កម្ពុជា
18/05/2025 – 12:08
ដោយ៖ ហ៊ុល រស្មី
RFI
មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) របស់សហរដ្ឋអាមេរិក តាមរយៈគម្រោងគំនិតផ្តួចផ្តើមតម្លាភាពសន្តិសុខសមុទ្រ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយដែលបន្តអះអាងថា ចិននៅមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។ តែនៅមិនទាន់មានប្រតិកម្មពីកងទ័ពជើងទឹករបស់កម្ពុជានៅឡើយ។
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្ររបស់អាមេរិកថាចិនកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានរាម
តាមរបាយការណ៍មួយចេញផ្សាយនៅដើមខែឧសភាឆ្នាំ២០២៥នេះ គម្រោងគំនិតផ្តួចផ្តើមតម្លាភាពសន្តិសុខសមុទ្រនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅអាមេរិក បានធ្វើបច្ចុប្បន្នភាពនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដោយបានអះអាងថា ចិនមានលទ្ធភាពប្រើប្រាស់ផ្តាច់មុខកន្លែងខ្លះរបស់មូលដ្ឋានសមុទ្រមួយនេះ រួមទាំងកំពង់ផែដ៏ធំបំផុត បន្ទាប់ពីការបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ហើយចាប់ផ្តើមទទួលការធ្វើទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុន និងវៀតណាមជាបន្តបន្ទាប់។
របាយការណ៍ដដែលបានបង្ហាញទៀតថា រូបភាពទើបថតបានថ្មីៗនៃការវិវឌ្ឍន៍នៅឯទីតាំងការពារអាកាសដែលនៅក្បែរមូលដ្ឋាននោះ ក៏បានត្រឹមតែចោទជាសំណួរអំពីវិសាលភាពពិតប្រាកដនៃវត្តមានទ័ពរបស់ទីក្រុងប៉េកាំងនៅតំបន់នោះ។ តែឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជាមិនទាន់ផ្តល់ការឆ្លើយតបទៅនឹងការរកឃើញរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្ររបស់អាមេរិកនោះទេ ដោយលោកថា ត្រូវសុំយោបល់ពីថ្នាក់លើជាមុនសិន។
ប្រធានស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាលោក វណ្ណ ប៊ុនណា យល់ឃើញថា កម្ពុជាអាចបើកឲ្យមានការពិនិត្យរួមគ្នាជាមួយភាគីអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ លើចំណុចស្រពេចស្រពិលនៃការប្រើប្រាស់ទីកន្លែងខ្លះដោយភាគីចិន នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដូចជាតំបន់កំពង់ផែក្នុងមូលដ្ឋាននេះ និងទីតាំងផ្សេងទៀត ដែលមិនរំខានដល់ការរក្សាបាននូវសន្តិសុខពេញលេញ ឬប៉ះពាល់ការសម្ងាត់យោធារបស់កម្ពុជា។
គួររម្លឹកថា បន្ទាប់ពីការបើកសម្ពោធមូលដ្ឋានទ័ពសមុទ្ររាម ជាផ្លូវការកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ មូលដ្ឋាននេះ បានចាប់ផ្តើមទទួលនាវាកងទ័ពជើងទឹកពីបណ្តាប្រទេសមួយចំនួននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងនោះគឺមាន នាវាចម្បាំងរបស់រុស្ស៊ី នាវាទ័ពជើងទឹកវៀតណាម និងនាវាកងស្វ័យការពារជាតិជប៉ុន។ ចុងក្រោយនេះ នាវាចម្បាំងខ្នាតយក្សរបស់ចិនឈ្មោះ Changbaishan ក៏បានចូលចតនៅកំពង់ផែរាម ដើម្បីចូលរួមលំហាត់សឹកនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥។

សូមជម្រាបផងដែរថា កាលពីឆ្នាំ ២០២២ រដ្ឋាភិបាលចិនបានសម្រេចជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។ នៅក្នុងប្រតិបត្តិការធ្វើទំនើបកម្មកាលណោះ មានអគារជាច្រើនដែលជាមូលនិធិរបស់អាមេរិកត្រូវបានកម្ទេចចោលដើម្បីជំនួសឲ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលជាជំនួយរបស់ប្រទេសចិន។ បន្ទាប់ពីបានចំណាយពេលជួសជុលរយ:ពេល ៤ឆ្នាំ មូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានសម្ពោធនៅថ្ងៃទី៥ មេសា ហើយកងទ័ពកម្ពុជា និងចិនក៏បានបើកសមយុទ្ធរួមគ្នាភ្លាមៗដែរ៕