អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជាគាំទ្រក្រុមហ៊ុនម៉ាកល្បីៗដែលស្នើឲ្យលោក ត្រាំ លើកលែងពន្ធ

កម្ពុជា
កម្ពុជា-ពាណិជ្ជកម្ម
04/05/2025 – 12:21
ដោយ៖ ហ៊ុល រស្មី
RFI

សមាគមវាយនភណ្ឌ និងអ្នកធ្វើការងារខាងវិស័យកាត់ដេរនៅកម្ពុជាបានសំដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនម៉ាកល្បីៗដូចជា Nike Adidas  នៅក្នុងការបញ្ចុះបញ្ចូលឲ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក លើកលែងពន្ធលើទំនិញដែលផលិតក្នុងតំបន់អាស៊ី ក្នុងនោះមានប្រទេសកម្ពុជា។ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជាយល់ថា ការស្នើសុំលើកលែងពន្ធលើផលិតផលស្បែកជើង ជារឿងល្អមួយ ដើម្បីរក្សាលំនឹងនៃការបញ្ជាទិញ និងបញ្ចៀសការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់។

អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជាគាំទ្រក្រុមហ៊ុនម៉ាកល្បីៗដែលស្នើឲ្យលោក ត្រាំ លើកលែងពន្ធ


ក្នុងលិខិតផ្ញើទៅកាន់សេតវិមាន ដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍អាមេរិក CNBC កាលពីថ្ងៃទី២ខែឧសភា ក្រុមហ៊ុនម៉ាកល្បីៗនៅក្នុងពិភពលោក សរុប៧៦ក្រុមហ៊ុន រួមមានក្រុមហ៊ុន Nike Adidas Skechers និង Under Armour ជាដើម បានត្អូញត្អែរថា ការយកពន្ធខ្ពស់ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងធ្វើឲ្យក្រុមហ៊ុនជាច្រើនគ្មានលទ្ធភាពបង់ពន្ធ។ ក្រុមហ៊ុនម៉ាកល្បីៗទាំងនោះ បានវាយតម្លៃថា ការសងសឹកដំឡើងពន្ធដាក់គ្នាទៅវិញទៅមក នឹងគំរាមកំហែងឧស្សាហកកម្មផលិតស្បែកជើង។ ក្រុមហ៊ុនផលិតស្បែកជើងសម្រាប់គ្រួសារមានចំណូលមធ្យមទាំងនោះអះអាងទៀតថា បើគ្មានការលើកលែងពន្ធបន្ទាន់ទេ ក្រុមហ៊ុនអាចនឹងបិទទ្វារ និងថា គិតមកដល់ពេលនេះ ការបញ្ជាទិញជាច្រើនត្រូវបានផ្អាក ចំណែកការស្តុកស្បែកជើងសម្រាប់អ្នកប្រើប្រាស់នៅអាមេរិក បានធ្លាក់ចុះ។

ការស្នើរបស់ក្រុមហ៊ុនម៉ាកល្បីៗដើម្បីឲ្យលោក ត្រាំ លើកលែងពន្ធលើផលិតផលដូចជាស្បែកជើងនេះ ធ្វើឡើងនៅខណៈពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមខ្លួនចរចាជាមួយភាគីអាមេរិកដើម្បីបន្ធូរបន្ថយពន្ធលើទំនិញនាំចូលពីកម្ពុជា។ ការចរចាគ្រោងនឹងធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នាពាក់កណ្តាលខែឧសភានេះ។

លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឬ TAFTAC ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យនេះថា វាជារឿងល្អដែលក្រុមហ៊ុនម៉ាកល្បីទាំងនោះស្នើសុំការលើកលែងពន្ធ។ ចំពោះអគ្គលេខាធិការរបស់សមាគមវាយនណ្ឌ ការយកពន្ធនឹងបង្កឲ្យមានកំណើនអតិផរណានៅក្នុងសកលលោក នាំឲ្យការប្រើប្រាស់ និងតម្រូវការធ្លាក់ថយចុះ។ បើសិនមានការលើកលែងពន្ធពីសំណាក់រដ្ឋបាលអាមេរិក នោះស្ថិរភាពនៃការបញ្ជាទិញនឹងមានច្រើនចំពោះអ្នកផលិត ផ្គត់ផ្គង់ទំនិញឲ្យក្រុមហ៊ុន។

អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជាគាំទ្រក្រុមហ៊ុនម៉ាកល្បីៗដែលស្នើឲ្យលោកត្រាំលើកលែងពន្ធ
អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជាគាំទ្រក្រុមហ៊ុនម៉ាកល្បីៗដែលស្នើឲ្យលោកត្រាំលើកលែងពន្ធ © @Reuters

ការដំឡើងពន្ធក្នុងអត្រាខ្ពស់របស់ប្រធានាធិបតី ត្រាំ កាលពីថ្ងៃទី២ខែមេសា ត្រូវអនុវត្តចំពោះគ្រប់ប្រទេស ដែលនៅក្នុងនោះ មានប្រទេសដែលជាប្រភពសំខាន់ ផ្គត់ផ្គង់ផលិតផលស្បែកជើង ដូចជាប្រទេសចិន វៀតណាម និងកម្ពុជា។ កម្ពុជាត្រូវប្រឈមនឹងការដំឡើងពន្ធរបស់អាមេរិកដែលមានចំនួន៤៩% ខណៈពេលដែលទំនិញវៀតណាមនឹងត្រូវជាប់ពន្ធអាមេរិកចំនួ៤៥%។ នៅ ខែមេសាដដែល លោក ដូណាល់ ត្រាំ បានសម្រេចទម្លាក់ពន្ធបណ្តោះអាសន្នមកនៅត្រឹម១០ភាគរយ នៅក្នុងរយៈពេល៩០ថ្ងៃ ដើម្បីបើកការចរចាទ្វេភាគី ប៉ុន្តែ ចំពោះប្រទេសចិន លោក ដូណាល់ ត្រាំ នៅតែប្រកាសដំឡើងពន្ធគយលើការនាំចូលពីចិនចំនួន ១៤៥ភាគរយ៕

What Next?

Recent Articles