កម្ពុជា
20/05/2025 – 13:42
ដោយ៖ ហ៊ុល រស្មី
RFI
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហការរវាងបណ្តាប្រទេសនានាគួរមានគោលដៅគាំទ្រសន្តិភាព និងសិ្ថរភាពនៅក្នុងតំបន់ និងនៅលើសកលលោកដោយស្របតាមច្បាប់អន្តរជាតិ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមយ៉ាងដូចនេះធ្វើឡើងស្របពេលដែលទ័ពកម្ពុជា និងចិនចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស» ២០២៥ ក្នុងបុព្វហេតុប្រឆាំងអំពើភេរវកម្ម និងគាំទ្រដល់កិច្ចការមនុស្សធម៌។ អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយយល់ថា ប្រតិកម្មរបស់វៀតណាមបានបង្ហាញពីក្តីបារម្ភមួយផ្នែក ក្រោមហេតុផលថា សមយុទ្ធកម្ពុជា និងចិនលើកនេះមានទ្រង់ទ្រាយធំជាងពេលមុន ខណៈវៀតណាមកំពុងបន្តមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។
វៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់
តាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ការថ្លែងរបស់លោកស្រីហ្វាម ធូហាង (Pham Thu Hang) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គឺជាការឆ្លើយតបនឹងសំណួរជាច្រើនស្តីពីលំហាត់សឹករួមគ្នារវាងចិន និងកម្ពុជាដែលបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា។ «យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគួរតែរួមចំណែកយ៉ាងសកម្មដល់សនិ្តភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅលើសកលលោកស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ» នេះជាការថ្លែងរបស់លោកស្រីហ្វាម ធូហាង។
គួររម្លឹកជូនថា ទ័ពកម្ពុជា និងចិនបានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស» ២០២៥ ក្នុងបុព្វហេតុប្រឆាំងអំពើភេរវកម្ម និងគាំទ្រដល់កិច្ចការមនុស្សធម៌។ លំហាត់សឹកនេះត្រូវបានចែកចេញជា២ផ្នែក ទី១ គឺសមយុទ្ធលើគោក និងលើអាកាស និងទី២ គឺសមយុទ្ធលើសមុទ្រ និងលើអាកាសដោយមានកម្លាំងទ័ពកម្ពុជា និងចិនចូលរួមសរុបជាង ២ពាន់នាក់ ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផងដែរ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាមិនផ្តល់ការអត្ថាធិប្បាយលើការលើកឡើងរបស់ភាគីវៀតណាម និងបានអះអាងថា ក្រសួងការពារជាតិកម្ពុជាបានផ្តល់ការពន្យល់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនរួចហើយអំពីវត្ថុបំណងនៃការធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស» ២០២៥ រវាងកម្ពុជា និងចិន។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិបានវាយតម្លៃថា ប្រតិកម្មរបស់វៀតណាមពេលនេះ គឺស្មើនឹងក្តីបារម្ភមួយ ដោយសារតែទំហំនៃលំហាត់សឹកលើកទី៧នេះមានទ្រង់ទ្រាយកាន់តែធំជាងមុន ស្របពេលដែលវៀតណាមកំពុងបន្តមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។ ម្យ៉ាងទៀត និងបើតាមលោក សេង វណ្ណលី វៀតណាមក៏បារម្ភនៅពេលដែលមានស្ថាប័នស្រាវជ្រាវនានារបស់អាមេរិកបន្តលាតត្រដាងថា កម្ពុជាបានបើកដៃឲ្យកងទ័ពចិនកាន់កាប់ផ្នែកខ្លះនៅមូលដ្ឋានទ័ពជើងទឹករាម៕