ថ្នាក់ដឹកនាំគណបក្សប្រឆាំងត្រូវបានអនុញ្ញាតឲ្យចូលជួបសកម្មជនរបស់ខ្លួនក្នុងពន្ធនាគារនៅថ្ងៃទី៨ ឧសភា

កម្ពុជា
07/05/2025 – 13:11
ដោយ៖ ញឹម សុផល
RFI

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២២០៥ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនឹងចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ក្នុងពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស។ ការចូលជួបថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួននៅក្នុងពន្ធនាគារពេលនេះធ្វើឡើង បន្ទាប់ពីគណបក្សបានស្នើសុំទៅពន្ធនាគារកាលពី២ខែមុន និងក្រោមឥទ្ធិពលនៃជំនួបរវាងសមាជិកព្រឹទ្ធសភាបក្សប្រឆាំងចំនួន៣រូប ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំគណបក្សប្រឆាំងត្រូវបានអនុញ្ញាតឲ្យចូលជួបសកម្មជនរបស់ខ្លួនក្នុងពន្ធនាគារនៅថ្ងៃទី៨ ឧសភា


មេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរសរុបចំនួន៥រូប នឹងចូលជួបសមាជិកជាន់ខ្ពស់ និងសកម្មជនរបស់ខ្លួនចំនួន៩នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ(ម១) ព្រៃសរ។ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំង RFI នៅថ្ងៃពុធ ទី០៧ ឧសភានេះថា ការចូលជួបថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងដែលរួមមានគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅថ្ងៃទី៨ ឧសភា គឺជាដំណាក់កាលទី១ ប៉ុណ្ណោះ។ ជាដំណាក់កាលទី១ ព្រោះគណបក្សមានគម្រោងសុំជួបថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួននៅដំណាក់កាលបន្តបន្ទាប់ទៀត។

តាមគណបក្សប្រឆាំង សំណើសុំជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនត្រូវបានធ្វើជាយូរមកហើយ ពោលចាប់តាំងពីមុនជំនួបរវាងសមាជិកព្រឹទ្ធសភាបក្សប្រឆាំងទាំង៣រូប ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មកម្ល៉េះ។

ទោះយ៉ាងណា លោក លី សុធារ៉ាយុត្តិអាចនិយាយបានថា មួយថ្ងៃ ក្រោយជំនួបរវាងសមាជិកព្រឹទ្ធសភាបក្សប្រឆាំង និងលោក ហ៊ុន សែន មក ពន្ធនាគារក៏បានអនុញ្ញាតឲ្យប្រតិភូគណបក្សប្រឆាំងអាចចូលជួបសកម្មជនរបស់ខ្លួនដែលត្រូវបានកំណត់នៅថ្ងៃទី០៨ ខែឧសភា។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភាចំនួន ៣រូបរបស់គណបក្សឆន្ទៈខ្មែរ រួមមានលោក សុខ ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងសំណេះសំណាលនៅវិមានព្រឹទ្ធសភាកម្ពុជា។

មេដឹកនាំគណបក្សភ្លើងទៀនកំពុងប្រជុំគ្នា
មេដឹកនាំគណបក្សភ្លើងទៀនកំពុងប្រជុំគ្នា © CLP

នៅក្នុងជំនួបនោះ សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរបានជំរុញឱ្យមានលំហប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបានស្នើសុំឲ្យលោក ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ទៅលើស្ថាប័នពាក់ព័ន្ធដើម្បីឲ្យសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនគណបក្សដែលកំពុងជាប់ក្នុងពន្ធនាគារ។

បច្ចុប្បន្ន មានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរសរុបចំនួន ១១នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ និងនៅពន្ធនាគារតាមបណ្តាខេត្តខ្លះ៕

រូបភាព៖ CLP-SHS

What Next?

Recent Articles