កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
23/05/2025 – 09:22
ដោយ៖ អោ ស្រីពេជ្រ
RFI
បន្ទាប់ពីរងបណ្តឹងចំនួន ១៥សំណុំរឿងផ្សេងៗគ្នា លោក អ៊ុក ម៉ៅ ត្រូវបានក្រសួងព័ត៌មានចេញអះអាងថា មិនមែនជាអ្នកកាសែតស្របច្បាប់ឡើយ។ មិនមែនជាអ្នកកាសែតស្របច្បាប់ ព្រោះបើតាមក្រសួងព័ត៌មាន សកម្មភាពរបស់លោក អ៊ុក ម៉ៅ កន្លងមកបានប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់។
ក្រសួងព័ត៌មានថា លោក អ៊ុក ម៉ៅ បានប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២ ឧសភា ក្រសួងព័ត៌មានបានបញ្ជាក់ថា លោក អ៊ុក ម៉ៅ បានបម្រើការងារនៅអង្គភាព ឥន្ទ្រីផ្លើសញូស៍ ដោយគ្មានបណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន និងថា លោក អ៊ុក ម៉ៅ មិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណអំឡុងពេលដែលលោកនៅជាប់បណ្តឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការនោះឡើយ។ ក្រសួងព័ត៌មានបានចាត់ទុកសកម្មភាពរបស់លោក អ៊ុក ម៉ៅ នាពេលកន្លងមកថាជាសកម្មភាពប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជាការរំលោភច្បាប់។ តាមព័ត៌មានដែលក្រសួងព័ត៌មានប្រមូលបាន លោក អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មានដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេងដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
ដូច្នេះសម្រាប់ក្រសួងព័ត៌មាន រាល់បទល្មើសដែលលោក អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងបុគ្គល និងមិនជាប់ពាក់ព័ន្ធនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានទេ។ តែលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬខាមបូចារ យល់ថា ទោះគ្មានបណ្ណសារព័ត៌មានពីក្រសួងព័ត៌មានក៏លោក អ៊ុក ម៉ៅនៅតែអាចចុះយកព័ត៌មានបានដោយគ្មានការរារាំងដែរ ព្រោះវាជាសិទ្ធិដែលមានចែងក្នុងច្បាប់។ ដូច្នេះសម្រាប់លោក ណុប វី ការរាយការណ៍ស្តីពីបរិស្ថានរបស់លោក អ៊ុក ម៉ៅ គឺជារឿងចាំបាច់សម្រាប់កម្ពុជា។
សូមជម្រាបថា ប្រតិកម្មរបស់ក្រសួងព័ត៌មានដូចនេះធ្លាក់មក បន្ទាប់ពីមានអង្គការសង្គមស៊ីវិល សមាគមនសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សចំនួន ១៤ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២១ ឧសភាដោយស្នើឱ្យអាជ្ញាធរដោះលែងលោក អ៊ុក ម៉ៅ។ ក្រុមអង្គការសង្គមស៊ីវិលទាំងជាង ១០ស្ថាប័នបានចាត់ទុកការចាប់ខ្លួនលោក អ៊ុក ម៉ៅថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មានដែលធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អលើឆាកអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមដដែលបានអះអាងថា លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួន ក្រោយរងការបំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤។

គួររម្លឹកថា សមត្ថកិច្ចខេត្តស្ទឹងត្រែងបានចូលចាប់ខ្លួនលោក អ៊ុក ម៉ៅ នៅក្នុងផ្ទះរបស់លោក និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារភ្លាមៗកាលពីថ្ងៃទី១៦ ខែឧសភា។ តុលាការបានចោទលោក អ៊ុក ម៉ៅ ពីបទញុះញង់ និងបទបរិហារកេរ្តិ៍ដែលលោកត្រូវប្រឈមជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត។ លោក អ៊ុក ម៉ៅ ដែលគេស្គាល់ជាអ្នកសារព័ត៌មានបរិស្ថាន ឬសកម្មជនការពារព្រៃឈើកំពុងជាប់ក្នុងបណ្ដឹងចំនួន ១៥ករណីនៅតុលាការខេត្តស្ទឹងត្រែងដែលដើមបណ្ដឹងជាមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធ៕