មែរឱ្យរៀបការប្ដីនៅក្រៅប្រទេស ឬទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ លើកឡើងថា នៅក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិនានា ក៏ទប់ស្កាត់បានអ្នកដំណើរ១០៧នាក់ ដែលមានស្រ្ដី៨២នាក់ ក្នុងនោះពលរដ្ឋខ្មែរចំនួន៩៣នាក់ ជាប់ពាក់ព័ន្ធនឹងការជួយដូរមនុស្ស។
ជនរងគ្រោះពីការជួញដូរមនុស្ស ត្រូវបានប្រគល់ទៅឱ្យគ្រួសារវិញ និងខ្លះប្រគល់ទៅឱ្យនាយកដ្ឋានគាំពារជនរងគ្រោះ និងគាំពារអនីតិជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ចនៅខេត្តស្វាយរៀង។ ចំណែកអ្នកសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្សទៅក្រៅប្រទេស ត្រូវបានប្រគល់ទៅស្នងការខេត្ត និងអគ្គស្នងការនគរបាលជាតិ ដើម្បីស្រាវជ្រាវនិងអនុវត្តនីតិវិធីបន្ត។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ប្រាប់អាស៊ីសេរីថា ករណីនេះអាចជាលើកទី១ ដែលអាជ្ញាធរចិនបានបញ្ជូនស្ដ្រីខ្មែរក្នុងទ្រង់ទ្រាយធំត្រឡប់មកមក្ពុជាវិញ ព្រោះកន្លងមក អាជ្ញាធរចិនតែងលាក់បាំងព័ត៌មានដែលស្ដ្រីខ្មែរត្រូវគេជួញដូរទៅប្រទេសចិន។
លោកបន្តថា បញ្ហាជួញដូរមនុស្សពីកម្ពុជាទៅក្រៅប្រទេស មិនបានថមថយនោះទេ ជាពិសេសស្ថិតក្នុងពេលពិភពលោកកំពុងប្រឈមវិបត្តិសង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិក និងចិន និងបញ្ហាជម្លោះប្រដាប់អាវុធនៅប្រទេសមួយចំនួន គឺជាឱកាសក្រុមជនល្មើសឆ្លៀតធ្វើសកម្មភាពកាន់តែខ្លាំង។ លោក មឿន តុលា បន្តថា ក្រុមជនរងគ្រោះខ្លះបញ្ជាក់ថា អំពើជួញដួរមនុស្ស ក៏អាចជាប់ពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនដែរ។
ជនល្មើសក៏មានគ្នាជាប្រព័ន្ធដែរ អ៊ីចឹង ការចាប់ជនល្មើស ចំណាត់ការលើជនល្មើស នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ យើងចាប់ (ជនល្មើស) បានតែតូចតាច ដោយឡែកមេខ្លោងធំ អត់ទាន់បាន។ ដល់ពេលអត់ទាន់បាន វាធ្វើឱ្យករណីជួញដូរ កាន់តែអាក្រក់ទៅៗ។— លោក មឿន តុលា
ស្ដ្រីដែលធ្លាប់រងគ្រោះពីការជួញដូរទៅលក់ដើម្បីបង្ខំឱ្យរៀបការប្ដីនៅប្រទេសចិន កាលពី៦ឆ្នាំមុន ថ្លែងប្រាប់អាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះថា ដោយសារ លោកស្រីនៅវ័យក្មេង ម្ដាយឈឺ ហើយឪពុកទើបតែស្លាប់ និងគ្រួសារក្រីក្រ ទើបធ្វើឱ្យលោកស្រីមិនអាចគិតវែងឆ្ងាយ ហើយក៏ឆាប់ជឿតាមការលួងលោមពីមេខ្យល់ជាជនជាតិខ្មែរ ដែលបានសន្យាជួយនាំលោកស្រីឱ្យទៅធ្វើការនៅក្នុងប្រទេសចិន ដែលអាចទទួលបានប្រាក់ខែខ្ពស់ជាង១ពាន់ដុល្លារក្នុងមួយខែ។
