សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរដោះលែងសកម្មជនមាតាធម្មជាតិក្នុងខួបជាប់ឃុំ ៣០០ថ្ងៃ

កម្ពុជា
សិទ្ធិសេរីភាព-បរិស្ថាន
29/04/2025 – 14:14
ដោយ៖ ហ៊ុល រស្មី
RFI

អង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យមានការដោះលែងសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សចំនួន៥នាក់នៃក្រុមចលនាមាតាធម្មជាតិដែលបានជាប់ឃុំចំនួន ៣០០ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ការចេញមុខអំពាវនាវដូចនេះដោយសារសង្គមស៊ីវិលយល់ឃើញថា សកម្មជនទាំងនោះមិនបានប្រព្រឹត្តបទល្មើស និងថា សកម្មភាពដែលពួកគេបានធ្វើកន្លងមក គឺស្របច្បាប់សម្រាប់កិច្ចការការពារបរិស្ថាន និងសិទ្ធិមនុស្ស។

ដោយ៖ហ៊ុល រស្មីផ្សាយពាណិជ្ជកម្ម


គិតថ្ងៃត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គឺមានរយៈពេល ៣០០ថ្ងៃគត់ដែលសកម្មជនការពារបរិស្ថាន និងមនុស្សចំនួន ៥នាក់នៃក្រុមមាតាធម្មជាតិបានជាប់ក្នុងពន្ធនាគារ។ ពួកគេត្រូវបានផ្តន្ទាទោស និងចាប់ខ្លួនក្នុងខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងឱកាសនៃការជាប់ឃុំរយៈពេល ៣០០ថ្ងៃរបស់សកម្មជនទាំង ៥នាក់នេះដែរ អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញសេចក្តីថ្លែងការណ៍ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងពួកគេទាំង ៥នាក់ ព្រមទាំងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតដែលកំពុងជាប់ក្នុងពន្ធនាគារដោយសារសកម្មភាពស្របច្បាប់ក្នុងកិច្ចការពារបរិស្ថាន និងសិទ្ធិមនុស្សរបស់ពួកគេ។

ការអំពាវនាវរបស់អង្គការសង្គមស៊ីវិលយ៉ាងដូចនេះធ្វើឡើងក្នុងពេលដែលតុលាការកំពូលគ្រោងប្រកាសសាលដីកាលើសំណុំរឿងស្នើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ។ ទាក់ទងនឹងសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិនេះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកសេង ឌីណាបញ្ជាក់ថា តុលាការកំពូលបានបើកសវនាការរួចហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ និងថា តុលាការកំពូលនឹងប្រកាសសាលដីកានៅថ្ងៃទី៣០ មេសា។ តែអ្នកនាំពាក្យរូបនេះដដែលមិនភ្លេចបញ្ជាក់ថា ការសម្រេចបែបណាគឺជាសិទ្ធិអំណាចរបស់តុលាការដែលជាអំណាចឯករាជ្យមានចែង និងធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សកម្មជនអង្គការមាតាធម្មជាតិទាំង៥នាក់ ដែលជាប់ឃុំ​៣០០ថ្ងៃមកហើយ
សកម្មជនអង្គការមាតាធម្មជាតិទាំង៥នាក់ ដែលជាប់ឃុំ​៣០០ថ្ងៃមកហើយ © RFI

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសសកម្មជនបរិស្ថាននៃក្រុមចលនាមាតាធម្មជាតិចំនួន ១០រូបឲ្យជាប់ក្នុងពន្ធនាគារចន្លោះពី ៦ដល់៨ឆ្នាំពីបទ «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ»។ តែមានសកម្មជន ៥រូបប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួនភ្លាមៗនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធនាគារនៅខេត្តផ្សេងៗគ្នា៕

What Next?

Recent Articles