ក្រុមអង្គការសង្គមស៊ីវិលនិងកម្មករនាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩

ដោយ ប្រាជ្ញ ចេវ
2025.05.01
RFA

ក្រុមអង្គការសង្គមស៊ីវិល មកពីខាងក្រុមសហជីពឯករាជ្យ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជន កម្មករ និងពលរដ្ឋប្រមាណ២ពាន់នាក់ នាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩ នៅថ្ងៃទី០១ ខែឧសភា នៅសួនច្បារទល់មុខក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

Unions and workers celebrate International Labour Day
សហជីពនិងកម្មករប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩ នៅសួនច្បារទាល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានៅភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ (AFP)

ពួកគាត់​ប្រារព្ធ​ទិវា​នេះ ក្រោម​ប្រធានបទ «​រួម​គ្នា​បន្ត​អនុវត្ត​សេរីភាព​មូលដ្ឋាន ដើម្បី​ធានា​យុត្តិធម៌​សង្គម​» ដើម្បី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ទៅ​កាន់​រដ្ឋាភិបាល និង​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​និយោជក បង្កើន​ការ​ធានា​ការពារ​សិទ្ធិ​សេរីភាព​មូលដ្ឋាន សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ និង​ដោះស្រាយ​រាល់​កង្វល់​របស់​កម្មករ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា (CTWU) លោក ទូច កុសល បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ សម្រាប់​ចរចា​និង​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជា​ប្រចាំ​ឆ្នាំ សម្រាប់​កម្មករ​គ្រប់​វិស័យ​ទាំង​អស់ ខណៈ​បច្ចុប្បន្ន មាន​តែ​វិស័យ​កាត់ដេរ​មួយ​គត់ ដែល​មាន​ការ​ប្រជុំ​ពិភាក្សា​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជាប្រចាំឆ្នាំ។ លោក​បន្ត​ថា វិស័យ​ផ្សេង​ៗ​ទៀត ដូច​ជា​ទេសចរណ៍ និង​សំណង់​ជាដើម ដែល​កម្មករ​ខ្លះ​បម្រើការ​អស់​រយៈពេល​១០​ឆ្នាំ ប៉ុន្តែ​មិន​ដែល​បាន​ដំឡើង​ប្រាក់​ខែ​នោះ​ទេ បើទោះបីជា​វិស័យ​ពួកគាត់ បាន​ចូលរួម​ចំណែក​ដូចគ្នា ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យ៉ាងណាក្ដី។

ក្រុមអង្គការសង្គមស៊ីវិលនិងកម្មករនាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩

ក្រុមអង្គការសង្គមស៊ីវិល មកពីខាងក្រុមសហជីពឯករាជ្យ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជន កម្មករ និងពលរដ្ឋប្រមាណ២ពាន់នាក់ នាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩ កាលពីថ្ងៃទី០១ ខែឧសភា នៅសួនច្បារទល់មុខក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងនៅកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សំណមពរ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​កម្មករ​គ្រប់​វិស័យ​ទាំង​អស់ គឺ​មិន​ថា​វិស័យ​ណា​ទេ គឺ​កំណត់​ឱ្យ​មាន​ប្រាក់​ឈ្នួល​គោល​ថ្នាក់​ជាតិ…។ អ៊ីចឹង​វិស័យ​ណា​ក៏​ដោយ ត្រូវ​មាន​ប្រាក់​ឈ្នួល​គោល បើ​មិន​អ៊ីចឹង​ទេ និយោជក​កំណត់​តាម​អំពើ​ចិត្ត​របស់​គាត់។—  លោក ទូច កុសល

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា វិស័យ​ការងារ​នៅ​តែ​ជា​វិស័យ​ចម្បង​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ដែល​មាន​កម្លាំង​ពលកម្ម​ជាង​៩​លាន (៩,២៣) នាក់ ក្នុង​នោះ ផ្នែក​វាយន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប មាន​កម្មករ​និយោជិត​ជាង​៩​សែន (៩២៥.០០០) នាក់ វិស័យ​សណ្ឋាគារ ទេសចរណ៍ និង​សេវាកម្ម​ជាង​៦​សែន (៦៣០.០០០) នាក់ និង​វិស័យ​សំណង់​ជិត ៣​សែន​នាក់។

