កម្ពុជា
02/05/2025 – 10:37
ដោយ៖ សាំ ឧត្តម
RFI
គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន ២៨ទីតាំងបានបង្ហូរទឹកកខ្វក់មានសារធាតុបំពុលចូលក្នុងតំបន់ទឹកសាធារណៈ។ ក្រុមហ៊ុន រោងចក្រទាំង ២៨ នោះ មានភាគច្រើនជាក្រុមហ៊ុនកែច្នៃស្បែកគោ ស្បែកជ្រូក និងកែច្នៃផ្លែស្វាយ។ តាមក្រសួងបរិស្ថាន ក្នុងចំណោមក្រុមហ៊ុន រោងចក្រទាំង ២៨ មានចំនួន៧ ហើយដែលក្រសួងបានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស។
ជាង ១ឆ្នាំ មានក្រុមហ៊ុន រោងចក្រ ២៨ទីតាំងបានបង្ហូរសារធាតុពុលចូលប្រភពទឹកសាធារណៈ
តាមរបាយការណ៍ដែលទទួលបានពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ក្រុមហ៊ុន និងរោងចក្រទាំង ២៨ទីតាំងនោះ គឺមាននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួន ៥ទីតាំង ខេត្តប៉ៃលិនចំនួន ១ទីតាំង ខេត្តកណ្តាលចំនួន ៣ទីតាំង ខេត្តព្រះសីហនុចំនួន ៩ទីតាំង ខេត្តកំពតចំនួន ១ទីតាំង ខេត្តកំពង់ស្ពឺចំនួន ៣ទីតាំង ខេត្តបាត់ដំបងចំនួន ៣ទីតាំង និងខេត្តត្បូងឃ្មុំចំនួន ៣ទីតាំង។ ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះជាប្រភេទក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ រោងចក្រកែច្នៃផ្លែស្វាយ ក្រុមហ៊ុនកែច្នៃស្បែកគោ និងស្បែកជ្រូក កសិដ្ឋានចិញ្ចឹមជ្រូក និងក្រុមហ៊ុនរីសតដែលឈូសឆាយដីបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ។
តាមរបាយការណ៍ដដែល ក្រុមហ៊ុន និងរោងចក្រទាំង ២៨ទីតាំងបានបញ្ចេញសំណល់រាវលើសកម្រិតស្តង់ដារ ហើយដំណើការអាងប្រព្រឹត្តិកម្មមិនត្រូវតាមលក្ខណៈបច្ចេកទេសដោយបង្កប់ទុយយោបង្ហូរសំណល់រាវដោយមិនបានសម្អាតចូលទៅក្នុងអូរ ស្ទឹង ព្រែក រួមទាំងប្រភពទឹកសាធារណៈជាច្រើនទៀត។ តែក្នុងចំណោមរោងចក្រ និងក្រុមហ៊ុនដែលបានល្មើសច្បាប់ទាំង២៨ មានចំនួន ៧ ត្រូវបានក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ចំណែករោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួន១៦ទីតាំងទៀតកំពុងត្រូវបានក្រសួងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា គ្រប់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់នោះសុទ្ធតែទទួលបានច្បាប់អនុញ្ញាត មុនពេលបើកដំណើរការ និងថា ក្រុមហ៊ុន រោងចក្រទាំងនោះនឹងរងវិធានការតាមផ្លូវច្បាប់ បើមិនបានអនុវត្តឲ្យបានត្រឹមត្រូវទេនោះ។

គួរជម្រាបថា ថ្មីៗនេះ ក្រសួងបរិស្ថានក៏ទើបរកឃើញរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងក្នុងខេត្តកណ្តាល និងក្រុមហ៊ុនកាស៊ីណូ ៣កន្លែងក្នុងខេត្តត្បូងឃ្មុំ និងមួយកន្លែងក្នុងខេត្តកំពតបានបំពុលទឹកសាធារណៈ។ បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងរៀបចំនីតិវិធីដើម្បីចាត់វិធានការលើក្រុមហ៊ុនទាំងនេះតាមផ្លូវច្បាប់។ ដោយឡែក មានក្រុមហ៊ុនផលិតចំណីអាហារមួយទៀតក្នុងខេត្តព្រះសីហនុក៏កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការខេត្តព្រះសីហនុ ក្រោយរកឃើញថា ក្រុមហ៊ុននោះមិនបានអនុវត្តតាមច្បាប់៕