ស្រ្ដីវ័យជិត៤០ឆ្នាំរូបនេះបន្តថា មេខ្យល់បាននាំលោកស្រី និងស្ដ្រីខ្មែរដ៏ទៀតទៀត ជិះរថយន្ត ធ្វើដំណើរពីខ្មែរឆ្លងដែនចូលទឹកដីវៀតណាម និងបានធ្វើដំណើរអស់រយៈពេល៧យប់ដោយឆ្លងកាត់តំបន់ព្រៃភ្នំ ហើយកន្លែងខ្លះត្រូវប្ដូរពីជិះរថយន្តមកជិះម៉ូតូដើម្បីគេចពីប៉ូលិស ទើបទៅដល់ប្រទេសចិន។
លោកស្រីបន្ថែមថា នៅពេលឆ្លងដែនចូលដីចិន គឺមានប្ដីប្រពន្ធជនជាតិចិនមួយគូ រង់ចាំស្រាប់ដោយត្រៀមរថយន្តសម្រាប់ដឹកលោកស្រី និងស្ដ្រីខ្មែរម្នាក់ទៀត ទៅផ្ទេរឱ្យរថយន្តដឹកបន្តជាច្រើនកន្លែងទៀត ទម្រាំទៅដល់គ្រួសារ ដែលគេបានលក់លោកស្រីឱ្យរៀបការជាមួយបុរសជនជាតិចិនមានសតិមិនល្អ។
ខ្ញុំឆ្ងល់ថា នាំយើងទៅធ្វើការ ម៉េចក៏រយ៉េរយ៉ៃច្រើនម្ល៉េះ រត់គេចប៉ូលិសធ្វើអីហ្នឹង ខ្ញុំថាអ៊ីចឹង។ ខ្ញុំឆ្ងល់ពីរនាក់អាអ៊ី (ស្ដ្រីរងគ្រោះម្នាក់ទៀតជិះឡានជាមួយគ្នា) ហើយចេះតែឆ្ងល់តែពីរនាក់ ប៉ុន្តែមិនដឹងនិយាយជាមួយគេយ៉ាងម៉េច ព្រោះយើងមិនចេះចិនផង។ ពីរនាក់គ្នាខ្ញុំជជែកគ្នាថា មកធ្វើការនៅចិនសប្បាយ តែសប្បាយស្អី ពិបាកជាងនៅខ្មែរទៀត។…ខ្ញុំថា ទ្រាំទៅ គេធ្វើម៉េចធ្វើទៅ ឱ្យតែគេយកយើងទៅធ្វើការងារ ប៉ុន្តែពិតប្រាកដមានដឹងឯណា គេយកយើងទៅលក់អ៊ីចឹងណា ព្រោះយើងនៅក្មេងរាងឆោតដែរ។— ស្ដ្រីសុំមិនបញ្ចេញឈ្មោះ
ស្រ្ដីរងគ្រោះរូបនេះលើកឡើងទៀតថា ក្រោយត្រូវបានបង្ខំឱ្យរៀបការប្ដីទី១ និងកើតបានកូនស្រីម្នាក់ ឪពុកម្ដាយក្មេក ក៏បានប្រើហិង្សា និងជេរស្ដីធ្វើបាបផ្លូវចិត្ត បង្ខំឱ្យលោកស្រីត្រូវប្រញាប់ពរពោះជាលើកទី២ ដើម្បីយកកូនប្រុស ទាំងដែលលោកស្រីនៅហើមដៃហើមជើង និងនៅឈឺតាមថ្នេរដែលវះកាត់ពីការសម្រាលកូននៅឡើយ។
លោកស្រីបញ្ជាក់ថា ក្រោយរួមរស់ជាមួយប្ដីទី១បាន៤ឆ្នាំ លោកស្រីក៏បានរត់ចេញពីផ្ទះទៅពឹងបុរសជនជាតិចិនម្នាក់ទៀតឱ្យជួយ ហើយក៏បានរៀបការជាមួយប្ដីទី២ និងមានកូនប្រុសម្នាក់។ ប៉ុន្តែក្រោយរួមរស់ជាមួយគ្នាបានមួយរយៈ ប្ដីទី២ ក៏ចាប់ផ្ដើមជេរស្ដី និងវាយធ្វើបាបច្របាច់ក ហើយម្ដងម្កាល ប៊ិះនឹងធ្វើឱ្យលោកស្រីបាត់បង់ជីវិត។ ស្រ្ដីរងគ្រោះដដែលនេះលើកឡើងថា ក្រោយនៅជាមួយប្ដីទី២បានរយៈពេល២ឆ្នាំ លោកស្រីក៏បានទាក់ទងមន្ត្រីស្ថានទូតខ្មែរ ដើម្បីឱ្យជួយសង្គ្រោះលោកស្រីបានវិលមកកម្ពុជា។
អាប្ដីទី១ វាពិបាកហើយ មកយកអាអ្នកយើងត្រូវចិត្តដោយខ្លួនឯង រឹតតែពិបាកលើសហ្នឹងទៀត ខ្ញុំគិតថា អានេះកម្មខ្ញុំ…។ បើការងារនៅស្រុកខ្មែរមានច្រើន បានប្រាក់ខែគ្រាន់បើ គ្នាមិនចំណាកស្រុកទៅដល់ស្រុកគេទេបង។ បើប្រាក់ខែនៅខ្មែរតិចតួច ដូច្នេះគ្នាមិនទៅស្រុកគេ។— ស្ដ្រីសុំមិនបញ្ចេញឈ្មោះ
