កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
06/05/2025 – 12:39
ដោយ៖ ហ៊ុល រស្មី
RFI
លំហាត់យោធា «នាគមាស-២០២៥» រវាងកងទ័ពកម្ពុជា និងចិនដែលផ្តោតលើ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នឹងប្រព្រឹត្តទៅដូចការគ្រោងទុកពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ និងមានទំហំធំជាងឆ្នាំមុន។ ធំជាងដោយសារតែចំនួនទ័ពចូលរួមពីភាគីទាំងពីរនឹងកើនពីចំនួន ២ ០៧៥នាក់ក្នុងឆ្នាំ២០២៤ ដល់ ២ ១៧៦នាក់នៅឆ្នាំ២០២៥ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
កម្ពុជា និងចិននឹងធ្វើសមយុទ្ធរួមគ្នាកាន់តែធំជាងលើកមុនៗក្នុងខែឧសភា ឆ្នាំ២០២៥
សមយុទ្ធយោធាលើកទី៧ រវាងកងទ័ពកម្ពុជា និងកងទ័ពចិននឹងប្រព្រឹត្តទៅនៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ គ្រឿងសព្វាវុធ និងសម្ភារៈបរិក្ខារយោធាដែលនឹងប្រើប្រាស់នៅក្នុងសមយុទ្ធមានច្រើនប្រភេទ ដូចជា កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើកបរ មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក និងដ្រូនស៊ើបការណ៍ ដ្រូនវាយលុយ ព្រមទាំងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗទៀត ដូចជាគ្រាប់រំសេវជាដើម។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ ឧសភានេះថា សមយុទ្ធលើកទី៧ រវាងកងទ័ពកម្ពុជា និងកងទ័ពចិនពេលនេះមានសារៈសំខាន់ជាទីបំផុតក្នុងការផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់កងទ័ពទាំងពីរ ពិសេសសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការដកបទពិសោធន៍ថ្មីៗដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក៏ដូចជាដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិសម្តៅធានាការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទរូបនេះដដែលបានបន្ថែមថា សមយុទ្ធនេះក៏រំលេចឲ្យឃើញផងដែរអំពីទំនាក់ទំនងស៊ីជម្រៅជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក សម្រាប់កងទ័ពប្រទេសទាំងពីរដើម្បីបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យសន្តិសុខដើម្បីរួមចំណែកថែរក្សាសន្តិសុខ សន្តិភាព សិ្ថរភាព និងវិបុលភាពក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។ អ្នកជំនាញនយោបាយលោក ឯម សុវណ្ណារ៉ា បានវាយតម្លៃថា កម្រិតទំនាក់ទំនងរវាងកម្ពុជា និងប្រទេសលោកសេរីស្ថិតនៅកម្រិតទាប ធៀបនឹងទំនាក់ទំនងរវាងចិន និងកម្ពុជា។ តាមលោក ឯម សុវណ្ណារ៉ា នៅពេលលំហាត់នាគមាសកាន់តែធំឡើង សមយុទ្ធឆ្មាំអង្គរជាមួយអាមេរិក និងគោព្រៃជាមួយអូស្ត្រាលីនៅមិនទាន់អាចចាប់ផ្តើមជាថ្មីនៅឡើយ៕