កម្ពុជា
03/05/2025 – 10:52
ដោយ៖ សឹម ចាន់សំណាង
RFI
សាលាឧទ្ធរណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ ឧសភា បានសម្រេចឲ្យរដ្ឋបាលដូណាល់ ត្រាំ បន្តអនុវត្តការបិទខ្ទប់ កុំទាន់ផ្តល់មូលនិធិទៅវិទ្យុអាស៊ីសេរី (RFA) វិទ្យុអឺរ៉ុបសេរី (RFE/RL) និងវិទ្យុមជ្ឈិមបូព៌ា។ ចំណែក ករណីវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA វិញ ត្រូវបានចៅក្រមរបស់សាលាឧទ្ធរណ៍សម្រេច ឲ្យវិលត្រឡប់ទៅធ្វើការបានធម្មតាឡើងវិញ ព្រោះជាស្ថាប័នរបស់រដ្ឋាភិបាលអាមេរិក។
សាលាឧទ្ធរណ៍អាមេរិកសម្រេចឲ្យ VOA ដំណើរការឡើងវិញ ខណៈវិទ្យុអាស៊ីសេរី (RFA) ត្រូវបន្តរង់ចាំការសម្រេចថ្មី
បើតាមការចុះផ្សាយរបស់កាសែត The New York Times នៅថ្ងៃសុក្រ ទី២ ឧសភា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានរក្សាសេចក្តីសម្រេចរបស់តុលាការជាន់ទាបកាលពីខែមេសាមុន ដែលបានតម្រូវឱ្យរដ្ឋបាលរបស់លោក ត្រាំ ទទួលយកអ្នកសារព័ត៌មានវីអូអេ ដែលឈប់សម្រាកដោយមានប្រាក់ឈ្នួល ឲ្យចូលធ្វើការនិងបន្តការផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួនឡើងវិញ។ ដោយឡែក ចំពោះការផ្តល់ជំនួយមូលនិធិទៅឲ្យវិទ្យុអាស៊ីសេរី (RFA) វិទ្យុអឺរ៉ុបសេរី (RFE/RL) និងវិទ្យុមជ្ឈិមបូព៌ា សាលាឧទ្ធរណ៍សហព័ន្ធបញ្ជាក់ថា នៅក្នុងរយៈពេលនេះ រដ្ឋបាលលោកដូណាល់ត្រាំ អាចបន្តការសម្រេចរបស់ខ្លួន ក្នុងការមិនផ្តល់ថវិកាដល់ស្ថាប័នឯកជនទាំងបីខាងលើ។
វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បានបញ្ចប់កិច្ចសន្យាជាមួយអ្នកសារព័ត៌មានសេរី អាក់ខានមិនបានទូទាត់ការចំណាយលើការជួលការិយាល័យ និងបុគ្គលិកដែលត្រូវបានរំសាយចេញ។ មេធាវីរបស់វិទ្យុអឺរ៉ុបសេរីវិញបាននិយាយប្រាប់ New York Times ថា វិទ្យុអឺរ៉ុបសេរីនឹងបញ្ឈប់ប្រតិបត្តិការនៅខែមិថុនា បើសិនគ្មានជំនួយថវិកា ខណៈវិទ្យុអាស៊ីសេរី (RFA) បានដាក់បុគ្គលិកជាច្រើននាក់ឲ្យឈប់សម្រាក ដោយគ្មានប្រាក់ខែ ចាប់តាំងពីខែមីនា មកម្ល៉េះ។
នៅមុនពេលសេចក្តីសម្រេចជាស្ថាពររបស់សាលាឧទ្ធរណ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវផ្តល់ជំនួយថវិកាប្រមាណ ១៥លានដុល្លារតាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) នៅថ្ងៃសុក្រទី២ឧសភា។ ក្នុងជំនួយនោះ មាន១២លានដុលា្លរ សម្រាប់ផ្តល់មូលនិធិខែមេសាដល់វិទ្យុអឺរ៉ុបសេរី ដែលរដ្ឋបាលលោក ត្រាំ បានរក្សាកិបទុកអស់រយៈពេលជាច្រើនសប្តាហ៍។
អ្នកទទួលខុសត្រូវរបស់វិទ្យុអាស៊ីសេរីធ្លាប់បានបង្ហាញក្តីបារម្ភ កាលពីថ្ងៃទី១៨ មេសាកន្លងទៅថា ក្រោយអស់សុពលភាពទិដ្ឋាការការងារនៅសហរដ្ឋអាមេរិក ដោយសារតែការផ្តាច់ជំនួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បុគ្គលិកវិទ្យុអាស៊ីសេរីចំនួន ៤០នាក់ ក្នុងនោះមានទាំងបុគ្គលិកកម្ពុជាផងនឹងអាចប្រឈមនឹងការចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ក្នុងនោះមានផងដែរប្រទេសផ្តាច់ការ។

កាលពីអំឡុងខែមីនាឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកាត់ផ្តាច់ជំនួយទាំងស្រុងដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាភ្នាក់ងារផ្តល់ជំនួយបន្តទៅកាន់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអឺរ៉ុបសេរី (RFE)។ ចំណាត់ការរបស់រដ្ឋបាលលោកដូណាល់ ត្រាំបានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់បុគ្គលិកចំនួន ១៣០០នាក់នៅវិទ្យុ VOA និងរាប់រយនាក់ផ្សេងទៀត នៅវិទ្យុអាស៊ីសេរី (RFA) ក្នុងនោះមានទាំងបុគ្គលិកជនជាតិខ្មែរ៕