លោក គង់ មុនីកា ថាជំនួបជាមួយលោក ហ៊ុន សែន បានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងនយោបាយ

កម្ពុជា
28/04/2025 – 11:45
ដោយ៖ អ៊ឹង ប៊ុនថន
RFI

នៅព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធ​សភា ៣​រូប​មក​ពី​គណបក្ស​ឆន្ទៈខ្មែរ​ដែល​ជាគណបក្ស​ជំទាស់​តែ​មួយ​គត់​មាន​សំឡេង​នៅ​ក្នុងព្រឹទ្ធ​សភា​អាណត្តិ​ទី៥​។ ​លោក គង់ មុនីកា សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ឲ្យដឹងថា ជំនួប​រវាង​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​។

លោក គង់ មុនីកា ថាជំនួបជាមួយលោក ហ៊ុន សែន បានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងនយោបាយ


លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាវ័យក្មេងនៃគណបក្សឆន្ទៈខ្មែរប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ជំនួបលើកទី២នេះបានពិភាក្សាគ្នាពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈដែលអាមេរិកប្រកាសពីការដំឡើងពន្ធលើទំនិញរបស់កម្ពុជា។ តាមលោក គង់ មុនីកា ជំនួបនេះគឺដើម្បីស្វែងយល់ពីទស្សនៈរបស់អ្នកនយោបាយខ្មែរដើម្បីប្រយោជន៍ខ្មែរ ទោះមកពីគណបក្សផ្សេងគ្នាក៏ដោយ។

ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជាវិញត្រូវបានលោក គង់ មុនីកា បញ្ជាក់ថា សមាជិកព្រឹទ្ធសភាគណបក្សជំទាស់បានស្នើឲ្យមានការបើកលំហប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យមានការអនុញ្ញាតឲ្យសមាជិកគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរចូលសួរសុខទុក្ខសមាជិកគណបក្សជំទាស់ដែលកំពុងជាប់ឃុំ។

ចំណែកលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា លោកបានអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។ តែលោកមិនបានប្រាប់ពីខ្លឹមសារដែលភាគីទាំងពីរបានពិភាក្សាគ្នានោះទេ។

តែសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលបានពិព័ណ៌នាថា ជំនួបនេះជាការបង្ហាញពីការធ្វើនយោបាយមួយដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ទោះអ្នកនយោបាយនោះមកពីបក្សផ្សេង​ក៏អង្គុយធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមរបស់ខ្មែរបានដែរ។ សូមបញ្ជាក់ថា នេះជាជំនួបផ្ទាល់លើកទី២ រវាងលោក ហ៊ុន សែនក្នុងឋានៈជាប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាទាំង ៣រូបមកពីគណបក្សឆន្ទៈខ្មែរ។

លោក ហ៊ុន សែន និង លោក សុក ហាច ចាប់ដៃគ្នាមុនពេលជំនួបនៅវិមានព្រឹទ្ធសភា ២០/៤/២៥
លោក ហ៊ុន សែន និង លោក សុក ហាច ចាប់ដៃគ្នាមុនពេលជំនួបនៅវិមានព្រឹទ្ធសភា ២០/៤/២៥ © Fresh News

ជំនួបផ្ទាល់លើកទី១ បានធ្វើឡើងកាលពីពាក់កណ្តាលខែមេសាឆ្នាំ២០២៤ ពោលក្រោយពេលដែលព្រឹទ្ធសភាចាប់ផ្តើមដំណើរការដំបូងនៅក្រោយការបោះឆ្នោតរួច។ នៅក្នុងជំនួបផ្ទាល់លើកទី១ រយៈពេល ៣ម៉ោងកាលណោះ លោក ហ៊ុន សែន មានជំនឿថា ព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការទៅមុខយ៉ាងល្អដោយសារភាពស្និតស្នាល ភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកនៅក្នុងកិច្ចសន្ទនា៕

What Next?

Recent Articles