សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយថៃដើម្បីចាប់ម្ចាស់ផេក «ស្តី្រ Overseas» បញ្ចូនឲ្យកម្ពុជា

កម្ពុជា
23/05/2025 – 12:14
ដោយ៖ សាំ ឧត្តម
RFI

អគ្គស្នងការនគរបាលជាតិបាន និងកំពុងសុំកិច្ចសហការជាមួយអាជ្ញាធរថៃដើម្បីតាមចាប់ និងបញ្ចូនម្ចាស់ផេក«ស្តី្រ Overseas ឈ្មោះ ជូ ឈីន» មកកម្ពុជាដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយស្ត្រីរូបនេះផ្សាយព័ត៌មានមិនពិតជុំវិញការចរាចរពន្ធពាណិជ្ជកម្មជុំទី១ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ម្ចាស់ផេក «ស្ត្រី Overseas» ជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពឃុបឃិតជាមួយបក្សប្រឆាំងដើម្បីវាយប្រហាររដ្ឋាភិបាល។ 

សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយថៃដើម្បីចាប់ម្ចាស់ផេក «ស្តី្រ Overseas» បញ្ចូនឲ្យកម្ពុជា


តាមរយៈសេចក្តីប្រកាសព័ត៌មានជាសាធារណៈមួយ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានចេញមកច្រានចោលការបង្ហោះវីដេអូរបស់ម្ចាស់ផេក «ស្ត្រី Overseas» ពាក់ព័ន្ធនឹងកិច្ចសម្ភាសជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្តីពីការចរចាពាណិជ្ជកម្មជាមួយអាមេរិក។ លោក ឆាយ គឹមឃឿន បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា សារសំឡេងនោះជាការកាត់រូបភាពវីដេអូរបស់លោកស្រី ចម និម្មល ដោយបញ្ចូលសំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាវិទ្ធង្សនា ញុះញង់ លាបពណ៌ និងបំភ្លៃការពិតក្នុងចេតនាចង់ឱ្យពលរដ្ឋភាន់ច្រឡំលើរដ្ឋាភិបាល។

ក្រៅពីការបដិសេធមិនទទួលស្គាល់ អ្នកនាំពាក្យរូបនេះដដែលក៏បានបញ្ជាក់ដែរថា អគ្គស្នងការនគរបាលជាតិកំពុងកសាងសំណុំរឿងតាមនីតិវិធី និងសហការជាមួយសមត្ថកិច្ចថៃដើម្បីតាមចាប់ខ្លួន និងបញ្ចូនស្ត្រីម្ចាស់ផេក «ស្ត្រី Overseas» ដែលមានឈ្មោះថា ជូ ឈីន មកកម្ពុជាដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្ន ម្ចាស់ផេក «ស្ត្រី Overseas» កំពុងរស់នៅក្នុងប្រទេសថៃ ក្រោយតុលាការបានចេញដីកាចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់តាមរយៈសកម្មភាពឃុបឃិតជាមួយអ្នកនយោបាយនៅក្រៅប្រទេសដើម្បីវាយប្រហាររដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

រូបតំណាង
រូបតំណាង © Internet

អ្វីជាការកត់សម្គាល់ ក្រោយសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ គេហទំព័រហ្វេសប៊ុក «ស្ត្រី Overseas» បានបាត់ចេញពីហ្វេសប៊ុក ហើយវីដេអូដែលបង្ហោះក៏ត្រូវបានលុបចោលដែរ។ ចំណែកគេហទំព័រហ្វេសប៊ុកពាក់ព័ន្ធផ្សេងៗទៀតដូចជា ឈ្មោះ ម៉ៅបង ស្ទឹងសម្ងាត់ Chhin Chou ក៏គេពុំឃើញមានវីដេអូនោះដូចគ្នា៕

What Next?

Recent Articles