កម្ពុជា
កម្ពុជា-ឧក្រិដ្ឋមកម្មអនឡាញ
28/04/2025 – 13:14
ដោយ៖ ហ៊ុល រស្មី
RFI
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងនាពេលថ្មីៗនេះថា មានជនជាតិហ្វីលីពីន ចំនួន៤នាក់ត្រូវបានរំដោះរួចចេញពីទីតាំងឆបោកអនឡាញក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ មន្ត្រីហ្វីលីពីនអះអាងថា ជនរងគ្រោះទាំង ៤នាក់ដែលបានមកដល់ប្រទេសកំណើតវិញត្រូវបានគេទិញ លក់ និងបំពារបំពាននៅកន្លែងឆបោកអនឡាញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ថាលោកមិនមានអ្វីអត្ថាធិប្បាយលើករណីជនជាតិហ្វីលីពីនទាំង ៤នាក់នោះទេ។
ពលរដ្ឋហ្វីលីពីន ៤នាក់ត្រូវបានសង្គ្រោះពីការឆបោកអនឡាញនៅកម្ពុជា
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋហ្វីលីពីន Philippine News Agency ជនជាតិហ្វីលីពីនទាំង ៤នាក់ដែលមានវ័យចន្លោះពី ២០ ទៅ៣០ឆ្នាំ គឺជាជនរងគ្រោះដែលត្រូវបានគេជ្រើសរើសឲ្យចូលធ្វើការតាមការផ្សព្វផ្សាយឱកាសការងារតាមបណ្តាញសង្គមហ៊្វេសបុកដោយសន្យាផ្តល់ឲ្យពួកគេនូវការងារជាអ្នកសរសេរកូដ ឬតំណាងអ្នកផ្តល់សេវាកម្មដល់អតិថិជន។ តែពេលដល់ប្រទេសកម្ពុជា លិខិតឆ្លងដែនរបស់ពួកគេត្រូវបានរឹបអូស និងត្រូវបានគេបង្ខំឲ្យធ្វើការនៅទីតាំងមានប្រតិបត្តិការតាមប្រព័ន្ធអនឡាញដោយឲ្យពួកគេដើរតួធ្វើជាមន្ត្រីរបស់ FBI ឬធ្វើជាដៃគូស្នេហាដើម្បីបោកបញ្ឆោតជនបរទេស។
ចំណែកស្នងការនៃការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន លោក Joel Anthony Viado បានបញ្ជាក់ថា ជនរងគ្រោះជនជាតិហ្វីលីពីនទាំង ៤នាក់ត្រូវបានគេចាត់ទុកដូចរបស់របរប្រើប្រាស់ និងត្រូវបានគេទិញដូរ និងរំលោភបំពាន។ តាមលោក Joel Anthony Viado រឿងរ៉ាវរបស់ជនរងគ្រោះហ្វីលីពីនជាតឹកតាងច្បាស់ដែលបញ្ជាក់ថា ក្រុមជួញដូរមនុស្សបានធ្វើប្រតិបត្តិការដោយគ្មានសេចក្តីថ្លៃថ្នូរជាមនុស្ស ហើយថា ទង្វើរបៀបនេះត្រូវតែបញ្ចប់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី២៨ មេសានេះថា លោកមិនមានអ្វីអត្ថាធិប្បាយលើករណីជនជាតិហ្វីលីពីនទាំង ៤នាក់នេះទេ។ តែលោកបានលើកពីករណីជនជាតិហ្វីលីពីន ២នាក់ផ្សេងទៀតដែលលោកអះអាងថា ពួកគេបានមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ហើយមិនពេញចិត្តនឹងការងារ រួចក៏ចង់វិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូយល់ឃើញថា អាជ្ញាធរកម្ពុជាគួរតែពង្រឹងច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និងបង្កើនការអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់វិធានការលើបុគ្គលទាំងឡាយណាដែលប្រព្រឹត្ត ឬគុបគិតនឹងអំពើឆបោកអនឡាញនេះ ពិសេសបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងតំបន់ដើម្បីទប់ស្កាត់នឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះ។

គួររំលឹកថា កាលពីពាក់កណ្តាលខែមេសា មានជនជាតិហ្វីលីពីនចំនួន ២៦នាក់ត្រូវបានបញ្ជូនចេញពីខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា បន្ទាប់ពីពួកគេត្រូវបានក្រុមអ្នកឆបោកតាមបណ្តាញអ៊ីនធ័រនែតជួលឲ្យធ្វើការខុសពីលក្ខខណ្ឌដំបូងនៃការផ្តល់ឱកាសការងារ។ នេះបើតាមការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន។ សូមជម្រាបជូនថា នៅក្នុងសំណុំរឿងបោកប្រាស់តាមប្រព័ន្ធអនឡាញនេះ អាជ្ញាធរកម្ពុជាធ្លាប់បានចាប់បញ្ជូនជនជាតិចិន និងជប៉ុនដែលធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្តព្រះសីហនុ៕