ដោយ ប្រាជ្ញ ចេវ
2025.05.08
RFA
មេបក្សកាន់អំណាចលោក ហ៊ុន សែន បានលើកឡើងថា លោកត្រូវតែការពារប្រវត្តិសាស្ដ្រពិតដែលវៀតណាមមិនមានបំណងលេបត្របាក់យកកម្ពុជាឡើយ ហើយលោកបានចាត់ទុកថា អ្នកប្រឆាំងនឹងរឿងនេះ ជាក្រុមឧទ្ទាម។ មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុនសែន បន្តកាឡៃប្រវត្តិសាស្ត្របែបណាក្ដី ក៏មិនអាចបោកប្រាស់ពិភពលោកបានឡើយ។

ឪនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងនៅក្នុងសិក្ខាសាលាមួយនៅក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៦ឧសភាថា បើប្រទេសវៀតណាមចង់លេបត្របាក់យកទឹកដីកម្ពុជាពិតប្រាកដមែន មិនចាំបាច់បើកយុទ្ធនាការយោធាជួយរំដោះប្រជាជនកម្ពុជានោះទេ គឺវៀតណាមអាចទុកឱ្យរបបខ្មែរក្រហមកាប់សម្លាប់ពលរដ្ឋខ្មែរ និងទុកឱ្យស្លាប់ដោយអត់អាហារ។
វៀតណាមចូលមកកម្ពុជា ហើយដកត្រឡប់ទៅវិញ។ ចុះបើចង់បានទឹកដីកម្ពុជា វៀតណាមដកទៅវិញធ្វើអី ទុកតែម្ដងទៅ វាមិនងាយស្រួលជាង។ ដូច្នេះ ចំណុចនេះ យើងត្រូវការពារនូវទិដ្ឋភាពជាក់ស្ដែងនៃប្រវត្តិសាស្ដ្រ។— លោក ហ៊ុន សែន
លោក ហ៊ុន សែន ប្រកាសដឹងគុណវៀតណាម ជាថ្មីនេះ គឺក្រោយពេលលោកបានទៅប្រទេសវៀតណាម ចូលរួមខួបបង្រួបបង្រួមជាតិវៀតណាមលើកទី៥០ឆ្នាំ កាលពីចុងខែមេសា។
ផ្ទុយទៅវិញ អ្នកសិក្សាប្រវត្តិសាស្ត្រ ឬអ្នកនយោបាយប្រឆាំងនៅកម្ពុជាមើលឃើញថា នៅខែធ្នូឆ្នាំ១៩៧៨ ជាពេលដែលកងទ័ពវៀតណាមប្រហែល១៥ម៉ឺននាក់ បានបើកប្រតិបត្តិការវាយលុកចូលឈ្លានពានប្រទេសកម្ពុជា និងមិនមែនមកជួយរំដោះ កម្ពុជាដូចលោក ហ៊ុន សែន អះអាងឡើយ។ សូម្បីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ក៏មើលឃើញដែរថា ជាការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា។
លោក ហ៊ុន សែន៖ «វៀតណាមមករំដោះ មិនមែនមកចង់បានទឹកដីកម្ពុជា»
ឯកសារប្រវត្តិសាស្ត្របង្ហាញថា វៀតណាមដែលធ្លាប់ព្រួតដៃសហការគ្នាជាមួយក្រុមខ្មែរក្រហមធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកមិត្តភាពដ៏ជិតស្និទ្ធរបស់ពួកគេបានប្រះឆាគ្នាដោយសារជម្លោះនៅតាមព្រំដែន។ ក្រុមមន្ត្រីបក្សប្រឆាំងលើកឡើងថា អំឡុងពេលនោះហើយដែលធ្វើឱ្យវៀតណាមមានគម្រោងរៀបចំលើកបន្តុបមេដឹកនាំខ្មែរថ្មីរូបណា ដែលមានសមានចិត្តជាមួយវៀតណាម។
កងទ័ពវៀតណាមបានចូលគ្រប់គ្រងប្រទេសកម្ពុជារយៈពេល១១ឆ្នាំទើបសម្រេចប្រកាសដកទ័ពចេញពីកម្ពុជាវិញនៅក្នុងខែកញ្ញាឆ្នាំ១៩៨៩។ ការដកទ័ពចេញនេះ ស្របពេលប្រឈមការរិះគន់និងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ និងក្រោយពេលសហភាពសូវៀតដួលរលំព្រមទាំងសម្ពាធយោធាពីប្រទេសចិន និងអ្នកតស៊ូខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ៊ុន សែន បន្តព្យាយាមកាឡៃប្រវត្តិសាស្ត្រពិតដើម្បីបង្ហាញការដឹងគុណវៀតណាមដែលបានជួយលើកបន្តុបលោកឱ្យបានកាន់អំណាចមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែលោក អេង ឆៃអ៊ាង បញ្ជាក់ថា ប្រវត្តិសាស្ដ្រពិតនៃការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាត្រូវបានប្រវត្តិវិទូក្នុងពិភពលោកកត់ត្រាទុក ដែលមិនអាចឱ្យលោក ហ៊ុន សែន បំភ្លៃបានឡើយ។
