កម្មកររោងចក្រ Color Star បន្តការតវ៉ាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកន្លែងធ្វើការថ្មី

កម្ពុជា
20/05/2025 – 11:44
ដោយ៖ ហ៊ុល រស្មី
RFI

កម្មករជាច្រើនរយនាក់នៅរោងចក្រ Color Star ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃអង្គារ ទី២០ ឧសភានេះ និងឈានដល់ការបិទកំណាត់ផ្លូវមួយកន្លែងក្នុងតំបន់ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ដោយសារការផ្លាស់ប្តូរទីតាំងរោងចក្រពីភ្នំពេញទៅទីតាំងថ្មីនៅស្រុកបាទីខេត្តតាកែវ។ ការតវ៉ាជាថ្មីនេះដោយពួកគេបារម្ភពីការបាត់បង់អត្ថប្រយោជន៍មួយចំនួនចំពោះការប្តូរទីតាំងរោងចក្រនេះ។

កម្មកររោងចក្រ Color Star បន្តការតវ៉ាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកន្លែងធ្វើការថ្មី


ក្រោយពីបានបិទផ្លូវមួយរយៈពេលខ្លីនៅព្រឹកថ្ងៃអង្គារ ទី២០ ឧសភានេះ កម្មកររោងចក្រ Color Star ក៏បានសម្រេចបើកផ្លូវឲ្យចរាចរណ៍ឡើងវិញ និងបានបន្តជួបពិភាក្សាជាមួយមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមមន្ត្រីក្រសួងការងារ ការតវ៉ាជាថ្មីនេះដោយសារតែកម្មករបារម្ភពីការបាត់បង់អត្ថប្រយោជន៍មួយចំនួន ប្រសិនបើពួកគេមិនចង់ទៅធ្វើការនៅទីតាំងថ្មីដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីតាំងចាស់ដែលស្ថិតក្នុងតំបន់ផ្សារពែ្រកជ្រៃ ខណ្ឌដង្កោ។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ថ្លែងថា អំឡុងពេលមានការតវ៉ារបស់កម្មករ ២ថ្ងៃកន្លងទៅនេះ ភាគីរោងចក្របានសម្រេចផ្តល់ជូនកម្មករចំនួនពីរចំណុច ទី១ រោងចក្រនៅបន្តទទួលកម្មករដែលព្រមទៅធ្វើការនៅទីតាំងថ្មីដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ និងទី២ ភាគីរោងចក្របានព្រមព្រៀងគិតគូរអត្ថប្រយោជន៍ជូនកម្មករដែលមិនចង់ប្តូរទៅទីតាំងថ្មី។

ទោះយ៉ាងណា លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា កម្មករមិនទាន់បញ្ឈប់ការតវ៉ាទេ ព្រោះពួកគេមិនពេញចិត្តនឹងលទ្ធផលដែលបានចរចាជាមួយភាគីរោងចក្រកាលពីថ្ងៃចន្ទ ទី១៩ ឧសភាពាក់ព័ន្ធនឹងការទូទាត់សំណងជំងឺចិត្តក្នុងករណីដែលក្រុមហ៊ុនប្រកាសបិទផ្នែកណាមួយនៃដំណើរការផលិតកម្មរបស់ខ្លួននៅពេលទៅដល់ទីតាំងថ្មី។ តាមលោក ឃុន ថារ៉ូ ក្រសួងការងារគួរបើកការស៊ើបអង្កេតលើដំណើរការប្តូររោងចក្រទៅទីតាំងថ្មីនេះដើម្បីបញ្ជាក់ថា រោងចក្រពិតជាមានឧបសគ្គក្នុងការជួលដីដើម្បីបន្តប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅទីតាំងបច្ចុបប្បន្ន ឬយ៉ាងណា។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក្រសួងមិនទទួលបានការជូនដំណឹងជាមុនពីភាគីរោងចក្រចំពោះការផ្លាស់ប្តូរទៅទីតាំងថ្មីទេ តែរោងចក្របានជូនដំណឹងដោយផ្ទាល់ក្នុងបរិវេណរោងចក្រអំពីការរើផលិតកម្មរោងចក្រទៅទីតាំងថ្មីតាំងពីថ្ងៃទី១៦ ឧសភា ដោយអះអាងថា ទីតាំងថ្មីមានបំពាក់គ្រឿងឧបរកណ៍ទំនើប និងមានអគារល្អជាងមុន ហើយបរិយាកាសនៃការធ្វើការងារក៏កាន់តែប្រសើរសម្រាប់កម្មករដែរ។ គួររម្លឹកថា មានកម្មករប្រមាណ ៥០០នាក់នៅរោងចក្រ Color Star បានចេញតវ៉ាកាលពីថ្ងៃទី១៩ ឧសភា ពោលជិតមួយសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Color Star (Cambodia) Products Co., LtD ពីការប្តូរទីតាំងក្រោមហេតុផលថា ម្ចាស់ដីនៅទីតាំងចាស់លែងបន្តកិច្ចសន្យា។

កម្មករតវ៉ានៅរោងចក្រ Color Star ក្នុងតំបន់ព្រែកជ្រៃ ខណ្ឌដង្កោ។
កម្មករតវ៉ានៅរោងចក្រ Color Star ក្នុងតំបន់ព្រែកជ្រៃ ខណ្ឌដង្កោ។ © CENTRAL

តាមក្រុមហ៊ុន ការងារនៅទីតាំងចាស់នឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែកញ្ញាខាងមុខ ខណៈទីតាំងថ្មីនឹងចាប់ដំណើរការនៅថ្ងៃទី២៦ ខែឧសភានេះ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ពីការផ្តល់អត្ថប្រយោជន៍មួយចំនួនជូនកម្មករ។ តែមកទល់ពេលនេះ កម្មករមិនព្រមទទួលយកដោយយល់ថា អត្ថប្រយោជន៍នោះនៅមិនទាន់សមរម្យសម្រាប់ពួកគេ។ ដោយឡែក ក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២០ខែឧសភានេះថា ក្រុមហ៊ុនបានឯកភាពទូទាត់៤ចំណុចជូនកម្មករ ដូចជា ប្រាក់ឈ្នួលមិនទាន់បើក និងប្រាក់បំណាច់អតីតភាពការងារជាដើម ហើយក្រសួងបានស្នើឲ្យកម្មករជឿជាក់​ និងរង់ចាំការដោះស្រាយរបស់ក្រសួង ដោយចៀសវាងជ្រើសរើសយកការបិទផ្លូវ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕

What Next?

Recent Articles