កាល​ពី​ថ្ងៃ​ទី​៣០​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៩ និង​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ត្រឹម​តែ​មាន​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​បង្កើន​ការងារ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ និង​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្មករ​ដែរ។

ទោះជាយ៉ាងណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​អ្នកស្រី អ៊ូ ទេពផល្លីន សំណូមពរ​ទៅ​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋាភិបាល​បាន​បង្កើត។ អ្នកស្រី​ចាត់ទុក​ច្បាប់​នេះ ថា​ជា​ការ​បំផ្លាញ​សិទ្ធិ​របស់​កម្មករ​ទន់ខ្សោយ ហើយ​ជា​ការ​បន្ថែម​អំណាច​ឱ្យ​ក្រុម​ថៅកែ​ជា​អ្នក​មាន​លុយ។

ច្បាប់​ស្ដីពី​ការងារ គឺ​មាន​រសជាតិ​ល្អ​ហើយ រសជាតិ​ឱ្យ​កម្មករ​អាច​ចងក្រង​សហជីព អាច​បង្កើត​សហជីព​បាន។ ចុះ​ចង្រៃ​អី មក​បង្កើត​ច្បាប់​សហជីព​ធ្វើ​អី ធ្វើ​ឱ្យ​វិនាស​សិទ្ធិ​របស់​កម្មករ​និយោជិក​ធ្វើ​អី។ អ៊ីចឹង សុំ​ឱ្យ​ដក​ចេញ​នូវ​ឧបសគ្គ​ទាំង​ឡាយ​ណា ទាំង​ការ​ចុះបញ្ជី ទាំង​ការ​បង្កើត​សហជីព ព្រោះ​កម្មករ​មាន​សិទ្ធិ​តែ​មួយ​គត់ អាច​ជជែក​ជាមួយ​ថៅកែ​បាន គឺ​សិទ្ធិ​បង្កើត​សហជីព។—  អ្នកស្រី អ៊ូ ទេពផល្លីន

នៅ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​នេះ ក្រុម​អង្គការ សមាគម និង​សហជីព​ចំនួន​៦២​ស្ថាប័ន បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ចំនួន​១៣​ចំណុច ក្នុង​នោះ​ត្រូវ​បើក​លម្ហ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​អាច​ទទួល​បាន​ការ​អនុគ្រោះពន្ធ EBA ២០​%​ពី​សហភាព​អឺរ៉ុប​វិញ ត្រូវ​ជជែក​ជាមួយ​អ្នក​បញ្ជា​ទិញ​ធំៗ ដើម្បី​រក​វិធី​ធានា​ស្ថិរភាព​ការងារ​ជូន​កម្មករ ស្របពេល​កំពុង​ប្រឈម​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក ត្រូវ​ដោះលែង​និង​ទម្លាក់​ការ​ចោទប្រកាន់​លើ​សហជីព និង​សកម្មជន​បរិស្ថាន និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​ដាក់​បញ្ចូល​ពលករ​ចំណាក​ស្រុក​មាន​សិទ្ធិ​បោះឆ្នោត​ពី​ចម្ងាយ​ជាដើម៕

សូមលោកអ្នកនាងរង់ចាំទស្សនាទស្សរឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!


#ខ្លីៗពីអាស៊ីសេរី [២៧៤]៖ សង្គមស៊ីវិលទាមទារឱ្យមានសេរីភាពជាមូលដ្ឋាន​ ដើម្បីធានាបាន​យុត្តិធម៌សសង្គម

#ខ្លីៗពីអាស៊ីសេរី [២៧៤]៖ សង្គមស៊ីវិលទាមទារឱ្យមានសេរីភាពជាមូលដ្ឋាន​ ដើម្បីធានាបាន​យុត្តិធម៌សសង្គម


រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ២០២៥៖
១ ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​កម្មករ​ទាមទារ​ឱ្យ​មាន​សេរីភាព​ជា​មូលដ្ឋាន​ ដើម្បី​ធានា​បាន​យុត្តិធម៌​សង្គម
២ អ្នក​ប្រជាធិបតេយ្យ​ជួប​សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ
៣ ប្រមុខ​ការពារ​ជាតិ​កម្ពុជា​និង​ថៃ​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​ប្រទេស​ទាំង​២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles