កម្ពុជា
កម្ពុជា-នយោបាយ
20/05/2025 – 10:29
ដោយ៖ អោ ស្រីពេជ្រ
RFI
របាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកធំឡើង និងកំពុងក្លាយជាកង្វល់ចំពោះសន្តិសុខពិភពលោក។ តាមរបាយការណ៍ ការរីកធំឡើងៗនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនខ្មៅងងឹតនៅកម្ពុជាបែបនេះកើតឡើងដោយសារអ្នកមានឥទ្ធិពលមិនខ្លាចច្បាប់ និងការប្រព្រឹត្តិអំពើពុករលួយក្នុងប្រព័ន្ធដឹកនាំរដ្ឋបែបឯកបក្ស និងបែបគ្រួសារនិយម។
របាយការណ៍៖ អំពើពុករលួយក្នុងប្រព័ន្ធរដ្ឋជំរុញបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកមាឌ
យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ដែលទើបចេញផ្សាយនៅថ្ងៃទី១៩ឧសភា ប្រទេសកម្ពុជាគឺជាចំណុចស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មអនឡាញ។ តាមរបាយការណ៍ កម្ពុជាមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង ១ឆ្នាំប្រមាណពី ១២.៥ ទៅ ១៩ពាន់លានដុល្លារ ដែលស្មើនឹង ៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា។
ដោយមានជំនួយរបស់រដ្ឋបាលអាមេរិក និងមានកម្រាស់ជាង ៧០ទំព័រ របាយការណ៍ថ្មីនេះបានសរសេរលាតត្រដាងថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកធំឡើងដោយសារអំពើពុករលួយស៊ីរូងក្នុងប្រព័ន្ធដឹកនាំរដ្ឋបែបឯកបក្ស និងគ្រួសារនិយមដែលបានបើកផ្លូវឲ្យក្រុមទុច្ចរិត ជាអ្នកមានអំណាចអាចដើររំលងច្បាប់។ របាយការណ៍ដដែលបានចង្អុលចំៗថា គឺគណបក្សប្រជាជនកម្ពុជាជាអ្នកសម្របសម្រួលឲ្យអ្នកមានអំណាចចូលដៃឃុបឃិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស និងថា គណបក្សប្រជាជនកម្ពុជាទទួលបានផលលាភជាច្រើនពីការពាំងផ្លូវឲ្យអ្នកមានអំណាចទាំងនោះធ្វើការងារនេះដើម្បីយកទៅបម្រើការងារគណបក្ស។
តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២០ ឧសភា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធ ច្រានចោលរបាយការណ៍នៃការសិក្សាស្រាវជ្រាវរបស់ Humanity Research Consultancy (HRC) នេះ និងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងអនុវត្តគោលនយោបាយច្បាប់ និងឈរលើគោលការណ៍តម្លាភាព។ តាមលោក សុខ ឥសាន ជនណាក៏ដោយ មិនថាអ្នកមានអំណាច ឬមានខ្សែស្រឡាយធំ ឲ្យតែមិនគោរពច្បាប់ គណបក្សប្រជាជនមិនដែលលើកលែងឲ្យនោះទេ។
តាម Humanity Research Consultancy (HRC) ឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាចាប់រីកមាឌក្នុងអំឡុងពេលផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ និងមុនការបោះឆ្នោតឆ្នាំ ២០២០ ក្រោមរូបភាពការវិនិយោគចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ តែការពិតជាក់ស្តែង និងបើតាម Humanity Research Consultancy (HRC) ដដែល ការវិនិយោគភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនចិនដែលជារឿយៗត្រូវបានរាយការណ៍ថាមានជាប់ទាក់ទងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការលាងលុយកខ្វក់ ល្បែងអនឡាញ ការជួយដួរមនុស្សឆ្លងដែន ឬការបោកប្រាស់អនឡាញជាដើម។

របាយការណ៍នៃការសិក្សាស្រាវជ្រាវដដែលនេះបានកំណត់អត្តសញ្ញាណបុគ្គលដែលសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ។ ក្នុងចំណោមបុគ្គលទាំង ២៨នាក់ដែលរងទណ្ឌកម្មពីអន្តរជាតិមានដូចជាលោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា លីយ៉ុង ផាត់ជាដើម។ ក្រៅពីទាញសញ្ញាអាសន្ន របាយការណ៍ថ្មីរបស់ Humanity Research Consultancy (HRC) ក៏បានដាក់ចេញអនុសាសន៍មួយចំនួនសម្រាប់រដ្ឋាភិបាល ក្នុងការគៀងគរបង្កើតការចូលរួមពីសហគមន៍អន្តរជាតិដើម្បីរៀបចំយុទ្ធសាស្ត្រសម្របសម្រួល និងបង្កើតគោលការណ៍ សកម្មភាពដោះស្រាយឱឲ្យបានច្បាស់ ពិសេសទប់ស្កាត់ចរន្តលាងលុយកខ្វក់នៅកម្ពុជា៕