កាលពីពេលថ្មីៗនេះ ស្ដ្រីម្នាក់ទៀត បានឡាយ (live) វីដេអូតាមហ្វេសប៊ុកទាំងទឹកភ្នែក សុំកិច្ចអន្តរាគមន៍ទៅប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ឱ្យជួយសង្គ្រោះនាងត្រឡប់មកប្រទេសកម្ពុជាវិញ។ នាងបានអះអាងថា ត្រូវបានមេខ្យល់ជួញដូរទៅលក់ដើម្បីបង្ខំឱ្យរៀបការប្ដីនៅប្រទេសចិន អស់រយៈពេល៦ឆ្នាំមកហើយ។
ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ ខ្ញុំចង់ជួបជុំបងរបស់ខ្ញុំ ខ្ញុំមានបន្ទុកមួយត្រូវចិញ្ចឹមបងខ្ញុំដែលពិការ។ ខ្ញុំមានតែម្រាមដៃដប់ សុំសម្ដេចតេជោ ហ៊ុន សែន ជួយផង នៅនេះ គេឃាត់ខ្ញុំ គេមិនឱ្យទៅជួបបងប្អូនខ្ញុំទេ ជួយខ្ញុំផង។— ស្ដ្រីរងគ្រោះនិយាយក្នុងវីដេអូ
ចំណែកបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនរាយករណ៍ដែរថា ការចេញវីដេអូសុំកិច្ចអន្តរាគមន៍ទៅថ្នាក់ដឹកនាំពេលនេះ ដោយសារនាង ធ្លាប់ស្នើសុំទៅមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាឱ្យជួយសង្គ្រោះនាងពីពេលមុនដែរ ប៉ុន្តែមិនមានការឆ្លើយតប។ លើសពីនេះ នាងក៏ធ្លាប់រត់គេចពីផ្ទះថែមទៀត ប៉ុន្តែត្រូវបានប៉ូលិសចិនចាប់ខ្លួនប្រគល់ទៅឱ្យប្ដីនាងវិញ។ ប្រភពដដែលបញ្ជាក់ថា នាងកំពុងទទួលរងការធ្វើទារុណកម្ម និងការបង្អត់អាហារជាដើម។
វិទ្យុអាស៊ីសេរីមិនអាចសុំបកស្រាយរឿងនេះ ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បានទេនៅថ្ងៃទី២៧ ខែមេសា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ក្រៅពីការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភដែរ សម្រាប់ប្រទេសកម្ពុជា។
ការឆបោកតាមប្រព័ន្ធអនឡាញ ឬការជួញដូរតាមប្រព័ន្ធអនឡាញ ក៏ជាក្ដីព្រួយបារម្ភ ហើយតែងមានការលើកឡើងជាបន្តបន្ទាប់ ហើយថ្មីៗនេះ អង្គការសហប្រជាជាតិ ក៏បានចេញរបាយការណ៍ស្ដីអំពីការឆបោក និងការជួញដូរតាមប្រព័ន្ធអនឡាញនេះដែរ។— លោក អំ សំអាត
ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចេញផ្សាយរបាយការណ៍ថ្មីមួយស្ដីពីផលប៉ះពាល់នៃមជ្ឈមណ្ឌលឆបោក នៅថ្ងៃទី២១ ខែមេសា បង្ហាញថា ក្រុមឧក្រិដ្ឋជនឆ្លងដែននៅតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ កំពុងពង្រីកខ្លួនកាន់តែជ្រៅនៅតាមតំបន់ដាច់ស្រយាល ឬតំបន់ងាយរងគ្រោះ បន្ទាប់ពីរងការបង្ក្រាបកាន់តែខ្លាំងពីសមត្ថកិច្ច។ របាយការណ៍នេះពិពណ៌នាថា នៅពេលទីតាំងឆបោកមួយ ត្រូវបានបង្ក្រាប វានឹងរីកទៅកាន់កន្លែងជាច្រើនផ្សេងទៀត ដូចជាជំងឺមហារីក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។