កាសែតថៃ ថាកម្ពុជាមិនគោរពកិច្ចព្រមព្រៀងស្តីពីព្រំដែនដែលបានជជែកគ្នាក្នុងកិច្ចប្រជុំ GBC

កម្ពុជា
19/05/2025 – 12:51
ដោយ៖ ហ៊ុល រស្មី
RFI

កាសែតថៃ The Nation បានឲ្យដឹងកាលពីថ្ងៃទី១៧ ខែឧសភាថា កងទ័ពកម្ពុជាបានបន្តឈរជើងនៅទីតាំងដូចដើមត្រង់ចំណុច ៣សំខាន់ៗ គឺតំបន់ប្រាតាមាន់ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យសម្រាប់ភាគីកម្ពុជា និងខេត្តសុរិន្ទ សម្រាប់ភាគីថៃ ហើយនៅចំណុចពីរផ្សេងទៀតដែលជាប់នឹងខេត្តអ៊ូប៊ុនរាចឆាឋានីរបស់ភាគីថៃ។ អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ ផល្លា មិនឆ្លើយតបនឹងព័ត៌មានចុះផ្សាយដោយកាសែតថៃទេ តែថា ជាធម្មតា កងទ័ពកម្ពុជាតែងតែពង្រឹងកិច្ចការពារព្រំដែនរបស់ខ្លួន។

កាសែតថៃ ថាកម្ពុជាមិនគោរពកិច្ចព្រមព្រៀងស្តីពីព្រំដែនដែលបានជជែកគ្នាក្នុងកិច្ចប្រជុំ GBC


តាមការចុះផ្សាយរបស់កាសែត The Nation ក្រោយកិច្ចប្រជុំដែលរៀបចំឡើងក្នុងទីក្រុងបាងកកកាលពីថ្ងៃទី១ ឧសភា ភាគីទាំងពីរកម្ពុជា និងថៃនៅតែរក្សាការប្រុងប្រយ័ត្នរវាងគ្នាជានិច្ច ពោលភាពតានតឹងនៅកើតមាន ហើយកងទ័ពទាំងសងខាងបន្តមានសកម្មភាពមួយចំនួន ដូចជាខាងតាក់តិក និងឥរិយាបថការពារខ្លួននៅត្រង់ចំណុចដែលធ្លាប់មានការប្រទាញប្រទង់គ្នាកន្លងមក។ The Nation បានឲ្យដឹងទៀតថា ទោះបីជាមានស្មារតីនៃការបន្ធូរបន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សា GBC ក៏ដោយ ក៏កងកម្លាំងកម្ពុជានៅតែបន្តកាន់កាប់ទីតាំងរបស់ពួកគេដដែលនៅតាមចំណុចក្តៅសំខាន់ៗតាមព្រំដែនចំនួន៣ គឺនៅតំបន់ប្រាសាទតាមាន់ និងនៅកន្លែងប្រទាញប្រទង់គ្នាក្នុងចំណុច ចុងបូក ចុងអាន់ម៉ាដែលថៃថាស្ថិតនៅខេត្តអ៊ូប៊ុនរាចឆាឋានីរបស់ខ្លួន។

ព័ត៌មានចុះផ្សាយដោយកាសែត The Nation ដដែលបញ្ជាក់ថា កម្ពុជាមិនបានដកទ័ពចេញ ឬមិនដកចេញសម្ភារៈយោធាដែលបានដាក់បន្ថែមក្នុងពេលមានការប្រឈមមុខដាក់គ្នានាពេលថ្មីៗកន្លងទៅ។ ការណ៍នេះនាំឲ្យកងទ័ពថៃបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយរក្សាទីតាំងការពារជុំវិញប្រាសាទតាមាន់ ចុងបូក ចុងអាន់ម៉ា និងតំបន់ព្រំដែនដ៏រសើបផ្សេងទៀត តែចៀសវាងមិនឲ្យមានសកម្មភាពណាមួយដែលអាចបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងកងទ័ពទាំងពីរ។

ការចុះផ្សាយរបស់កាសែត The Nation បានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ដែលថា កម្ពុជា និងថៃបានព្រមពៀងដកទ័ពចេញពីតំបន់ប្រាសាទតាមាន់។ តែកម្ពុជាបានច្រានចោលសេចក្តីរាយការណ៍នេះដោយអះអាងថា កម្ពុជា និងថៃនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ដោយភាគីម្ខាងៗរក្សាកងទ័ពឈរជើងចំនួន៥នាក់។

អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ ផល្លា ថ្លែងថា លោកមិនមានការឆ្លើយតបនឹងអ្វីដែលកាសែតថៃបានចុះផ្សាយទេ និងថា ជាធម្មតាដែលកងទ័ពកម្ពុជាតែងតែពង្រឹងកិច្ចការពារព្រំដែនដែលគិតមកដល់ពេលនេះ គឺគ្មានការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃទេ ខណៈដែលទាហានកម្ពុជាបន្តឈរជើងនៅទីតាំងដែលខ្លួនធ្លាប់ឈរជើង។

ទាហានខ្មែរ និងថៃ ឈរជើងនៅប្រាសាទតាមាន់។
ទាហានខ្មែរ និងថៃ ឈរជើងនៅប្រាសាទតាមាន់។ © ឈា​ ប៊ុណ្ណារិទ្ធ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអ៊ុំ សំអានដែលជាអ្នកតាមដានបញ្ហាព្រំដែនកម្ពុជាប្រាប់វិទ្យុបារាំង RFI នៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា បើតាមសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៧ និងផែនទីដែលធ្វើនៅឆ្នាំ ១៩០៨ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ឋិសញ្ញាបារាំង សៀម ១៩០៧ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីស្ថិតក្នុងទឹកដីកម្ពុជា។ ដូច្នេះសម្រាប់លោក អ៊ុំ សំអាន អ្នកដែលត្រូវដកទ័ពចេញពីតំបន់ប្រាសាទតាមាន់ គឺភាគីថៃ ហើយកម្ពុជាគួរប្តឹងទៅតុលាការអន្តរជាតិទើបខ្លួន មានលទ្ធភាពអាចយកប្រៀបលើប្រទេសថៃតាមផ្លូវច្បាប់ក្នុងការបញ្ចប់ទំនាស់ព្រំដែននេះ៕

What Next?

Recent Articles