នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងវៀតណាម១គ្រឿងកំពុងសំចតនៅមូលដ្ឋានទ័ពរាមកម្ពុជា

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
28/04/2025 – 11:12
ដោយ៖ សឹម ចាន់សំណាង
RFI

នាវាចម្បាំងកងទ័ពជើងទឹកបរទេសកំពុងបន្តចូលចតនៅមូលដ្ឋានទ័ពរាមក្នុងក្រុងព្រះសីហនុ។ បន្ទាប់ពីការសំចតរបស់នាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿងកាលពីថ្ងៃទី២៧ មេសា មាននាវាចម្បាំងកងទ័ពជើងទឹករុស្សីចំនួន៣គ្រឿងបានចូលចតនៅថ្ងៃទី២៨ មេសានេះ។ គួរបញ្ជាក់ថា នាវាកងទ័ពជើងទឹកវៀតណាម និងរុស្សី គឺជានាវាទី២ និងទី៣ ដែលបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ក្រោយបញ្ចប់ការធ្វើទំនើបកម្ម។

នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងវៀតណាម១គ្រឿងកំពុងសំចតនៅមូលដ្ឋានទ័ពរាមកម្ពុជា


គិតត្រឹមពេលនេះ និងបន្ទាប់ពីបានបញ្ចប់ការធ្វើទំនើបកម្ម មាននាវាចម្បាំងបរទេសចំនួន ៣គ្រឿងដែលបានចូលចតនៅមូលដ្ឋានទ័ពរាមក្នុងក្រុងព្រះសីហនុ គឺនាវាជប៉ុនមួយគ្រឿង វៀតណាមមួយគ្រឿង និងរស្ស៊ីចំនួន ៣គ្រឿង។ នាវារបស់វៀតណាមមាននាវិកចំនួន៣៧នាក់ និងត្រូវស្ថិតនៅមូលដ្ឋានទ័ពជើងទឹករាមចំនួន ៣ថ្ងៃពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា។ វត្តមានរបស់នាវាវៀតណាមនៅមូលដ្ឋានទ័ពរាមកម្ពុជាពេលនេះ គឺដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ ជាមួយកងទ័ពជើងទឹកកម្ពុជា និងដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP

ចំណែកនៅព្រឹកថ្ងៃចន្ទ ទី២៨ មេសានេះ គឺជាការចូលចតរបស់នាវាចម្បាំងរុស្សីចំនួន៣គឿងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ វត្តមាននាវាចម្បាំងរុស្ស៊ីនេះធ្វើឡើងក្នុងក្របខណ្ឌពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អប្រសើររវាងកម្ពុជា និងរុស្ស៊ី។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្សីនឹងចូលសំចតនៅកំពង់ផែមូលដ្ឋានទ័ពរាមកម្ពុជា ឬអត់ទេ។ គួរបញ្ជាក់ថា ការសុំចូលចតរបស់នាវាចម្បាំងបរទេសជាបន្តបន្ទាប់នៅកំពង់ផែរាមពេលនេះមិនមែនជារឿងភ្ញាក់ផ្អើលទេ។

មិនភ្ញាក់ផ្អើល ព្រោះប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតធ្លាប់បានបង្ហើបឲ្យដឹងថា បន្ទាប់ពីមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គឺនឹងមាននាវាចម្បាំងបរទេស រួមមានវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិកនឹងចូលសំចតនៅទីនោះ។ តែគេក៏មិនត្រូវភ្លេចនិយាយថា សំណុំរឿងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុនេះតែងត្រូវបានប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកចោទសួរពីឯករាជ្យភាពរបស់កម្ពុជា និងដាក់មន្ទិលសង្ស័យពីការដែលចិនពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់។

គួររំលឹកថា ក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលចិនបានសម្រេចជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។ នៅក្នុងប្រតិបត្តិការធ្វើទំនើបកម្មកាលណោះ មានអគារជាច្រើនដែលជាមូលនិធិរបស់អាមេរិកត្រូវបានកម្ទេចចោលដើម្បីជំនួសឲ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលជាជំនួយរបស់ចិន។ បន្ទាប់ពីបានចំណាយពេលជួសជុលរយ:ពេល ៤ឆ្នាំ មូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានសម្ពោធនៅថ្ងៃទី៥ មេសា ហើយកងទ័ពជើងទឹកកម្ពុជា និងចិនក៏បានបើកសមយុទ្ធរួមគ្នាភ្លាមៗដែរ។

នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងវៀតណាម១គ្រឿងកំពុងសំចតនៅមូលដ្ឋានទ័ពរាមកម្ពុជា
នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងវៀតណាម១គ្រឿងកំពុងសំចតនៅមូលដ្ឋានទ័ពរាមកម្ពុជា © មូលដ្ឋានកងទ័ពជើងទឹករាម

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការមូលដ្ឋានទ័ពរាម ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ដល់នាវារបស់កងទ័ពបរទេសឲ្យចូលសំចតដោយគ្មានការលាក់បាំងអ្វីទាំងអស់។ តែលោក ហ៊ុន ម៉ាណែតក៏មិនភ្លេចបញ្ជាក់ដោយរម្លឹកជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសដាក់តាំងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជាទេ៕

What Next?

Recent Articles