ឥឡូវហ្នឹង គាត់ខិតខំប្រឹងប្រែង ដើម្បីកាឡៃប្រវត្តិសាស្ដ្រពិតរបស់កម្ពុជា ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នហ្នឹង។ គាត់មិនមែនត្រឹមនិយាយប៉ុណ្ណឹងទេ គាត់ចំណាយលុយឱ្យគេថតកុន ធ្វើកុនរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ព្រោះគាត់ដឹងថា អ្នកដឹងប្រវត្តិសាស្រ្ដពិតចាស់ៗហ្នឹង ស្លាប់អស់។ អ៊ីចឹង គាត់ខិតខំដើម្បីកាឡៃប្រវត្តិសាស្រ្ដពិត។— លោក អេង ឆៃអ៊ាង
កាលពីឆ្នាំ២០១៩ អតីតកម្មាភិបាលជាន់ខ្ពស់របបខ្មែរក្រហមលោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មទាំងកំហឹងលើអតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី(Singapore) លោក លី ស៊ានឡុង (Lee Hsien Loong) ដែលបានរំឭកថា ការអន្តរាគមន៍របស់កងទ័ពវៀតណាម ដើម្បីផ្ដួលរំលំរបប ប៉ុល ពត ជាការឈ្លានពានលើប្រទេសកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់។
លោក ហ៊ុន សែន បានចោទអតីតមេដឹកនាំប្រទេសសឹង្ហបុរី រូបនេះថា អាចមានបាតដៃប្រឡាក់ឈាមក្នុងការរួមចំណែកសម្លាប់ប្រជាជនកម្ពុជា។ ប៉ុន្តែការចោទប្រកាន់របស់លោក ហ៊ុន សែន ត្រូវបានក្រសួងការបរទេសសឹង្ហបុរី ឆ្លើយតបថា ការលើកឡើងរបស់មេដឹកនាំខ្លួនគឺសំដៅលើអំណះអំណាងដែលមានជាយូរមកហើយ។
ជុំវិញបញ្ហានេះ អ្នកសិក្សាកិច្ចការសង្គមនិងនយោបាយលោក ប៉ោ មករា បានលើកឡើងថា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាច្រើនប្រទេស រួមទាំងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានបានមើលឃើញថា ការលុកលុយរបស់វៀតណាមជាការឈ្លានពានកម្ពុជា ដូច្នេះហើយទើបបណ្ដាប្រទេសទាំងនោះ រួមគ្នាជំរុញឱ្យប្រទេសវៀតណាមត្រូវតែដកកងទ័ពចេញពីប្រទេសកម្ពុជា។
បើយោងទៅតាមកិច្ចព្រមព្រៀងក្រុងប៉ារីស មានន័យថា សហគមន៍អន្តរជាតិ ដូចជាបណ្ដាប្រទេសហត្ថលេខីទាំងអស់ ទាំងកុម្មុយនិស្ដ ទាំងសេរី សុទ្ធសឹងតែមើលឃើញថា ការដែលទ័ពវៀតណាមចូលមកកម្ពុជា គឺជាការឈ្លានពាន។ ដូច្នេះ ប្រទេសជាម្ចាស់លេខីហ្នឹង មានកាតព្វកិច្ច ក្នុងការឱ្យវៀតណាមដកកងទ័ពចេញពីប្រទេសកម្ពុជា។— លោក ប៉ោ មករា
ពលរដ្ឋតែងរិះគន់លោក ហ៊ុន សែន នៅពេលលោកចេញប្រកាសឱ្យកម្ពុជាត្រូវដឹងគុណវៀតណាមទាំងវៀតណាមបានឈ្លានពានដណ្ដើមយកទឹកដីកម្ពុជាក្រោម។ ផ្ទុយទៅវិញលោក ហ៊ុន សែន កម្រប្រកាសជំរុញឱ្យពលរដ្ឋវៀតណាម ឬរដ្ឋាភិបាលវៀតណាមត្រូវដឹងគុណឬធ្វើស្ដូបរំឭកគុណកម្ពុជានោះទេ បើទោះបីជា កម្ពុជាបានជួយវៀតណាមធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិកនិងបានជួយឱ្យមានការបង្រួបបង្រួមជាតិវៀតណាមក្ដី៕
សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។