តុលាការកំពូលបដិសេធសំណើសុំដោះលែងរបស់សកម្មជនចលនាមាតាធម្មជាតិ

កម្ពុជា
កម្ពុជា-ច្បាប់
30/04/2025 – 11:26
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅព្រឹកថ្ងៃទី៣០ មេសានេះ តុលាការកំពូលបានបដិសេធសំណើសុំដោះលែងរបស់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមបទចោទ «រួមគំនិតក្បត់» និង​ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ អង្គការលីកាដូបានចាត់ទុកការសម្រេចរបស់តុលាការកំពូលដូចនេះថាជារឿងមិនសមហេតុផល និងជាការបំបាក់ស្មារតីយុវជនដែលសកម្មក្នុងកិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

តុលាការកំពូលបដិសេធសំណើសុំដោះលែងរបស់សកម្មជនចលនាមាតាធម្មជាតិ


នៅក្នុងសេចក្តីសម្រេចថ្ងៃទី៣០ មេសា ឆ្នាំ២០២៥ តុលាការកំពូលបានបដិសេធសំណើសុំដោះលែងរបស់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ និងតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញទុកជាបានការដដែល។ សកម្មជនបរិស្ថានទាំង ៥នាក់ដែលមាន លោក លីចាន់ ដារ៉ាវុធ លោក យីម លាងហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា បានស្នើឲ្យមានការដោះលែងពួកគេ ខណៈសំណុំរឿងផ្តន្ទាទោសរបស់ពួកគេក្នុងបទល្មើសព្រហ្មទណ្ឌស្ថិតដំណាក់កាលនៃនីតិវិធីសាលាឧទ្ធរណ៍។

អង្គការលីកាដូដែលជាអ្នកតាមដានសំណុំរឿងនេះបានឲ្យដឹងថា សកម្មជនបរិស្ថាន ២រូប គឺលោក យីម លាងហ៊ី និងកញ្ញា ឡុង គន្ធាពុំមានវត្តមាននៅក្នុងថ្ងៃប្រកាសសាលដីការបស់តុលាការកំពូលនាព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២៥ នេះទេ។ ចំណែកសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ គឺកញ្ញា ភួន កែវរស្មី លោក លីចាន់ ដារ៉ាវុធ និង លោក ថុន រដ្ឋាដែលមានវត្តមានត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារផ្សេងៗវិញ បន្ទាប់ពីតុលាការកំពូលបានប្រកាសសាលដីកា។ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូបានចាត់ទុកការបដិសេធរបស់តុលាការកំពូលលើសំណើសុំដោះលែងរបស់សកម្មជនបរិស្ថានថាជារឿងមិនសមហេតុផល។

ម៉្យាងវិញទៀត និងបើតាមលោក អំ សំអាត ការសម្រេចរបស់តុលាការកំពូលយ៉ាងដូច្នេះ គឺជាការបំបាក់ស្មារតីយុវជនដែលសកម្មក្នុងកិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងយុត្តិធម៌តាមអ្នកនាំពាក្យ លោក សេង ឌីណាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ មេសាថា ការសម្រេចរបស់តុលាការកំពូលជាសិទ្ធិអំណាចរបស់តុលាការដែលជាអំណាចឯករាជ្យដែលមានចែង និងធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

គួររម្លឹកថា សកម្មជនបរិស្ថានទាំង ៥នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារផ្សេងៗគ្នាភ្លាមៗតាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសក្នុងបទ «រួមគំនិតក្បត់» ជាមួយសមាជិកចលនាមាតាធម្មជាតិ ៥នាក់ផ្សេងទៀត។ ក្រៅពីនេះ លោក យីម លាងហ៊ី និងសមាជិកចលនាមាតាធម្មជាតិ ២នាក់ផ្សេងទៀតដែលមិនត្រូវបានឃុំខ្លួនត្រូវបានផ្តន្ទាទោសពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ កាលពីឆ្នាំ២០២១ សកម្មជន ៣នាក់ក្នុងចំណោមអ្នកទាំង៥ គឺកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់» ចំពោះសកម្មភាពរិះគន់រដ្ឋាភិបាលផ្នែកបរិស្ថាន និងធនធានធម្មជាតិ។

តុលាការកំពូលបដិសេធសំណើសុំដោះលែងរបស់សកម្មជនចលនាមាតាធម្មជាតិ
តុលាការកំពូលបដិសេធសំណើសុំដោះលែងរបស់សកម្មជនចលនាមាតាធម្មជាតិ © licadho

តាមអង្គការលីកាដូ សកម្មជនចលនាមាតាធម្មជាតិបានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះសកម្មភាពនិយមផ្នែកបរិស្ថានដែលរួមមានការតស៊ូមតិការពារឧទ្យានជាតិគិរីរម្យ និងព្រៃឈើនៅឧទ្យានជាតិបូកគោក្នុងខេត្តកំពត និងកោះកុងក្រៅ និងផ្លូវទឹកក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕

What Next?

Recent Articles